ទីក្រុងវូហានកំពុងប្រញាប់ប្រញាល់សង់មន្ទីរពេទ្យថ្មីមួយមាន១.០០០គ្រែ អោយហើយនៅសប្តាហ៍ក្រោយដើម្បីទទួលអ្នកឆ្លងវីរុសជម្ងឺរលាកសួតថ្មីៗ នៅពេលចំនួនអ្នកឆ្លងបានហក់ឡើងយ៉ាងគំហុក។

បុគ្គលិកពេទ្យនៅមន្ទីរពេទ្យធំនៅក្រុងវូហាន
រដ្ឋាភិបាលចិនបាននិយាយកាលពីថ្ងៃសុក្រទី២៤មករាថា កូរ៉ូណាវីរុស ដែលស្រដៀងគ្នានឹងវីរុសសានេះឥឡូវបានសម្លាប់មនុស្ស២៥នាក់និងចម្លងមនុស្សជាង៨០០នាក់នៅចិន។
កាសែតចិនChangjiang Dailyបានរាយការណ៍កាលពីថ្ងៃសុក្រថា មន្ទីរពេទ្យថ្មីនេះត្រូវសាងសង់ជុំវិញកន្លែងសម្រាកលំហែកាយមួយនៅជាយក្រុង និងអាចដាក់បាន១.០០០គ្រែ។គ្រឿងចក្រសំណង់បានទៅដល់ការដ្ឋានតាំងពីយប់ថ្ងៃព្រហស្បតិ៍ ដើម្បីសង់បង្កើតជាមន្ទីរពេទ្យបម្រុងមួយនៅត្រឹមថ្ងៃចន្ទ។
កាសែតបានបន្ថែមថា ការសង់ប្រញាប់ប្រញាល់នេះ ដើម្បីដោះស្រាយការខ្វះខាតកន្លែងដាក់អ្នកជម្ងឺ។
សូមបញ្ជាក់ថា កាលពីចិនជួបវិបត្តិជម្ងឺសា ចិនបានប្រើកម្មករ៧.០០០នាក់សង់មន្ទីរពេទ្យ Xiaotangshan Hospital នៅជាយក្រុងប៉េកាំងដោយប្រើពេលតែមួយសប្តាហ៍៕ប្រែសម្រួល៖វាសនា