ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា៖គិតមកដល់ថ្ងៃទី២៤មករា២០២០នេះនៅក្នុងរាជធានីភ្នំពេញមានភ្លើងស្តុបនៅរាជធានីភ្នំពេញចំនួន១៦៨ទីតាំង។ខណៈដែលភ្លើងស្តុបថ្មីនៅមហាវិថីមិត្តភាពភ្នំពេញ-ហាណូយប្រសព្វផ្លូវលេខ៩២(ផ្លូវចូលផ្សារទំនើប អ៊ីអនម៉ល សែន សុខ)បានដាក់ឱ្យដំណើរការកាលពីថ្ងៃទី២៣មករា២០២០។
នៅទីតាំងមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ប្រសព្វផ្លូវលេខ ៩២ ចំណុច (ផ្លូវចូលផ្សារទំនើប អ៊ីអនម៉លសែនសុខ)នេះគឺក្រោយពីបង្កើតឱ្យមានផ្សារទំនើបអ៊ីអនម៉លបានធ្វើឱ្យទីតាំងនេះប្រឈមនឹងការកកស្ទះចរាចររាល់ថ្ងៃ។ដោយមើលឃើញពីបញ្ហានេះទើបរដ្ឋបាលរាជធានីភ្នំពេញសម្រេចបំពាក់ភ្លើងស្តុបថ្មី។ការដាក់ឱ្យដំណើរការភ្លើងស្តុបថ្មីវានឹងធ្វើឱ្យតំបន់នេះលែងប្រឈមនិងការកកស្ទះចរាចរខ្លាំងដូចមុនទៀត។
គួរបញ្ជាក់ថា៖លោកឃួងស្រេងអភិបាលរាជធានីភ្នំពេញធ្លាប់បានបញ្ជាក់ថាស្ថានភាពក្នុងរាជធានីភ្នំពេញបាននិងកំពុងកើតមានបញ្ហាការកកស្ទះចរាចរដោយសារតែការកើនឡើងយ៉ាងគំហុកនូវចំនួនរថយន្តគ្រប់ប្រភេទ។បើគិតត្រឹមខែធ្នូឆ្នាំ២០១៩នេះស្ថិតិយានយន្តក្នុងរាជធានីភ្នំពេញមានរថយន្តចំនួន៥០៨.១៤៣គ្រឿងនិងទោចក្រយានយន្តចំនួន១.៩៦៦.៣២២គ្រឿងដែលបានចុះបញ្ជីត្រឹមត្រូវនៅមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ។
តែនៅក្នុងចំនួននេះមិនបានគិតនិងរាប់បញ្ចូលរថយន្តដែលពាក់ស្លាកលេខខ.មស្លាកលេខន.បរឺម៉កនិងត្រីចក្រយានយន្តឡើយ។ជាមួយកំណើននេះរដ្ឋបាលរាជធានីក្រោមការជួយឧបត្ថមគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនJICAបានធ្វើឱ្យដំណើរការជាផ្លូវការលើការសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរក្នុងរាជធានីភ្នំពេញ។
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញនេះត្រូវបានចាប់ផ្តើមដំណើរការអនុវត្តកាលពីខែមីនាឆ្នាំ២០១៦និងបានបញ្ចប់រួចរាល់ជាស្ថាពរនៅក្នុខែធ្នូឆ្នាំ២០១៨ដែលមានរយៈពេលសរុប៣៥ខែក្នុងនោះរួមមាន៖១,ការងារតំឡើងនិងបំពាក់ភ្លើងស្តុបថ្មីនៅតាមចំណុចប្រសព្វសរុបចំនួន១១៥ទីតាំង។២,ការងារបំពាក់កាម៉េរ៉ាចាប់រូបភាពនិងវិភាគទិន្នន័យយានយន្តឆ្លងកាត់ចំនួន១៩៤គ្រឿង។
៣,ការងារបំពាក់កាម៉េរ៉ាសុវត្ថិភាពCCTVចំនួន២៦គ្រឿងសម្រាប់ត្រតពិនិត្យតាមដានស្ថានភាពចរាចរណ៍នៅតាមបណ្តាចំណុចផ្លូវប្រសព្វសំខាន់ៗក្នុងរាជធានីភ្នំពេញ។៤,ការងារសាងសង់មជ្ឈមណ្ឌលគ្រប់គ្រងប្រព័ន្ធចរាចរណ៍ចំនួនមួយកន្លែងនៅក្នុងបរិវេណរដ្ឋបាលរាជធានីភ្នំពេញនៅជាន់ទី៩នៃអគារសាងសង់ថ្មី។
៥,ផ្តល់នូវវគ្គបណ្តុះបណ្តាលសំខាន់ៗដល់មន្ត្រីបច្ចេកទេសរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញក៏ដូចមន្ត្រីបច្ចេកទេសនៃរដ្ឋបាលរាជធានីភ្នំពេញដើម្បីផ្ទេរចំណេះដឹងនិងលើកកម្ពស់សមត្ថភាពគ្រប់គ្រងនិងប្រតិបត្តិការប្រព័ន្ធបញ្ជាភ្លើងសញ្ញាចរាចរផងដែរ។គម្រោងនេះបានដាក់ឲ្យដំណើរការជាបណ្តោះអាសន្នតាំងពីខែធ្នូ ឆ្នាំ២០១៨៕S/