ដោយគូលែន/សៀមរាប៖កាលពីរសៀលថ្ងៃទី២២ខែមករាឆ្នាំ២០២០អាជ្ញាធរសង្កាត់រួមជាមួយមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សៀមរាបក្រុងសៀមរាប។បាននាំយកពស់ថ្លាន់មួយក្បាលដែលមានប្រវែងប្រមាណជា៦ម៉ែត្រនិងមានទម្ងន់ប្រហែល២០គីឡូក្រាមយកទៅព្រលែងនៅបឹងពារាំងជាតំបន់អេកូទេសចរណ៍ធម្មជាតិ ស្ថិតក្នុងសង្កាត់សៀមរាប ខេត្តសៀមរាប។
លោកលឹមឌីណាចៅសង្កាត់រងសង្កាត់សៀមរាបបាននិយាយថាពស់ថ្លាន់មួយក្បាលនេះបានជាប់មងដែលដាក់តាមដងស្ទឹងសៀមរាបដើម្បីរាំងស្កាត់កាកសំណល់ផ្សេងៗកុំឱ្យហូរក្នុងស្ទឹងកាលពីថ្ងៃទី១៩ ខែមករាឆ្នាំ២០២០កន្លងទៅនេះ។ស្ថិតនៅចំណុចខាងក្រោយស្នាក់ការសាលាសង្កាត់សៀមរាបខណៈពេលនោះ យើងបានយកមករក្សាទុករង់ចាំពេលទំនេរទើបបានយកមកព្រលែងនៅទីនេះ ។
លោកបានឱ្យដឹងថារយៈកាលកន្លងមកអាជ្ញាធរមូលដ្ឋានសង្កាត់តែងតែបានណែនាំនិងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទៅនៅពេលចាប់បានសត្វគ្រប់ប្រភេទត្រូវយកទៅព្រលែងនៅក្នុងព្រៃឬទីអភិរក្សផ្សេងៗដើម្បីរួមគ្នាថែរក្សាការពារកុំឱ្យផុតពូជ។ទុកសម្រាប់ឱ្យកូនចៅជំនាន់ក្រោយរបស់យើងបានឃើញ បានស្គាល់ និងទុកជាសម្បត្តិធម្មជាតិរបស់យើងទាំងអស់គ្នា៕S/
រូបភាព:ពស់ថ្លាន់មួយក្បាលប្រវែងជាង៦ម៉ែត្រត្រូវបានយកទៅព្រលែងនៅបឹងពារាំងរូបភាពមន្ទីរព័តមានខេត្តសៀមរាប