ភ្នំពេញ៖ តួខ្មោចក្នុងរឿង “ថេកចុងក្រោយ” របស់ផលិតកម្មអិលឌី ដែលបានដាក់បញ្ចាំងហើយ នោះ ការពិតជាស្រីស្អាត តារាបង្ហាញម៉ូដែលក្នុងវិស័យដើរម៉ូតម្នាក់។
ខ្មោចស្រីដែលតាមលងបង្លាចឱ្យភ័យរន្ធតាំងពីដើមរឿងមក “ថេកចុងក្រោយ”ការពិតតួស្រី មានឈ្មោះថា “អេឡា” ឈ្មោះពិតគឺ មុន្នី វ៉ាន់ច័ន្ទពិសី ជាតារាម៉ូដែលម្នាក់កំពុងបោះជំហាន មានកេរ្តិ៍ឈ្មោះក្នុងវិស័យបង្ហាញម៉ូត។

កញ្ញា អេឡា បានប្រាប់ថា ដំបូងឡើយនាងមានអារម្មណ៍ខ្លាច និង ស្ទើរតែមិនចង់ថតរឿងនេះ ឡើយព្រោះសាច់រឿងជាខ្មោច មានការពិបាក មានប្លង់ថតនៅកន្លែងពិបាកៗច្រើន។ ប៉ុន្តែ ក្រោយពីនាងបានអានសាច់ចប់ហើយ មើលឃើញរឿងនេះល្អ ទើបនាងដាក់ចិត្តខំប្រឹងឱ្យចប់ បើទោះបីជារឿងមើលទៅគួរឱ្យខ្លាចយ៉ាងក៏ដោយ។ ពេលថតរឿងនេះគ្មានជួបខ្មោចពិតៗ អ្វីឡើយ គ្រាន់តែថតចប់នាងរត់ទៅព្រះសង្ឃ ស្រោចទឹកនិងធ្វើបុណ្យទៅវិញ។

តារាស្រីរូបនេះបានបញ្ជាក់ថា នាងកើតនៅរាជធានីភ្នំពេញ ជាអ្នកភ្នំពេញ បច្ចុប្បន្ននេះមានវ័យ ២៣ឆ្នាំ។ នាងប្រឡូកក្នុងវិស័យសិល្បៈចាប់តាំងឆ្នាំ២០១៦មកដោយផ្តើមចេញពីអ្នកបង្ហាញ ម៉ូត។ សម្រាប់ក្នុងវិស័យភាពយន្តនេះ នាងទើបតែចាប់ឈានជើងចូលសម្តែងក្នុងឆ្នាំ២០១៩ ហើយលេចមុខមាត់ក្នុងឆ្នាំ២០២០នេះតែម្តង។ រឿង “ថេកចុងក្រោយ” នេះជារឿងទី១សម្រាប់ នាងដែលបានចូលប្រឡូក ហើយរឿងទី១ថតប៉ះចំរឿងខ្មោចតែម្តង។ កន្លងមកនាងធ្លាប់តែ ថតរឿងខ្លីៗ រឿងបែបអប់រំ ប៉ុណ្ណោះ ។

សូមបញ្ជាក់ថា ផលិតកម្មអិលឌី (LD Picture)បន្ទាប់ពីទទួលបានជោគជ័យខ្លាំងលើភាពយន្ត ខ្នាតធំរឿង “នាឡិកាដាស់វិញ្ញាណ”អ្នកនិពន្ធវ័យក្មេងលោក នួន ម៉ូលីនបានបញ្ចេញស្នាដៃថ្មី របស់ខ្លួន ភាពយន្តបែបភ័យរន្ធត់ និងអប់រំគឺរឿង “ថេកចុងក្រោយ” រឿងនេះបានប្រកាស សម្ពោធចាក់បញ្ចាំងជាផ្លូវកា ក្រោមវត្តមានផលិតករសិល្បករជាច្រើនកុះករចូលរួម កាលពី ថ្ងៃទី២២ ខែមករា ឆ្នាំំ២០២០ នៅផ្សារទំនើបអ៊ីអន១៕ ដោយ : បូរិន



