ភ្នំពេញៈក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីជនជាតិចិនតែងមានត្រណមផ្សេងៗតាំងពីបុរាណកាលមក។ក្រៅពីនេះជនជាតិចិនក៏តែងមានជំនឿថាការធ្វើសម្អាតផ្ទះសម្បែងនិងការបោះចោលសំរាម ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនោះតែងនាំឱ្យជោគសំណាង ប្រាក់កាស ហូរធ្លាយចេញពីផ្ទះផងដែរ។
ខាងក្រោមនេះជាប្រការត្រណម១២យ៉ាងសំរាប់ហាមឃាត់ក្នុងពិធីបុណ្យចូលឆ្នាំ២០២០នេះ៖
១.ហាមធ្វើការសម្អាតផ្ទះសម្បែងក្នុងថ្ងៃបុណ្យចូលឆ្នាំចិន
ជនជាតិចិនមានជំនឿថាការធ្វើសម្អាតផ្អះសម្បែងនិងចោលសំរាមក្នុងថ្ងៃបុណ្យចូលឆ្នាំ ថ្មីនោះជាការបោសយកជោគលាភ ប្រាក់កាសចេញពីផ្ទះ។
ដោយសារត្រណមបែបនេះហើយទើបជនជាតិមានទម្លាប់ធ្វើការសម្អាតផ្តះសម្បែងមុនពិធីបុណ្យចូលឆ្នាំថ្មីក្នុងនេះមានទាំងការជួសជុលផ្ទះសម្បែងលាបថ្មាំថ្មីនិងធ្វើការសម្អាតផ្ទះឱ្យស្អាត បាតដើម្បីទទួលឆ្នាំថ្មីមកដល់ដែលគេជឿថានឹងនាំជោគសំណាងមកតាមនោះផងដែរ។
២.ហាមកក់សក់ឬកាត់សក់
ជនជាតិចិនមិននិយមចូលចិត្តកក់សក់ឬកាត់សក់ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីឬអ្នកខ្លះថែមទាំងមិនកក់សក់ចំនួន៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីនេះទៀតផង។ទាំងនេះដោយសារថាពាក្យសក់គេមានជំនឿថានាំមកនូវជោគសំណាង។ ម្ល៉ោះហើយទើបគេមានជំនឿថាបើមានការកាត់សក់ ឬកក់សក់ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីនឹងនាំឱ្យបាត់បង់ជោគសំណាងទៅជាមួយ។
៣.ហាមនិយាយអាសអាភាសនិងឈ្លោះទាស់ទែងគ្នា
ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីជនជាតិចិនតែងផ្អាកនិយាយរឿងអាសអាភាសនិងក្រៅពីនេះគេក៏មានត្រណមមិននិយាយដល់រឿងមិនល្អក្នុងថ្ងៃនេះដូចជាសេចក្តីស្លាប់ឬខ្មោចដោយសារថាការនិយាយរឿងមិនល្អក្នុងថ្ងៃនេះនឹងនាំជោគសំណាងអាក្រក់ពេញមួយឆ្នាំ។
ក្រៅពីនេះគេក៏មិននិយាយដល់លេខ៤ដោយសារថាលេខនេះក្នុងភាសាចិនបញ្ចេញសម្លេងស្រដៀងគ្នានឹងពាក្យស្លាប់។ហេតុនេះគ្រប់គ្នាទើបចៀសវាងនិយាយពាក្យនេះណាស់។
៤.ហាមបរិភោគបបរសាមចូកនិងសាច់សត្វ
ជនជាតិចិនតែងតែមិនបរិភោគបបរសាមចូកក្នុងពេលព្រឹកនៃថ្ងៃបុណ្យចូលឆ្នាំថ្មីដោយ សារគេមានជំនឿថាអ្នកក្រតែងបរិភោគបបរសាមចូកក្នុងពេលព្រឹក។ហេតុនេះការបរិភោគបបរសាមចូកក្នុងពេលព្រឹកក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនាំឱ្យរាំងស្ទះដល់ជោគលាភចូលមក។ក្រៅពីនេះគេក៏មិនបរិភោគសាច់សត្វផងដែរដោយសារថាអ្នកមាន បុណ្យបារមីដែលចុះមកក្នុងពេលព្រឹកក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីមិនបរិភោគសាច់សត្វឡើយ។
៥.ហាមបោកគក់ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី
ជនជាតិចិនមានជំនឿថា ទេវតានាំកំណើតក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនឹងចុះមកហេតុនេះបើយើងបោកគក់សម្លៀកបំពាក់ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រៀបដូចការគេចវេសឬមិនចង់ជួបទេវតាផ្តល់កំណើតមកឱ្យ។
៦.ហាមស្លៀកពាក់ឈុតព៌ណសឬខ្មៅ
សម្លៀកបំពាក់ពណ៌សឬខ្មៅជាការបញ្ជាក់ដល់សេចក្តីស្លាប់ដូចនេះការស្លៀកពាក់ស ឬខ្មៅក្នុងថ្ងៃនេះនឹងនាំជោគសំណាងអាក្រក់។ទោះបីយ៉ាងណាសម្រាប់សម្លៀកបំពាក់ដែលគេជឿថានាំមកជោគសំណាងនោះគឺពណ៌ក្រហម ហេតុនេះរៀងរាល់បុណ្យចូល ឆ្នាំថ្មីគេនិយមស្លៀក ពាក់ពណ៌ក្រហមបំផុត។
៧.ហាមខ្ចីលុយ
ជំនឿមួយរបស់ជនជាតិចិនគឺក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីគេមិនឱ្យខ្ចីប្រាក់កាសឡើយព្រោះថាការខ្ចីប្រាក់ក្នុងថ្ងៃនេះនឹងធ្វើឱ្យមានអ្នកខ្ចីលុយពេញមួយឆ្នាំឬហៅថាសំណាងមិនល្អដល់ពួកគេឡើយ។ក្រៅពីការខ្ចីប្រាក់កាសជនជាតិចិនខ្លះក៏មានជំនឿមិនឱ្យខ្ចីរបស់របរផ្សេងៗទៀតក្នុងថ្ងៃនេះផងដែរ។
៨.ហាមធ្វើរបស់បែកបាក់
ជនជាតិចិនមានជំនឿថាការធ្វើរបស់បែកបាក់ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនឹងធ្វើបាត់ជោគសំណាងនិងពិសេសធ្វើឱ្យនាំជោគអាក្រក់ចូលមកវិញ។
៩.ហាមទិញស្បែកជើងថ្មី
ក្រៅពីមានជំនឿខាងលើជនជាតិចិនក៏តែងមិនទិញស្បែកជើងថ្មីក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីផងដែរដោយសារថាក្នុងភាសាចិនស្បែកជើងមានសម្លេងថថាHai ដែលពាក្យ Hai នេះមានសម្លេងស្រដៀងនឹងការដកដង្ហើមដែលជនជាតិចិនមានជំនឿថាជានិម្មិតរូបនៃការចាប់ផ្តើមឆ្នាំថ្មីមិនល្អ។
១០.ហាមយំ
ជនជាតិចិនមានជំនឿថាបើសិនយំក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនឹងធ្វើឱ្យជួបរឿងមិនល្អនិងខូចចិត្តពេញមួយឆ្នាំ។
១១.ហាមប្រើរបស់មុត
ក្នុងថ្ងៃនេះគេក៏ហាមប្រើកាំបិតនិងរបស់មុតផ្សេងៗពីព្រោះថាការប្រើកាត់របស់ឬកាត់អ្វីមួយប្រៀបដូចកាត់ជោគលាភចេញដូចគ្នា។
១២.ហាមចូលបន្ទប់អ្នកដទៃ
ការចូលបន្ទប់អ្នកដទៃក្នុងថ្ងៃនេះក៏គេមានត្រណមផងដែរដោយសារថាវានាំមកនូវជោគសំណាងអាក្រក់។ហេតុនេះបើមិនមានភាពចាំបាច់ទេគេមិនចូលបន្ទប់អ្នកដទៃក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីសោះឡើយ៕ ដោយ:ដេប៉ូ
