ភ្នំពេញៈ នៅអំឡុង មុន និង ក្រោយ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ប្រជាជនចិន ឬអ្នកជាប់សែ ស្រឡាយចិន តែងតែដាក់តាំងលម្អក្រដាស និង គោមពណ៌ក្រហម នៅមុខគេហដ្ឋាន អុជផាវ ហើយការសម្តែង ម៉ុងសាយ គឺជាកិច្ចមួយដ៏ពេញនិយម ។ តើហេតុអ្វី បាន ជាប្រជាជនចិន មានប្រពៃណីបែបនេះ ?
ស្រដៀងគ្នាទៅនឹងប្រពៃណីវប្បធម៌ខ្មែរដែរ ជនជាតិ ចិន បង្កើតពិធីចូលឆ្នាំថ្មីរបស់ខ្លួនដោយភ្ជាប់ទៅនឹងរឿងព្រេងនិទានទេវកថាមួយ ។ ដូច្នេះយើងត្រូវសិក្សារឿងទេវកថា ចិន មួយដែលនិយាយពីរយៈពេលប៉ុន្មានរយឆ្នាំ បន្ទាប់ពីព្រះម៉ែ លីវ៉ា បង្កើតឋានសួគ៌ និង ឋានមនុស្ស ( កាលណោះមិនទាន់បង្កើតឋាននរក នៅឡើយ ) ។
ព្រេងនិទានទេវកថា ចិន
សម័យមួយនោះ ទេពធីតា ១ អង្គដែលជាប្អូនស្រីរបស់ព្រះឥន្ទ ព្រះនាម ទេពធីតា “ ផ្កា “ បាននាំទេពធីតាប្រាំមួយអង្គផ្សេងទៀត ចុះមកឋានមនុស្ស ដើម្បី ជួយមនុស្ស លោកស្វែង រកថ្នាំព្យាបាលជំងឺអាសន្នរោគ ។
ទៅដល់ភូមិមួយ បានជួបនឹងសត្វចម្លែកមួយក្បាលដែលគេពុំដឹង ឬ ពុំទាន់ស្គាល់ឈ្មោះថា ជាសត្វអ្វីនៅឡើយ ចូលទៅអុកឡុក ឬ ស៊ីមនុស្សសត្វក្នុងភូមិនោះ ។ ទេពធីតាទាំងប្រាំពីរ អង្គ រួមគ្នាជាមួយមនុស្សអ្នកដើររកថ្នាំ បានព្រួតគ្នាប្រយុទ្ធនឹងសត្វចម្លែកនោះ ។ ប៉ុន្តែសត្វនោះខ្លាំង ពូកែណាស់ ទើបអ្នកទាំងនោះ ប្រយុទ្ធមិនឈ្នះសត្វនោះឡើយ ។
ពេលកំពុងប្រយុទ្ធ ទេពធីតាមួយអង្គ បានប្រើកណ្តឹងខ្យល់ទិព្វដើម្បីបង្ក្រាបសត្វនោះ ។ មហិទ្ធិឬទ្ធិ នៃ កណ្តឹងខ្យល់នេះ មិនអាចបង្ក្រាបសត្វចម្លែកនោះបានទេ ប៉ុន្តែពេលសត្វនោះ បានឮសំឡេងកណ្តឹងខ្យល់នោះ ក៏ភ័យ ហើយក៏ផ្អើលទៅបាត់ ។
ពេលសត្វកំណាចដ៏ខ្លាំងពូកែនោះរត់ទៅបាត់ ពួកទេពធីតា និងមនុស្សពិភាក្សាគ្នាអំពីវិធី ទប់ទល់សត្វចម្លែកនោះ ព្រោះពួកគេជឿថា សត្វនោះប្រាកដជានឹងត្រឡប់មកទៀត ។ ពិភាក្សាចុះឡើង ក៏នឹកឆ្ងល់ថា ហេតុអ្វីបានជាពេលពួកគេប្រើវត្ថុទិព្វដទៃៗដូចជាដាវទិព្វជាដើម ប្រហារ ក៏សត្វនោះមិនខ្លាច លុះពេលប្រើកណ្តឹងខ្យល់ទើបសត្វនោះផ្អើលរត់ទៅបាត់ ។
យកកណ្តឹងនោះមកពិនិត្យ ឃើញថាកណ្តឹងខ្យល់ទិព្វនោះមានចងរំយោលពណ៌ក្រហម ទើបពួកគេ ជឿថា សត្វនោះខ្លាចសំឡេងកណ្តឹងផង និង ខ្លាចពណ៌ក្រហម នៃ រំយោល កណ្តឹងទិព្វនោះផង ។ កន្លងទៅច្រើនថ្ងៃ ពួកគេក៏ដឹងថា សត្វកំណាចនោះក៏ខ្លាចសំឡឹង ផូងផាំង និង ខ្លាចភ្លើងផង ។
សត្វនោះមានកម្លាំងខ្លាំងក្លា ពួកគេមិនអាចសម្លាប់បានឡើយប៉ុន្តែនៅពេលពួកគេដឹងពី ចំណុចខ្សោយរបស់សត្វនោះដូច្នោះ ពួកគេបានរៀបចំក្រណាត់ពណ៌ក្រហមចងព័ទ្ធជុំវិញភូមិ ហើដាក់រំសេវក្នុងបំពង់ឬស្សី ត្រៀមអុជបំផ្ទុះបង្កើតជាសំឡេង ។
មិនយូរប៉ុន្មានសត្វកំណាចនោះបានត្រឡប់មកម្តងទៀត ដើម្បី ស៊ីមនុស្ស និង សត្វនៅក្នុងភូមិ ពួកទេពធីតា និង អ្នកភូមិនាំគ្នាបញ្ចេញក្រណាត់ពណ៌ក្រហមព្រោងព្រាតហើយអុជភ្លើង ព្រោងព្រាត អុជភ្លើងបំផ្ទុះរំសេវក្នុងបំពង់ឬស្សី លាន់ឮផូងផាំងកងរំពងឡើង ។ សត្វនោះក៏ភ័យ ហើយរត់ប្រាសទៅបាត់ស្រមោល ។ លុះក្រោយមកពួកគេបានអោយឈ្មោះសត្វចម្លែក នោះថា “ សត្វ នាន “ (ពាក្យថា នាន ជាភាសា ចិន ប្រែជាខេមរភាសាថា ឆ្នាំ ) ដោយពួក គេដឹងថា សត្វកំណាចនោះនឹងត្រឡប់ទៅអុកឡុកមនុស្សក្នុងមួយឆ្នាំម្តង ។
សត្វ នាន តែងតែត្រឡប់មកអុកឡុងស៊ីមនុស្ស និង សត្វក្នុងភូមិរៀងរាល់មួយឆ្នាំម្តង ។ ដូច្នេះទើបឱ្យតែដល់រដូវកាលតាមចំណាំដែល សត្វ នាន ចូលមកអុកឡុកភូមិស្រុកនោះ ពួកអ្នកស្រុកតែងតែរៀបចំចង និង បិទក្រដាស និង ក្រណាត់ពណ៌ក្រហមនៅពីមុខផ្ទះ មួយអន្លើ ដោយសម្ភារណាដែលអាចធ្វើឱ្យផ្ទុះបង្កើតជាសំឡេងផូងផាំង និងភ្លើងសម្រាប់ បណ្តេញសត្វនានកំណាចនោះ ។
ផ្លាស់ប្រែជាវប្បធម៌
ពេលវេលាចេះតែកន្លងផុតទៅ អរិយធម៌ ចេះតែលូតលាស់ ប្រជាជនចិនបានច្នៃបង្កើតបាន ជារបាំមួយវង់ ដែលសព្វថ្ងៃហៅថា “ ម៉ុងសាយ “ ។ សត្វ នាន នាសម័យកាលណោះ គឺជា សត្វចតុបាទដែលស្រដៀងនឹងសត្វសឹង្ហ ឬ តោ នៅក្នុងហ្វូង ម៉ុងសាយ បច្ចុប្បន្ននេះឯង ។ ចំណែងបំពង់ឬស្សីដាក់រំសេវសម្រាប់ដុតបង្កើតជាសំឡេងនាគ្រានោះ បានក្លាយមកជា ផាវ នាសម័យបច្ចុប្បន្ននេះឯង ។ រីឯក្រណាត់ក្រហម និង ភ្លើង នាគ្រានោះត្រូវបានគេច្នៃទៅជា គោមក្រហម ក្រដាសពណ៌ក្រហម ដែលមានសរសេរជាអក្សរជូនពរ និង គ្រឿងតុបតែងនានា បិទនៅមុខផ្ទះនាពេលបច្ចប្បន្ននេះដែរ ។ ដោយសារកណ្តឹងខ្យល់ទិព្វ នាគ្រានោះមានតួនាទី សំខាន់ក្នុងការបណ្តេញសត្វ នាន ទើបគេឃើញមានវត្តមានកណ្តឹងភ្ជាប់នៅជាមួយគោមក្រហ ឬ នៅម្ខាងក្បែរនឹងគោមក្រហមនាពេលបច្ចុប្បន្ន ។
ដូចបានពោលខាងលើរួចមកហើយថា ក្នុសម័យកាល នៃ ទេវកថានោះ ពិធីរៀបចំចងក្រណាត់ និង ក្រដាសពណ៌ក្រហមលាយឡំដោយការបង្កើតសំឡេងផូងផាំង និងការដុតភ្លើងសម្រាប់ ដេញសត្វ នាន នោះ ត្រូវបានធ្វើរៀងរាល់មួយឆ្នាំម្តង ។ លុះក្រោយៗមកពិធីនោះបានក្លាយ ទៅជាពិធីរៀបចំតុបតែងលម្អគេហដ្ឋាន និង ការជួបជុំសាច់ញាតិប្រចាំឆ្នាំ ។ យូរៗទៅពិធីនេះ ក៏បានប្រែក្លាយទៅជា “ ពិធីចូលឆ្នាំថ្មីប្រពៃណីចិន “ រហូតមក ។
នៅក្នុងវង់ ម៉ុងសាយ គេក៏ឃើញមានវត្តមានសត្វនាគផងដែរ ហើយឯកសារសំណេរក៏ដូច ជាការនិទានរបស់មនុស្សដូចជាមិនសូវចុះសម្រុងគ្នាអំពីថាមានវត្តមានសត្វនាគ នៅក្នុងវង់ម៉ុងសាយ តាំងពីឆ្នាំណា ឬ រជ្ជកាលណានៅឡើយ ។
ប៉ុន្តែអ្វីដែលជាភាពស្របគ្នាជាទូទៅនៅក្នុងវប្បធម៌ ចិន គឺថា សត្វនាគនោះ គឺជាសត្វនាគ នៅមហាសមុទ្រទាំងបួន ។ សត្វនាគតំណាងឱ្យទឹក ។ រីឯទឹកតំណាងឱ្យភាព ត្រជាក់ត្រជុំ សុខដុមរមនា លូតលាស់ចម្រុងចម្រើនគ្រប់ប្រការ និង ក៏ជាតំណាងឱ្យអំណាច និង ភាពទន់ភ្លន់ផងដែរ ៕ ដោយៈមេសា