ភ្នំពេញៈគេអាចនៅចាំបានថាអតីតរដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ លោក ថៃ នរសត្យា បានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ( Xinhua ) កាលពីថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៨ ថា ” ប្រជាជនកម្ពុជាជាង ៦០ភាគរយបានប្រារព្ធពិធី បុណ្យចូលឆ្នាំប្រពៃណីចិន ” ។
ទោះយ៉ាងណា ការអះអាងរបស់អតីតរដ្ឋលេខាធិការរូបនេះ មិនមានទិន្នន័យជាក់លាក់ ឬ ក៏មិនមានទិន្នន័យ នៃ ការសិក្សាណាមួយឡើយ ពោលគឺគ្រាន់តែជាការវាយតម្លៃជាលក្ខណៈ ប៉ាន់ប្រមាណផ្ទាល់ខ្លួនរបស់លោកប៉ុណ្ណោះ ។
ទោះបែបនេះក្តីក៏មិនមែនគ្មានទឡ្ហីករណ៍ដែរ ដោយហេតុថា នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណី ជនជាតិចិន ដែលឆ្នាំនេះចាប់ពីថ្ងៃទី ២៤-២៧ ខែ មករា នេះ ស្ថាប័នការងារមួយចំនួន ជាពិសេស ស្ថាប័នឯកជន បានបិទទ្វារ ។ ដងវិថីសាធារណៈដែលធ្លាប់តែមមាញឹក ដោយយានជំនិះគ្រប់ប្រភេទ ស្ទើរតែរំកិលខ្លួនទៅមុខមិនរួច ក៏ប្រែជាស្រឡះ ខណៈក្រសួង ស្ថាប័នរដ្ឋ ក៏ដូចជាសាលារៀនរដ្ឋខ្លះ ស្ងាត់មនុស្ស ស្ទើរតែគ្មានសិស្សចំណែកផ្សារធំៗនៅ ក្នុងរាជធានីភ្នំពេញ ដែលមិនមែនជាផ្សារទំនើប បានបិទទ្វារ ៣-៤ ថ្ងៃ ។
ប៉ុន្តែបើកមើលទៅតាមលំនៅឋាននានា នៅតាមទីប្រជុំជន ជាពិសេសនៅតាមរាជធានី និង ខេត្ត គេកម្រឃើញផ្ទះណាមួយមិនរៀបចំសែនព្រេនស្វាគមន៍ឆ្នាំថ្មីប្រពៃណីចិនណាស់ គ្រាន់តែខុសគ្នាត្រង់ថា ពួកគេធ្វើលក្ខណៈតូចតាច ឬ ធំដុំ ប៉ុណ្ណោះ ។
ប្រការនេះ បានធ្វើឱ្យពូកអ្នកអភិរក្សវប្បធម៌និយម បារម្ភថា ប្រពៃណីវប្បធម៌ចិនលប់លើ ប្រពៃណីវប្បធម៌ខ្មែរដែលជាម្ចាស់ទឹកដី ដោយសារគេឃើញថា អ្នកខ្លះបើទោះជាតាមពិត ពួកគេ មានឈាមជ័រជាខ្មែរសុទ្ធសាធតាំងពីដូនតាមកក្តី ក៏ពួកគេចាប់ផ្តើមផ្លាស់ប្រែពីខ្មែរ ទៅប្រព្រឹត្តកាន់ឥរិយាបថ ឬ ធ្វើខ្លួនគេទៅជាជនជាតិ ចិន តាមរយៈប្រតិបត្តិប្រពៃណីវប្បធម៌ចិន ដែរ ហើយការប្រែប្រួលបែបនោះ បន្ទាប់ពីពួកគេមានជីវភាពល្អប្រសើរជាងមុនមានឋានៈ បុណ្យស័ក្តិ ឬ កិត្តិយសជាងមុន ( ការសែនចិន គេនិយមធ្វើឡើងជាលក្ខណៈអធិកអធម គឺត្រូវចំណាយថវិកាច្រើន ហើយកាលដែលនៅក្រក្រីពួកគេគ្មានលទ្ធភាពទិញរបស់របរ ច្រើនបែបនោះសម្រាប់សែន ទើបពេលធូរធាជាងមុនទើប សែន ) ជាដើម ។
មានអ្នកសិក្សាសង្គមខ្លះបានអះអាងប្រហាក់ប្រហែលគ្នាថា ប្រការដែលនាំឱ្យជនជាតិ ខ្មែរមួយចំនួនប្រារព្ធពិធីសែនព្រេន ពោលគឺធ្វើខ្លួនហាក់ដូចជាជនជាតិ ចិន ដោយសារតែ មូលហេតុ ពីរ យ៉ាងចម្បងៗ។គឺ ទីមួយ. ចង់ឱ្យខ្លួនគេ និង គ្រួសារគេ ( ខ្មែរដែលជាអ្នកសែន ចិន ) ឆ្លាតដូចកូនចៅចិន ( ព្រោះនៅក្នុងសង្គមខ្មែរ ត្រូវបានគេច្រើនតែគិតថា កូនចៅចិន ភាគច្រើនបំផុត គឺឆ្លាត ជាពិសេសខាងរកស៊ី ហើយកម្រមានអ្នកចោលម្សៀតណាស់ ) និង ទី ពីរ. គឺដើម្បីឱ្យធូរធាដូចគ្រួសារចិន ( ព្រោះនៅក្នុងសង្គមខ្មែរ ត្រូវបានគេមើលឃើញថា អ្នកមានៗ ភាគច្រើនគឺកូនចៅចិន ) ។
តាមការសាកសួរកន្លងមក អ្នកខ្លះបានឆ្លើយដោយងាយយល់ថា ពួកគេសែនព្រេនបែបជន ជាតិចិន នៅថ្ងៃចូលឆ្នាំចិន នោះ គឺពួកគេដឹងថាខ្លួនគេមិនមែនជាជនជាតិចិន ទាំងមិនជាប់ ស្រឡាយចិនឡើយ ហើយក៏មិនមែនចង់ធ្វើជា ចិន ដែរ រឹតតែមិនចង់លើកតម្កើងប្រពៃណីចិន ដែរ ប៉ុន្តែដោយហេតុថា បើមិនសែនទេ គ្រួសារ នឹងមិនមានអាហារឆ្ងាញ់ៗសម្រាប់បរិភោគ ខណៈនៅថ្ងៃសែនចិន អ្នកជិតខាងសុទ្ធតែមានម្ហូអាហារនំចំណីសម្បូរពោពាសដែលប្រការ នេះ គេធ្លាប់និយាយលេងតៗគ្នាថា ” សែនចិន កុំឱ្យដូនតា (គ្រួសារ) មើលមាត់គេ ! ( សែន ដើម្បី បានផឹកស៊ី ) ” ។
ខាងលើនេះគឺជាអ្វីដែលត្រូវបាននិយាយលេងផង មែនផង និង ច្រើនបំផុត ។ ទោះយ៉ាងណា បើគិតបន្តិចទៅឃើញថា ចម្លើយនេះមិនសមហេតុផលទេ ព្រោះថា បើគ្រាន់តែចង់បាន អាហារឆ្ងាញ់ៗសម្រាប់បរិភោគ គេមិនចាំបាច់សែនព្រេន ដូចជាជនជាតិ ចិន ឬ អ្នកជាប់ ស្រឡាយ ចិន ទេ គឺគេគ្រាន់តែទិញអាហារចំណីមកបរិភោគជួបជុំគ្នាក៏គឺជាការស្រេច ដែលរបៀបនេះ ត្រូវបានគេធ្វើមួយឆ្នាំទល់មួយឆ្នាំរួចទៅហើយ ។
ពេលនិយាយដល់ចំណុចនេះ អ្នកខ្លះបកស្រាយថា គោលបំណងសំខាន់គឺទិញអាហារមកជួប ជុំបរិភោគសប្បាយនោះឯងពិតមែន គ្រាន់តែថា មុននឹងបរិភោគ ក៏រៀបចំសែនព្រេនសិនទៅ ព្រោះខ្មែរក៏មានប្រពៃណីសែនព្រេនដែរ គឺថាទុកថាជាការរំឭកដឹងគុណដូនតា មុន ទើបបរិភោគតាមក្រោយ ។
ការបកស្រាយបែបនេះ ក៏មិនទាន់អាចទទួលយកបានដែរ ព្រោះថា បើទោះជាដូចអ្វីដែល លើកឡើងមកនេះក្តី ក៏ប្រពៃណីសែនព្រេនខ្មែរ មិនដុតក្រដាសមាស ក្រដាសប្រាក់ ឡើយ ។ ប៉ុន្តែឃើញថាពួកអ្នកបកស្រាយខាងលើនេះ សែនព្រេនក្នុងថ្ងៃចូលឆ្នាំ ចិនដោយមានដុត ក្រដាសមាស ក្រដាសប្រាក់ជាដើម ពោលគឺមានរូបភាពដូចជាពិធីសែនព្រេនរបស់ជនជាតិ ចិន ។
កម្ពុជាបើកចំហរការជ្រើសរើសជំនឿ និង ប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ ដែលបានសេចក្តីថា មិនមានកំហុសចំពោះច្បាប់ឡើយ ប្រសិនបើបុគ្គលណាម្នាក់ប្រតិបត្តិប្រពៃណីបរទេស ដូចជាសែន ចិន ជាដើមនេះ បើទោះជននោះ ជា ចិន ឬ មិនមែន ចិន ក៏ដោយ ។ អ្វីដែលជា ចំណោទ គឺពាក់ព័ន្ធទៅនឹងវប្បធម៌ជាតិ ពោលគឺជាភារកិច្ចរបស់មនុស្សម្នាក់ចំពោះប្រពៃណី វប្បធម៌ជាតិរបស់ខ្លួនតែប៉ុណ្ណោះ ។
លោក សាស្ត្រាចារ្យ សំបូរ ម៉ាន់ណារ៉ា អ្នកជំនាញខាងប្រវត្តិសាស្ត្របានលើកឡើងថា មិនមានអ្វីគួរឱ្យបារម្ភឡើយ ព្រោះប្រពៃណីវប្បធម៌ខ្មែរ និង ប្រពៃណីវប្បធម៌ចិនមានលក្ខណៈ ប្រហាក់ប្រហែលគ្នាច្រើនអន្លើ ហើយប្រពៃណីវប្បធម៌ នៃ ជាតិសាសន៍ទាំងពីរ(ខ្មែរ និង ចិន ) បានធ្វើសុខដុមនីយកម្មនឹងគ្នាបានយ៉ាងល្អ ដែលចំណុចខ្លះស្ទើរតែលែងនៅជាប្រពៃណី វប្បធម៌ ចិន ពោលគឺស្ទើរតែបានក្លាយទៅជាប្រពៃណីវប្បធម៌ខ្មែរទៅហើយ ។
លោកសាស្ត្រាចារ្យ សំបូរ ម៉ាណារ៉ា ពន្យល់ថា វត្តមានរបស់ជនជាតិចិនក៏ដូចជាការអនុវត្ត ប្រពៃណីវប្បធម៌ ចិន នៅលើទឹកដីខ្មែរ ដូចជា សែនក្បាលទឹក សែនផ្នូ សែនព្រះខែ និង ចូលឆ្នាំថ្មី ចិន ជាដើម មិនត្រឹមតែមិនធ្វើឱ្យប៉ះពាល់អវិជ្ជមានដល់ប្រពៃណីវប្បធម៌ខ្មែរ ប៉ុណ្ណោះទេ ក៏ថែមទាំងនាំមកនូវផលចំណេញ និង រួមចំណែកផ្នែកសេដ្ឋកិច្ចក្នុងសង្គមខ្មែរ និង ធ្វើឱ្យសង្គមខ្មែរស្គាល់ និង យល់ដឹងពីតម្លៃ នៃ វប្បធម៌ផ្សេងគ្នា ។ អ្វីដែលសំខាន់ គឺខ្មែរត្រូវ ពង្រឹងការអនុវត្តច្បាប់របស់ប្រទេស និង ពង្រឹងអត្តសញ្ញាណប្រពៃណីវប្បធម៌ជាតិខ្លួន ។
ការមានពិធីចូលឆ្នាំ ចិន នៅស្រុកខ្មែរ
តាមឯកសារប្រវត្តិសាស្ត្រ ខ្មែរ និង ចិន មានទំនាក់ទំនងការទូតនឹងគ្នា យ៉ាងហោច ណាស់ ក៏អស់រយៈពេលពីរពាន់ឆ្នាំមកហើយដែរ ។ ប៉ុន្តែការដែលមានជនជាតិចិន មកតាំងលំនៅ អចិន្ត្រៃយ៍នៅប្រទេសកម្ពុជា នាសម័យមហានគរ ដែលគេអាចដឹងរឿងនេះបានតាមរយៈ កំណត់ហេតុរបស់លោក ជីវ តាក្វាន់ បេសកទូត ចិនដែលបានមកស្នាក់នៅក្នុងចក្រភព អង្គរពីឆ្នាំ ១២៩២ ដល់ឆ្នាំ ១២៩៧ ( ឯកសារខ្លះថា ពីឆ្នាំ ១៣២៦ គឺជាឆ្នាំដែល នាយចាយ ឬ នាយ ត្រសក់ផ្អែម ឡើងសោយរាជ្យ បន្ទាប់ពីបានជ្រែករាជ្យនៅឆ្នាំ ១៣២៣ ) ។ ប៉ុន្តែពុំមាន ឯកសារណាមួយ ដោយរួមទាំងកំណត់ហេតុរបស់លោក ជីវ តាក្វាន់ ផង អះអាងថាមាន ការរៀបចំចូលឆ្នាំថ្មី ចិន នៅលើទឹកដីខ្មែរទេ ។
ប្រសិនបើលោក ជីវ តាក្វាន់ បានប្រទះឃើញប្រពៃណីវប្បធម៌ នៃ ជាតិសាសន៍ ចិន របស់គាត់ ត្រូវបានអនុវត្តនៅលើទឹកដីបរទេស គឺនៅនគរខ្មែរ នាគ្រានោះគាត់ប្រាកដជាបានសរសេរ មិនខានឡើយ ។ ហេតុនេះ គេអាចបកស្រាយបានថា គិតត្រឹមចុងសតវត្សរ៍ទី ១៣ នៃ គ្រិស្តសករាជ ប្រពៃណីវប្បធម៌ ចិន មិនទាន់ត្រូវបានអនុវត្តនៅលើទឹកដីខ្មែរនៅឡើយ ហើយបើទោះជាមាន ក៏មានត្រឹមតែជាលក្ខណៈបុគ្គល ឬ ត្រឹមតែតិចតួចបំផុត ទើបរយៈពេល ប្រមាណជាប្រាំ ទៅ ប្រាំមួយឆ្នាំ ដែលលោក ជីវ តាក្វាន់បំពេញបេសកកម្មការទូតនៅលើទឹកដី ខ្មែរ មិនបានប្រទះឃើញ ។
អ្នកតាមដានប្រវត្តិសាស្ត្រខ្មែរ អះអាងថា ពិធីចូលឆ្នាំ ចិន ត្រូវបានធ្វើនៅប្រទេសខ្មែរនៅក្នុង រជ្ជកាលរបស់ព្រះបាទ អង្គ ឌួង ( ១៨៤៨ ដល់ ១៨៦០ នៃ គ្រិស្តសករាជ ) គឺពួកគេចាប់ផ្តើមកត់ សម្គាល់ឃើញថា ប្រពៃណីវប្បធម៌ ចិនត្រូវបានអនុវត្តនៅលើទឹកដីខ្មែរនៅអំឡុងសម័យកាល នេះ ជាក់ស្តែងនៅក្នុងស្នាដៃអក្សរសិល្ប៍រឿង ផ្កាស្រពោន របស់កវី នូ ហាច ( បោះពុម្ពនៅឆ្នាំ ១៩៤៩ ) ក៏មាននិយាយដល់បុណ្យចូលឆ្នាំ ចិន ដែរ ។
ហេតុនេះគេអាចសន្និដ្ឋានបានថា ប្រពៃណីវប្បធម៌ ចិន យ៉ាងហោចណាស់ ក៏ពិធីបុណ្យចូលឆ្នាំ ចិន ត្រូវបានអនុវត្តនៅលើទឹកដីខ្មែរ នៅអំឡុងរជ្ជកាលព្រះករុណអង្គឌួង គឺពីចន្លោះឆ្នាំ ១៨៤៨ ដល់ ១៨៦០ ហើយក៏ប្រហែលជាមិនត្រូវបានអនុវត្តមុននេះយូរប៉ុន្មានដែរ ព្រោះមុនរជ្ជកាល នោះ ប្រទេសកម្ពុជា ត្រូវបានញាំញីដោយសង្គ្រាម ។
គួរកត់សម្គាល់ថា ប្រពៃណីជវប្បធម៌ ចិន ជាពិសេសពិធីបុណ្យឆ្នាំថ្មីប្រពៃណីរបស់ពួកគេ មិនមែនធ្វើតែនៅក្នុងប្រទេស ចិន និង នៅប្រទេសកម្ពុជាឡើយ គឺត្រូវបានធ្វើនៅស្ទើរតែគ្រប់ ប្រទេសទូទាំងពិភពលោក ពោលគឺឱ្យតែទីណាមានជនជាតិ ចិន រស់នៅពួកគេតែងតែនាំ យកប្រពៃណីវប្បធម៌របស់ពួកគេទៅអនុត្តដល់ទីនោះៗ ៕ ដោយៈ មេសា