ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០១៩ និង ទិសដៅការងារឆ្នាំ២០២០ កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោកបានប្រកាសថា អត្រាកំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅឆ្នាំ២០១៩ នៅទូទាំងប្រទេសកម្ពុជាបានកើតឡើងចំនួន ៤.១២១លើក សម្លាប់មនុស្ស ១.៩៨១នាក់ និងរងរបួស ៦.១៤១នាក់ ។គឺដល់ចំណុចប្រកាសអាសន្នហើយ។
សម្តេចក្រឡាហោម ស ខេង បានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវរកវិធីដោះស្រាយ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ពោលគឺរកវិធីបែបណា ឲ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ ភ្ញាក់រលឹក គោរពច្បាប់ មិនមែនខ្លាចប៉ូលិសចរាចរណ៍ដូចសព្វថ្ងៃនោះទេ។
របាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បង្ហាញថា គ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស នៅឆ្នាំ២០១៩ បានកើតឡើងចំនួន ៤.១២១លើក សម្លាប់មនុស្ស ១.៩៨១នាក់ និងរងរបួស ៦.១៤១នាក់។
របាយការណ៍ដដែលបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅឆ្នាំ២០១៩ ច្រើនជាងគេ កើតឡើង នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ។ ចំណែក មូលហេតុ ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកច្រើនជាងគេ នៅឆ្នាំ២០១៩ រួមមាន ការបើកបរលើសល្បឿនកំណត់ បើកបរមិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ វ៉ាជែង ស្រវឹង កត្តាយានយន្ត និងងងុយដេក ជាដើម។
របាយការណ៍ក៏បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទៅមិញ កើនឡើង ៨៤៥ លើក ស្មើនឹង ២៦ភាគរយ បើធៀបនឹងឆ្នាំ២០១៨។ ក្នុងនោះ អ្នកស្លាប់ ក៏បានកើន ២២០នាក់ ស្មើនឹង ១២ភាគរយ ខណៈអ្នករងរបួសកើន ១៣៧១នាក់ ស្មើនឹងប្រមាណ ២៩ភាគរយធៀបនឹងឆ្នាំ ២០១៨។
របាយការណ៍បានបន្ថែមថា ក្នុងចំណោមអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ ២០១៩ ភាគច្រើន ជាអ្នកធ្វើដំណើរតាមម៉ូតូ ដែលមានចំនួន ១៥៤២នាក់នៃចំនួនអ្នកស្លាប់ សរុប ១.៩៨១ នាក់ ស្មើនឹង ៧៨ភាគរយ។ ក្នុងនោះ អ្នកស្លាប់ ដោយធ្វើដំណើរតាមម៉ូតូ មិនពាក់មួកសុវត្ថិភាព មានចំនួន ១១៨៦ នាក់ ស្មើនឹង ៧៧ភាគរយ។
ជាមួយនឹងរបាយការណ៍ខាងលើនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកបង្ហាញពីបញ្ហាប្រឈមនានា ដែលនាំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ នៅឆ្នាំ២០១៩ គឺរចនាសម្ព័ន្ធផ្លូវថ្នល់ កាន់តែចង្អៀត ដោយសារកំណើនយានយន្តតម្រូវការធ្វើចរាចរណ៍ ដឹកជញ្ជូនកាន់តែកើនឡើង កន្លែងខ្លះត្រូវរងការខូចខាត ឬខ្វះស្លាកសញ្ញាកង្វះការគ្រប់គ្រង ទ្រូងផ្លូវ ចិញ្ចើមផ្លូវ និងចំណីផ្លូវ បណ្តាលឱ្យផ្លូវសម្រាប់ធ្វើចរាចរណ៍កាន់តែចង្អៀតស្មារតីនៃ ការគោរពច្បាប់របស់ប្រជាពលរដ្ឋនៅមានកម្រិត ប្រជាពលរដ្ឋនៅតែខ្លាចនគរបាលជាងខ្លាច ច្បាប់ សមត្ថភាពមន្ត្រីអនុវត្តច្បាប់នៅមានកម្រិត និងគុណភាពការងារ មិនទាន់ឆ្លើយតប តាមសំណូមពរ ដោយខ្វះមធ្យោបាយឧបករណ៍សម្ភារៈប្រតិបត្តិការ ជាដើម។
យូរឆ្នាំមកហើយ គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលមានសមាសភាពចម្រុះ រួមទាំងភាគីពាក់ព័ន្ធ កាកបាទក្រហម អង្គការក្រៅរដ្ឋាភិបាល បានផ្សព្វផ្សាយ ណែនាំគ្រប់ មធ្យោបាយ ក្នុងបំណងឲ្យប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវ ពិសេសអ្នកបើកបរ គោរពច្បាប់ ដោយអ្នកបើកបរម៉ូតូ និងអ្នកធ្វើដំណើរតាមម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព អ្នកបើកបរ និងអ្នក ធ្វើដំណើរតាមរថយន្ត ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ហើយអ្នកបើកបររថយន្តក៏ត្រូវមាន ប័ណ្ណបើកបរ ដោយឆ្លងកាត់សាលារៀនបើកបរ ប្រឡងត្រឹមត្រូវ ជាដើម។
ក៏ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែបន្តកើតមានរាល់ថ្ងៃ ហើយមនុស្សស្លាប់និងរបួស ជាច្រើននាក់រាល់ថ្ងៃ។ រហូតដល់ពេញមួយឆ្នាំ កាលពីឆ្នាំ២០១៩ ចំនួនអ្នកស្លាប់ និងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងជាងឆ្នាំណាទាំងអស់។
មន្ត្រីមានសមត្ថកិច្ច ពិសេសប៉ូលិសចរាចរណ៍ បានពង្រឹងយន្តការច្បាប់យ៉ាងតឹងរ៉ឹងខណៈ ដែលមន្ត្រីអនុវត្តច្បាប់គឺប៉ូលិសចរាចរណ៍ បានសកម្ម ក្នុងការស្ទាក់ចាប់អ្នកល្មើសច្បាប់ ពោលគឺអ្នកធ្វើដំណើរតាមម៉ូតូ មិនពាក់មួកសុវត្ថិភាព ឬក៏ម៉ូតូមិនមានកញ្ចក់មើលក្រោយ ជាដើម។
យ៉ាងណាក៏ដោយចុះ អ្នកធ្វើដំណើរតាមផ្លូវ ពិសេសអ្នកបើកបរម៉ូតូ មិនថា ម៉ូតូអ្វីទេ គួរតែ ស្វែងយល់ពីច្បាប់ចរាចរណ៍ ហើយឆ្លងកាត់សាលារៀនបើកបរត្រឹមត្រូវ ដែលនេះអាចជា មធ្យោបាយមួយ ក្នុងការកាត់បន្ថយគ្រោះថ្នាក់។
ជាងនេះទៅទៀតនៅតាមសាលារៀន ចាប់ពីថ្នាក់អនុវិទ្យាល័យ គួរតែមានមេរៀនមួយមុខ អំពីច្បាប់ចរាចរណ៍ផ្លូវគោក ដោយក្រសួងអប់រំ ចាត់ទុកជាមេរៀនសំខាន់ក្នុងចំណោមមុខវិជ្ជា សំខាន់ៗច្រើនទៀត ព្រោះថា បើអ្នកបើកបរ មិនយល់ មិនដឹងពីច្បាប់ចរាចរណ៍ហើយបើកបរ មិនដឹងទិសតំបន់ណា នោះហើយជាគ្រោះថ្នាក់។ នេះជាវិធានការសម្រាប់ក្មេងៗ។
សម្រាប់មនុស្សចាស់ និងវ័យកណ្តាលវិញ ក៏គួរតែបង្កើតកម្មវិធីតាមសហគមន៍ដោយមន្ត្រី ជំនាញ បើកបង្រៀនដោយឥតគិតថ្លៃ ពីច្បាប់ចរាចរណ៍ ស្លាកសញ្ញាចរាចរណ៍ នៅតាមវត្ត និងតាមសាលារៀន ក្នុងភូមិឃុំសង្កាត់នីមួយៗ។ បើអាច មន្ត្រីមូលដ្ឋានភូមិឃុំសង្កាត់រួមទាំង ប៉ូលិសប៉ុស្តិ៍ឃុំសង្កាត់ ចុះបង្រៀនតាមខ្នងផ្ទះ ដោយត្រូវប្រាកដថា សមាជិកក្នុងគ្រួសារនីមួយៗ ត្រូវចេះច្បាប់ចរាចរណ៍ ស្គាល់ស្លាកសញ្ញាចរាចរណ៍ និងបើកបរម៉ូតូឡាន ត្រឹមត្រូវមិនមែន ចេះតាមគ្នា គ្មានក្បួនច្បាប់ ហើយសូកលុយ ទិញយកប័ណ្ណបើកបរឡើយ។
សំខាន់ជាងនេះទៅទៀត អ្នកបើកបរម៉ូតូ អ្នកបើកបរឡាន រួមទាំងអ្នករួមដំណើរតាមម៉ូតូ និងតាមឡាន ក៏ត្រូវតែស្វែងយល់ពីច្បាប់ ស្លាកសញ្ញា និងត្រូវគោរពច្បាប់ចរាចរណ៍ជានិច្ច ក្នុងពេលធ្វើដំណើរតាមផ្លូវ។ មូលហេតុ បើមានគ្រោះថ្នាក់ គឺខ្លួនអ្នកនេះហើយជាជនរង គ្រោះ។ បើអ្នកធ្វើដំណើរតាមម៉ូតូ មិនពាក់មួកសុវត្ថិភាព នោះពេលដួលម៉ូតូជួបគ្រោះថ្នាក់ ដោយចៃដន្យណាមួយ គឺអ្នកនេះឯង ដែលបែកក្បាល របួស ហើយបើធ្ងន់ធ្ងរ រហូតដល់ស្លាប់។
ជារួម យើងមិនគួររង់ចាំ រាប់តួលេខអ្នកស្លាប់ និងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដូចសម័យរាប់ចំនួនអ្នកស្លាប់ និងរបួស ដោយសារសង្គ្រាម ក្នុងអតីតកាលទៀតនោះទេ។ យើងគួរចាប់ផ្តើមពីក្រុមគ្រួសារនីមួយៗ ពោលគឺកូនចៅ ត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ទើបអាចកាន់ចង្កូត បើកបរម៉ូតូ បើកបរឡាន ហើយក៏ត្រូវឆ្លងកាត់សាលារៀនបើកបរត្រឹមត្រូវ។ រីឯអាជ្ញាធរសមត្ថកិច្ច រាប់ចាប់ពីថ្នាក់ក្រុមភូមិឃុំសង្កាត់ និងប៉ូលិសឃុំសង្កាត់ ក៏គួរតែចូលរួម ចុះបង្រៀនដល់ខ្នងផ្ទះ ឬនៅតាមសាលារៀន និងនៅតាមវត្ត អំពីច្បាប់ចរាចរណ៍ស្លាក សញ្ញាចរាចរណ៍ដល់ប្រជាពលរដ្ឋ ចាស់ក្មេងទាំងអស់ នៅតាមមូលដ្ឋាន។ យើងអាចធ្វើបាន បើសិនជាយើងធ្វើ៕ ដោយៈ ម៉េងឆៃ