ដោយៈ វចនានុក្រមខ្មែរសម្តេចសង្ឃរាជ ជួន ណាត
ប្រាង្គ ប្រាង សំ. ( ន. ) (< ប្រ + អង្គ) ស្តូប ឬ ប្រាសាទដែលមានកំពូលខ្ពស់ ស្ថិតនៅលើ ទីលានច្រើនថ្នាក់ឬមួយថ្នាក់ពីរថ្នាក់ ច្រើនតែមានរាងច្រឡោតាំងពីក្រោមរហូតដល់កំពូល ។
ប្រាំង ( ន. ឬ គុ. ) ឈ្មោះរដូវក្ដៅរាំងឥតទឹកភ្លៀង; ដែលមាននៅក្នុងសម័យរាំងភ្លៀង ឬទាក់ទងដោយរដូវរាំង ឥតមានទឹកភ្លៀង : រដូវប្រាំង, ខែប្រាំង ។ ស្រែប្រាំង ស្រែសម្រាប់ ស្ទូងបានតែក្នុងរដូវប្រាំង ។ ស្រូវប្រាំង, ពោតប្រាំង ស្រូវ, ពោត ដែលសន្ទូងដែលដាំក្នុង រដូវប្រាំង ។
សុំ ព. សា. ( កិ. ) សូម : សុំទាន, សុំគេស៊ី ។ សម្រាប់អ្នកធំនិយាយទៅរកអ្នកតូចដោយ សេចក្ដីអង្វរឬសេចក្ដីគួរសម : សុំឲ្យឯងអាណិតអញ; រាជការសុំឲ្យអស់បណ្ដាលរាស្ត្រ យកចិត្តទុកដាក់ខំប្រឹងធ្វើការនេះ ឲ្យបានសម្រេចឆាប់ (ម. ព. សូម ផង) ។
សូម ( កិ. ) បញ្ចេញវាចាឬសម្ដែងអាការឲ្យគេឲ្យអ្វីៗដែលខ្លួនត្រូវការ : សូមទាន, សូមប្រាក់, សូមពរ (ព. សា. សុំ) ។ ពាក្យសម្រាប់ប្រើនាំមុខឬជាជំនួយកិរិយាសព្ទមានអាការជាកិរិយា នុគ្រោះ ឬប្រើជាជំនួយតាមសព្ទក៏បាន ដោយសេចក្ដីអង្វរ ឬដោយសេចក្ដីគោរព, ដោយ សេចក្ដីគួរសម (តាមថ្នាក់បុគ្គល) : សូមព្រះតេជះតម្កល់លើត្បូង; សូមព្រះរាជទាន…; សូមទ្រង់…; សូមទ្រង់ជ្រាប; សូមទ្រង់ព្រះមេត្តាប្រោស…; សូមទ្រង់មេត្តាប្រោស…; សូមទាន…; សូមទានជ្រាប; សូមជ្រាប; សូមប្របាទម្ចាស់…; សូមព្រះតេជព្រះគុណ…; សូមលោក…; សូមនាយ…; សូមអ្នក…; សូមឱកាស !; សូមកុំ…; សូមឲ្យ … ។ល។
ដំណោះ ( ន. ) ការដោះ, ពាក្យដោះ, ដំណើរដោះស្រាយ : ចោទប្រកាន់គេមិនជាប់ទេ គេមានដំណោះស្រាយច្រើនយ៉ាងណាស់ ។ ដំណោះពិត ការដោះស្រាយតាមហេតុពិត ។ ឥតមានដំណោះ ឥតមានផ្លូវដោះ ។
ដោះសា ( កិ. ) រ៉ាយរ៉ាប់, រៀបរាប់, បូរបាច់, សាដំណើរ, សាទុក្ខ, សាទោស : វាបានមកដោះ សារួចហើយ, និយាយដោះសា ។
ដោះ ( ន. ) អវយវៈរបស់មនុស្សឬសត្វ ឋិតនៅត្រង់ដើមទ្រូង; បើជាស្រីឬញី សម្រាប់ ឲ្យកូនបៅ ។ ប៉ែករបស់គ្រឿងវាយដំពួកមួយ ដែលមានសណ្ឋានខាងក្រោមផតចូល ខាងលើខ្ពស់កំពុងឡើង ស្រដៀងនឹងដោះ : ដោះគង, ដោះរគាំង ។ ( កិ. ) ស្រាយ, កែស្រាយ, ធ្វើឲ្យរបូតពីចំពាក់គ្នា, បើកលែង, គេចចេញ, គេចកែ : ដោះប្រស្នា, ដោះចំណង, ដោះបំណុល, ដោះមនុស្សទោស, ដោះខ្លួនចេញ, និយាយដោះ ។ល។
ដម ( ន. ) ទឹកថ្លាដែលកើតនៅក្នុងផ្កា, ឬទឹកដែលជោរក្នុងវត្ថុផ្អែមផ្សេងៗឡើងរលោង; ច្រើននិយាយថា ទឹកដម (ស. ដ្ចម អ. ថ. ដម ន. “គ្រឿងក្រអូប”; កិ. “ហិត”; “ផង, ដែរ”) ។ សូរសព្ទក្រអួនពីរោះ : សំឡេងមានទឹកដម ៕ ដកស្រង់ៈ សម្បត្តិកញ្ញា