មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃសុក្រទី២៤មករាថា ទាហានអាម៉េរិកចំនួន៣៤នាក់ បានទទួលរងប៉ះពាល់ ប្រព័ន្ធខួរក្បាលដោយសារការរប៉ះទង្គិចនិងសំឡេងផ្ទុះគ្រាប់ខ្លាំងក្នុងពេលរងការវាយប្រហារតាមអាកាសដោយអ៊ីរ៉ង់នៅលើមូលដ្ឋានយោធាមួយនៅប្រទេសអ៊ីរ៉ាក់នៅក្នុងខែនេះ។
លោកចូណាថាន ហូហ្វមែន អ្នកនាំពាក្យមន្ទីរបញ្ចកោណ បាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មានថា ទាហានចំនួន៣៤ នាក់ត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញមានការប៉ះទង្គិចប្រព័ន្ធខួរក្បាល(TBI)ដែលធ្វើឱ្យមានភាពច្របូកច្របល់និងវង្វេងស្មារតី។
កាលពីដំបូងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំបាននិយាយថា មិនមានជនជាតិអាម៉េរិករងរបួសនៅក្នុងការវាយប្រហារទៅលើមូលដ្ឋានទ័ពAin al-Asad នៅអ៊ីរ៉ាក់កាលពីយប់ថ្ងៃទី ៧-៨ ខែមករានោះទេ ប៉ុន្តែ ក្រោយមកក្រុមអាជ្ញាធរបានរាយការណ៍ថា កងទ័ពចំនួន១១ នាក់បានរងរបួស។
លោកចូណាថាន ហូហ្វមែន បាននិយាយថា ពីដំបូងជនរងគ្រោះ១៧ នាក់ត្រូវបានបញ្ជូនទៅប្រទេសអាល្លឺម៉ង់ដើម្បីទទួលការព្យាបាលហើយ៨នាក់ក្នុងចំណោមពួកគេ បានមកដល់សហរដ្ឋអាម៉េរិកវិញកាលពីថ្ងៃសុក្រ។ ពួកគេនឹងបន្តការទទួលការព្យាបាលនៅសហរដ្ឋអាម៉េរិក។
លោកបានបន្ថែមថា ជនរងគ្រោះ៩នាក់ផ្សេងទៀតដែលបានត្រូវបានដឹកតាមយន្តហោះទៅប្រទេសអាល្លឺម៉ង់នោះ កំពុងទទួលការព្យាបាលនៅទីនោះហើយទាហាន១៧ផ្សេងទៀត ដែលត្រូវបានព្យាបាលនៅតំបន់នៃទីតាំងមូលដ្ឋានទ័ពនោះបានត្រឡប់ទៅបំពេញការងារនៅអ៊ីរ៉ាក់។
ការប្រហារដោយមីស៊ីលអ៊ីរ៉ងជាច្រើនគ្រាប់នោះ គឺជាការសងសឹកចំពោះសហរដ្ឋអាម៉េរិកដែលបានសម្លាប់ឧត្តមសេនីយអ៊ីរ៉ង់ម្នាក់នៅទីក្រុងបាដាតកាលពីថ្ងៃទី៣ខែមករា ៕ដោយ៖សុខា/sn
ការវាយប្រហារតាមអាកាសដោយអ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពអាកាសអាម៉េរិកAin al-Asad នៅអ៊ីរ៉ាក់ បានបង្កការខូចខាតកាលពីថ្ងៃទី១៣ខែមករាឆ្នាំ២០២០