អ្នកឯកទេសខាងវីរុសល្បីម្នាក់ ដែលបានជួយទប់ស្កាត់ជម្ងឺសា(SARS )នៅអាស៊ីកាលពីឆ្នាំ២០០៣ បានព្រមានថា កូរ៉ូណាវីរុសប្រភេទថ្មីដែលកំពុងវាយប្រហារចិនអាចនាំអោយមានការផ្ទុះជម្ងឺឆ្លងខ្លាំងជាវិបត្តិសុខភាពកាលពី១៧ឆ្នាំមុនដល់ទៅ១០ដង។
វេជ្ជបណ្ឌិត ហ្គ័យ យី នាយកនៃមន្ទីរពិសោធន៍ជម្ងឺឆ្លងនៅសកលវិទ្យាល័យហុងកុង បាននិយាយប្រាប់សារព័ត៌មានចិនថា ស្ថានភាពនៅវូហាន មិនអាចគ្រប់គ្រងបាននៅឡើយទេ។លោកថា អាជ្ញាធរចិនបានបាត់«ឱកាសមាស»ក្នុងការគ្រប់គ្រងវីរុសនិងទប់ស្កាត់កុំអោយវាឆ្លងរាលដាល។
លោកបានប្រាប់សារព័ត៌មានថា «ខ្ញុំធ្លាប់ឆ្លងកាត់ច្រើនតែមិនដែលខ្លាចដូចនេះទេ។វីរុសភាគច្រើនបំផុតអាចគ្រប់គ្រងបាន តែពេលនេះ ខ្ញុំខ្លាច»។

វេជ្ជបណ្ឌិត ហ្គ័ង យី អះអាងថាស្ថានភាពផ្ទុះវីរុសបច្ចុប្បន្ននៅមិនទាន់គ្រប់គ្រងបាន
កូរ៉ូណាវីរុស ដែលបានចាប់ផ្តើមផ្ទុះនៅក្រុងវូហានកាលពីខែមុន បានសម្លាប់មនុស្ស៤១នាក់ និងចម្លងមនុស្សជាង១.៣០០នាក់ ហើយបណ្តាលអោយអាជ្ញាធរចិនបិទ ឬរឹតត្បិតការធ្វើដំណើរនៅទីក្រុង១៤ដែលប៉ះពាល់ការរស់នៅរបស់មនុស្សជាង៤០លាននាក់។
រោគសញ្ញារបស់វាគឺក្តៅខ្លួន ក្អក និងមានបញ្ហាពិបាកដកដង្ហើម តែអ្នកជម្ងឺខ្លះកើតរោគរលាកសួតដែលអាចយកជីវិតមនុស្សបាន។
ពួកអ្នកវិទ្យាសាស្ត្រទទួលស្គាល់ថាវាស្រដៀងគ្នានឹងវីរុសជម្ងឺSARS ដែលបានដើរតួជាឃាតករសកលនៅរវាងឆ្នាំ២០០២និង២០០៣។SARSក៏បង្កឡើងដោយកូរ៉ូណាវីរុស និងបានលេចមុខដំបូងនៅចិននៅឆ្នាំ២០០២ តែវាបានចម្លងទៅមនុស្សជាង៨.០០០នាក់នៅទូទាំងពិភពលោកនិងសម្លាប់មនុស្ស៧៧៥នាក់។
សូមបញ្ជាក់ថា មុនការផ្ទុះវីរុសនៅចិន ពួកអ្នកជំនាញការសុខភាពល្បីៗ បានព្យាករណ៍ថាកូរ៉ូណាវីរុស អាចសម្លាប់មនុស្ស៦៥លាននាក់ក្នុងរយៈពេលតែមួយឆ្នាំ ។
អ្នកវិទ្យាសាស្ត្រនៅមជ្ឈមណ្ឌល Johns Hopkinsសំរាប់សន្តិសុខសុខភាព បានប៉ាន់គំរូលើកុំព្យូទ័រអំពីការឆ្លងរាលដាលនៃកូរ៉ូណាវីរុសណាមួយកាលពីខែតុលា ឆ្នាំមុននិងបានព្យាករណ៍ថា មនុស្សដល់ទៅ៦៥លាននាក់មកពីជ្រុណាមួយនៃពិភពលោកអាចស្លាប់តែក្នុងអំឡុងពេល១៨ខែ។តាំងពីមុនមក ការផ្ទុះវីរុសចម្លងនៅចិនបានសម្លាប់មនុស្ស៤១នាក់និងចម្លងជាង១ពាន់នាក់ តែពួកអ្នកជំនាញនិយាយថា ចំនួនពិតអាចខ្ពស់ជាងនេះឆ្ងាយ៕ប្រែសម្រួល៖វាសនា
ពួកអ្នកជំនាញការសុខភាពអាម៉េរិកបានព្រមានថា កូរ៉ូណាវីរុសអាចសម្លាប់មនុស្សរាប់សិបលាននាក់ នៅ៣ខែមុនការផ្ទុះវីរុសចម្លងនៅចិន