ដោយ:គង់ហេង/កំពង់ចាម:ករណីស្មៅនិងដើមឈើដាំសម្រាប់លំអរជាសួនច្បារនៅចំកណ្តាលផ្លូវជាតិលេខ៦ឆ្លងកាត់ស្រុកបាធាយនិងស្រុកជើងព្រៃដែលបានងាប់ដោយសារការខ្វះទឹកស្រោចស្រពនារដូវប្រាំងកន្លងទៅនេះគឺអាជ្ញាធរខេត្តកំពង់ចាមបានសម្រេចបង្កើតក្រុមការងារមួយ។ដើម្បីថែទាំស្រោចទឹកសង្គ្រោះរុក្ខជាតិក្នុងសួនឳ្យដុះលូតលាស់ស្រស់បំព្រងឡើងវិញ។នេះបើយោងតាមជំនួបក្នុងស្មារតីកិច្ចប្រជុំរវាងមន្ត្រីនៃមន្ទីរអង្គភាពពាក់ព័ន្ធនៅក្នុងសាលាខេត្តកំពង់ចាមកាលពីថ្ងៃទី២៤ខែមករាឆ្នាំ២០២០។
លោកអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមមានប្រសាសន៍ថាបញ្ហាស្មៅនិងដើមរុក្ខជាតិដែលបានក្រៀមស្វិតនិងងាប់មួយចំនួននៅទីតាំងខាងលើនៅចំពោះមុខយើងសម្រេចគ្រប់គ្រងនិងថែទាំងជាបណ្តោះអាសន្ន។ បង្កើតក្រុមការងាររបស់រដ្ឋបាលខេត្តមួយដែលដឹកនាំដោយអភិបាលរងខេត្តចំនួនមួយរូប។
លោកអភិបាលខេត្តបានមានប្រសាសន៍ទៀតថាក្នុងនោះមានសមាសភាពមន្ទីរអង្គភាពពាក់ព័ន្ធចូលរួមជាអនុប្រធាន និងសមាជិក។ ដើម្បីឳ្យក្រុមការងារគ្រប់គ្រង ថែទាំសួនច្បារនេះជាបណ្តោះអាសន្ន។ ដោយចាប់អនុវត្តន៍ចាប់ពីថ្ងៃថ្ងៃទី២៧ខែមករាសប្តាហ៍ក្រោយនេះរហូតដល់ដើមខែមិថុនាគឺចូលដល់រដូវវស្សាធ្លាក់ភ្លៀង។
គួរបញ្ជាក់ថាសួនច្បារនៅលើទ្រូងផ្លូវជាតិលេខ៦ឆ្លងកាត់ស្រុកជើងព្រៃនិងស្រុកបាធាយខេត្តកំពង់ចាមមានប្រវែងជាង ៣៣គីឡូម៉ែត្រនេះគឺមន្ទីរសាធារការនិងដឹកជញ្ជួនខេត្តកំពង់ចាមជាអ្នកគ្រប់គ្រង និងថែទាំស្រោចទឹក។ប៉ុន្តែរយ:ពេលប៉ុន្មានខែនេះបានប្រឈមនឹងរដូវប្រាំងជួបបញ្ហាខ្វះទឹកស្រោចបណ្តាលឱ្យដើមឈើក្នុងសួនមួយចំនួនបានងាប់និងមានការរិះគន់ពីបណ្តាញព័ត៌មានថាខ្វះការទទួលខុសត្រូវ និងយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត៕S/



