ទីក្រុងវូហាន របស់ចិន ដែលជាស្នូលនៃការផ្ទុះកូរ៉ូណាវីរុសថ្មីនឹងសង់មន្ទីរពេទ្យបំរុងទី២ដើម្បីព្យាបាលអ្នកជម្ងឺ ។បើតាមការផ្សាយរបស់កាសែតរដ្ឋ People’s Dailyកាលពីថ្ងៃសៅរ៍ មន្ទីរពេទ្យនេះមាន១.៣០០បន្ទប់នឹងប្រើពេលសាងសង់កន្លះខែ គឺត្រូវអោយហើយត្រឹមថ្ងៃ០៣កុម្ភៈ។

គ្រឿងចក្រកំពុងកាយពង្រាបដីដើម្បីសាងសង់មន្ទីរពេទ្យថ្មីទី១អោយហើយក្នុងរយៈពេល១សប្តាហ៍ដើម្បីទទួលអ្នកឆ្លងកូរ៉ូណាវីរុសនៅវូហាន។មន្ទីរពេទ្យទី២ក៏គ្រោងនឹងសាងសង់អោយហើយក្នុងរយៈពេលកន្លះខែ
ការបង្ខំបង្កើតមន្ទីរពេទ្យថ្មីនេះកើតឡើងចំពេលប្រធានាធិបតីចិន លោកស៊ី ជីនពីង បានព្រមានថា ចិនកំពុងប្រឈម«ស្ថានភាពធ្ងន់ធ្ងរ»មួយ ដោយសារតែល្បឿននៃការឆ្លងរាលដាលវីរុសថ្មីដែលគិតមកត្រឹមថ្ងៃ២៥មករា វាបានសម្លាប់មនុស្ស៤២នាក់ និងចម្លងមនុស្សជិត១.៤០០នាក់នៅចិន។
យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ លោកស៊ីបានមានប្រសាសន៍ប្រាប់គណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយថា«ប្រឈមស្ថានភាពធ្ងន់ធ្ងរពីការឆ្លងរាលដាលនៃវីរុសថ្មី…វាចាំបាច់ត្រូវពង្រឹងការដឹកនាំថ្នាក់កណ្តាលនិងមានការឯកភាពគ្នារបស់គណៈកម្មាធិការមជ្ឈិមបក្ស។ដរាបណាយើងនៅមានជំនឿរឹងមាំ រួមគ្នាធ្វើការ ទប់ស្កាត់និងព្យាបាលដោយវិទ្យាសាស្ត្រហើយនឹងគោលនយោបាយច្បាស់លាស់ យើងពិតជានឹងអាចឈ្នះក្នុងសមរភូមិនេះ»។

ស៊ីបើកកិច្ចប្រជុំរបស់គណៈកម្មាធិការការិយាល័យនយោបាយមួយកាលពីថ្ងៃសៅរ៍ ស្តីពីវិធានការប្រយុទ្ធនឹងការឆ្លងរាលដាលវីរុសថ្មី
ការព្រមានរបស់មេដឹកនាំចិនកើតឡើងចំពេលអាជ្ញាធរចិនខិតខំទប់ស្កាត់កូរ៉ូណាវីរុស ដែលលេចមុខដំបូងនៅទីក្រុងវូហានភាគកណ្តាលរបស់ចិន តែឥឡូវបានរាលដាលទៅកាន់តំបន់និងខេត្តជាង៣០នៅក្នុងប្រទេសចិន។
មនុស្សប្រមាណ៥៦លាននាក់ឥឡូវស្ថិតក្រោមការរឹតត្បិតការធ្វើដំណើរនៅពេលអាជ្ញាធរចិនពង្រីកបំរាមការធ្វើដំណើរនៅក្នុងខេត្តហ៊ូប៉ីដោយប៉ះពាល់ទីក្រុងចំនួន១៨។

វីរុសនេះឥឡូវត្រូវអ្នកដំណើរនាំទៅដល់ ថៃ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី កោះតៃវ៉ាន់ ជប៉ុន កូរ៉េខាងត្បូង នេប៉ាល់ អាម៉េរិក អូស្ត្រាលី បារាំងនិងចុងក្រោយប្រទេសកាណាដា៕ដោយ៖វាសនា