ខេត្តសៀមរាបមិនទាន់រកឃើញ​ករណី​ជំងឺរលាកសួតថ្មី ប្រភេទណូ​​វ៉ែល​​​​​កូរ៉ូណាទេ

ដោយ:បាយ័ន/សៀមរាប ៖ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបបញ្ជាក់ថា នៅក្នុងខេត្តសៀមរាបមិនមានការរកឃើញករណីជំងឺរលាកសួតថ្មី ប្រភេទណូវ៉ែលកូរ៉ូណាទេ ខណៈដែលប្រភេទជំងឺនេះ បានកើតមានឡើងលើមនុស្សចំនួនជាង១.៣០០ករណី នៅក្នុងប្រទេសចំនួន១៣លើពិភពលោក បណ្ដាលឲ្យស្លាប់ចំនួនជាង៤០នាក់ ។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា នៅខេត្តសៀមរាប មិនទាន់រកឃើញមានករណីជំងឹណូវ៉ែលកូរ៉ូណា ដែលជាជំងឹសួតប្រភេទថ្មីនេះទេ ប៉ុន្តែវិធានការបង្ការ និង តាមដានជំងឺណូវ៉ែលកូរ៉ូណា ឬជំងឹផ្លូវដង្ហើមផ្សេងៗទៀតនោះ យើងបានពង្រឹងជាប់ជានិច្ច ដោយយើងបានដាក់ម៉ាស៊ីនត្រួតពិនិត្យតាមដានកម្តៅភ្ញៀវទេសចរដែលចូលកម្ពុជា ដោយប្រើប្រាស់ប្រព័ន្ឋតាមដានប្រចាំការនៅច្រកចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប ហើយប្រសិនបើមនុស្សមានកម្តៅចាប់៣៨អង្សាសេឡើងទៅ មន្រ្តីចត្តាឡីស័កដែលប្រចំាការនៅទីនោះ នឹងផ្តល់ប្រឹក្សាដល់ភ្ញៀវ ឬបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីត្រៀមលក្ខណៈឆ្លើយតបជាបន្ទាន់ ខណៈ​បច្ចុប្បន្នយើងមាន មន្ត្រីចត្តាឡីស័កច្រកទ្វារព្រលានយន្តហោះអន្តរជាតិសៀមរាប សរុបចំនួន១៦នាក់ ផ្លាស់ប្តូរវេនប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ មានប្រសាសន៍បែបនេះ ក្នុងឱកាសអមដំណើរលោក ទៀ សីហា អភិបាលខេត្តសៀមរាប , លោក ពិន ប្រាកដ អភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ឋមួយចំនួនទៀត ចុះត្រួតពិនិត្យប្រព័ន្ឋវិធានការបង្ការជំងឺរលាកសួតថ្មី ប្រភេទណូវ៉ែល​កូរ៉ូណា នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប កាលពីយប់ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២០នេះ ។

លោក ទៀ សីហា មានប្រសាសន៍ថា បើទោះបីបច្ចុប្បន្ននេះ នៅខេត្តសៀមរាបមិនមានការរកឃើញជំងឺនេះក៏ដោយ ក៏យើងនៅតែមានការព្រួយបារម្ភខ្លំាងណាស់ដែរ ចំពោះការរាតត្បាតណូវ៉ែលកូរ៉ូណានេះ ពីព្រោះជំងឺនេះ បាននឹងកំពុងតែវាយលុកនៅក្នុងតំបន់អាស៊ី ជាពិសេសប្រទេសដែលនៅជិតខាងយើង គឺសុទ្ធមានការកើតជំងឺនេះកើតឡើងហើយ ដូច្នេះ សូមឲ្យមន្រ្តីចត្តាឡីស័កទាំងអស់ ដែលនៅប្រចាំការអាកាសយានដ្ឋានអន្តរជាតិសៀមរាប ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការតាមដាន ជំងឺរលាកសួតថ្មី ប្រភេទ​ណូវ៉ែលកូរ៉ូណា និងជំងឺឆ្លងផ្សេងៗទៀត ។

ក្នុងឱកាសនោះដែរលោក ទៀ សីហា ក៏បានសម្ដែងនូវការកោតសរសើរខ្ពស់ដល់មន្រ្តី្ត​ចត្តាឡីស័ក ដែលបានខិតខំខ្ពស់អស់ពីសមត្ថភាពក្នុងការតាមដានដើម្បីបង្ការសុខភាពប្រជាពលរដ្ឋ ព្រោះលោក លោកស្រីជាមន្ត្រីសុខភិបាលជួរមុខ ។

បើតាមប្រសាសន៍របស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា មកទល់ពេលនេះនៅព្រះរាជាណាចក្រកម្ពុជា មិនទាន់មានករណីរលាកសួត ដោយប្រភេទវីរុសកូរ៉ូណា នៅឡើយទេ បន្ទាប់ពីទទួលបានព័ត៌មាន​ពីការផ្ទុះករណីដំបូង នៃជំងឺរលាកសួតនេះនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ហើយក្រសួងសុខាភិ បាល បានដាមតានជាប់ជាប្រចាំ និងបានកដាក់ចេញវិធានការ ឆ្លើយតបបន្ទាន់ជាបន្តបន្ទាប់ផងដែរដោយសម្រេចចិត្តដាក់ម៉ាស៊ីនស្កេនកម្តៅ នៅតាមអាកាសយានដ្ឋានទាំង៣ និងចាត់មន្ត្រីសុខាភិបាលតាមអ្នកដំណើរ ដែលចូលមកម្ពុជា ពិសេសមកពីទីក្រុងវ៉ូហាន ប្រទេសចិន ព្រមទាំងមានការចាត់ចែងឲ្យមានបន្ទប់ដាច់ដោយឡែក បំពាក់សម្ភារបរិក្ខា ថ្នាំពេទ្យ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប ដែលជាទីតាំងនៃច្រកចូលរបស់អ្នកដំណើរតាមផ្លូវអាកាសមកកម្ពុជាផងដែរ។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០នេះ ករណីជំងឹណូវ៉ែលកូរ៉ូណា ដែលជាជំងឹសួតប្រភេទថ្មីនេះទេ បានកើតមានឡើងលើមនុស្សចំនួនជាង១.៣១៣ករណី បណ្ដាលឲ្យស្លាប់ចំនួនជាង៤១នាក់ នៅប្រទេសចំនួន១៣ក្នុងពិភពលោក ក្នុងនោះ ៖ ១. នៅក្នុងប្រទេសចិន មានករណីឆ្លងចំនួន ១.២៩៧ ក្នុងនោះករណីស្លាប់ចំនួន៤១ , ២. នៅក្នុងប្រទេសថៃ មានករណីឆ្លងចំនួន ៥ , ៣. នៅក្នុងប្រទេសបារាំង មានករណីឆ្លងចំនួន ៣ , ៤. នៅក្នុងប្រទេសសឹង្ហបុរី មានករណីឆ្លងចំនួន ៣ , ៥. ក្រុងហុងកុង មានករណីឆ្លងចំនួន ២ , ៦. នៅក្នុងប្រទេស​ជប៉ុន មានករណីឆ្លងចំនួន ២ , ៧. នៅក្នុងប្រទេសកូរ៉េខាងត្បូង មានករណីឆ្លងចំនួន ២ , ៨. ក្រុងម៉ាកាវ មានករណីឆ្លងចំនួន ២ , ៩. នៅសហរដ្ឋអាមេរិក មានករណីឆ្លងចំនួន ២ , ១០. នៅក្នុងប្រទេសវៀតណាម មានករណីឆ្លងចំនួន ២ , ១១. នៅក្នុងប្រទេសអូស្ត្រាលី មានករណីឆ្លងចំនួន ១ , ១២. នៅក្នុងប្រទេសនេប៉ាល់ មានករណីឆ្លងចំនួន ១ និង ១៣. នៅកោះតៃវ៉ាន់ មានករណីឆ្លងចំនួន ១ ។

គួររំលឹកថា បើតាមក្រុមអ្នកវិទ្យាសាស្ត្រសត្វពស់ ក្នុងនោះរួមមានទាំងសត្វពស់ប្រភេទ krait និងពស់វែក ទំនងជាប្រភពដើមនៃវីរុសកូរ៉ូណាថ្មី ឬ 2019-nCoV ដែលកំពុងបង្កជា «ជំងឺរលាកសួតធ្ងន់ធ្ងរ» នៅក្នុងប្រទេសចិន ហើយជំងឺផ្លូវដង្ហើម (រលាកសួតធ្ងន់​ធ្ងរ) ដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មីនេះ ត្រូវបានគេរាយការណ៍ជាលើកដំបូងបំផុត កាលពីចុងខែធ្នូ ឆ្នាំ២០១៩ នៅឯទីក្រុងវូហាន នៃខេត្ត Hubei ហើយវាបានរីករាលដាលយ៉ាងឆាប់រហ័ស ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...

ប្រកាស​មុខតំណែង​អភិបាល អភ...

ដោយៈ ទេព មង្គល / បាត់ដំបង...

​សម្តេច​តេ​ជោ ហ៊ុន សែន សម...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...