ភ្នំពេញៈ រដ្ឋាភិបាល និងប្រជាពលរដ្ឋអេហ្ស៊ីប ប្រារព្ធទិវាបដិវត្តន៍របស់ពួកគេ នៅថ្ងៃទី ២៥ ខែមករា ដើម្បីរំឭកដល់ថ្ងៃដែលពួកគេចាប់ផ្តើមធ្វើបដិវត្តន៍ ( បាតុកម្មតវ៉ា ដើម្បីផ្លាស់ប្តូរ ) ដើម្បីទាមទារឱ្យផ្លាស់ប្តូររបបលោកប្រធានាធិបតី ហូស្ន៊ី មូបារ៉ាក់ កាលពីឆ្នាំ ២០១០ ។ ប៉ុន្តែការទាមទាររបស់ពួកគេ រហូតដល់ដើម ខែកុម្ភៈ ឆ្នាំ២០១១ ទើបបំណងរបស់ពួកគេ បានសម្រេច បន្ទាប់ពីការតស៊ូយ៉ាងប្តូរផ្តាច់ ដោយលះបង់ការឈឺចាប់ និងអាយុជីវិតមនុស្ស ជាច្រើនមក ។
ភូមិសាស្ត្រ-ប្រជាសស្ត្រ
សាធារណរដ្ឋអារ៉ាប់ អេហ្ស៊ីប មានផ្ទៃដី ១.០១០.៤០៨ គីឡូម៉ែត្រក្រឡាស្ថិតនៅជ្រុងប៉ែក ឦសាន នៃទ្វីបអាហ្វ្រិក និងជ្រុងខាងនិរតី នៃទ្វីបអាស៊ី គឺជាប្រទេសស្ថិតនៅតំបន់ម៉េឌីទែរ៉ាណេ មានព្រំដែនជាប់តំបន់ហ្កាហ្សា ស្ទ្រីប , អ៊ីស្រាអែល , ឈូងសមុទ្ទ អាកាបា , សមទ្ទក្រហម, ស៊ូដង់ និង លីប៊ី ។ ឆ្នាំ ២០២០ មានប្រជាពលរដ្ឋជាង ១០១ លាននាក់ភាគច្រើនជាអ្នកកាន់ សាសនា អ៊ីស្លាម និង សាសនាគ្រិស្ត រដ្ឋធានីគឺទីក្រុង កៃរ៉ូ ភាសាផ្លូវការគឺភាសា អេហ្ស៊ីប និង ភាសាអារ៉ាប់ ។
ប្រវិត្តសាស្ត្រ
អេហ្ស៊ីប ក៏ជាប្រទេសមានវប្បធម៌ អរិយធម៌ ខ្ពង់ខ្ពស់ ដែលពិភពលោកកោតស្ញប់ស្ញែងដែរ ដូចជា ពីរ៉ាមីដ ជាដើម ។ អេហ្ស៊ីប ក៏ធ្លាប់ធ្លាក់ក្រោមការត្រួតត្រារបស់ អូតូម៉ង់ ( ទួកគី ) ដោយ អូតូម៉ង់ យក អេហ្ស៊ីប ធ្វើជាអាណាខេត្តរបស់ខ្លួនដែរ ។ លុះដល់ឆ្នាំ ១៨៨២ អេហ្ស៊ីប បានធ្លាក់ទៅក្រោមអាណានិគម អង់គ្លេស រហូតដល់ឆ្នាំ ១៩៥២ ។
ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ១៩៥២ មន្ត្រីយោធា ១ ក្រុម ដែលហៅខ្លួនឯងថា ” ចលនាមន្ត្រីសេរី ” ដែលគេស្គាល់ផងដែរថា ” ចលនា ១៩៥២ ” ដឹកនាំដោយលោក ម៉ូហាម៉េដ ណាហ្គីប និង លោក វរសេនីយឯក ហ្កាម៉ាល់ អាបដែល ណាស៊ែរ៍បានធ្វើបដិវត្តន៍ផ្តួលរំលំរបបរាជានិយម របស់ស្តេច ហ្វារ៉ុក និង អំណាចរបស់ អង់គ្លេស ទៅលើ អេហ្ស៊ីប ។ ប៉ុន្តែត្រូវបានគេមើល ឃើញថា ពួកបដិវត្តន៍ទាំងអស់ ដែលសុទ្ធតែមិនទាន់មានអាយុ ៣៥ ឆ្នាំ ផងនោះគឺមានបង្កប់ ទៅដោយមហិច្ឆតានយោបាយផង ។ ក្រោយពីបដិវត្តន៍មក អំណាចប្រទេសត្រូវបានប្រគល់ ទៅឱ្យកងទ័ព ។
ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៥៣ ព្រះរាជាណាចក្រ អេហ្ស៊ីប ត្រូវបានប្រកាសកែប្រែឱ្យទៅជា សាធារណរដ្ឋវិញ ដោយមានលោក ម៉ូហាម៉ាដ់ ណាហ្គីប ជាប្រធានាធិបតី ។ របបរាជានិយម នៅ អេហ្ស៊ីប ក៏ត្រូវបានបញ្ចប់នៅពេលនោះឯង ។
ប៉ុន្តែ ១ ឆ្នាំកន្លះ ក្រោយមក គឺនៅឆ្នាំ ១៩៥៤ លោកប្រធានាធិបតី ណាហ្គីប ត្រូវបាន លោក ហ្កាម៉ាល់ អាប់ដែល ណាស៊ែរ៍ ដែលជាស្ថាបនិក ចលនា ១៩៥២ ពិតប្រាកដ បង្ខំឱ្យលាលែង ពីតំណែង ហើយក្រោយមកត្រូវដាក់បង្ខាំងឱ្យនៅតែក្នុងផ្ទះ ។ ណាស៊ែរ៍បានទុកតំណែងជា ប្រធានាធិបតីឱ្យនៅចោលទំនេរ រហូតដល់បោះឆ្នោត នៅខែ មិថុនា ឆ្នាំ ១៩៥៧ ដោយកំណត់ខ្លួនគាត់ឱ្យជាអ្នកជាប់ឆ្នោត ទើបគាត់ឡើងក្តោបអំណាចនៅ អេហ្ស៊ីប ។
ទំនាស់ និង សង្គ្រាមក្នុងតំបន់
នៅពេលដួលរលំទៅ នៃ របបរាជានិយមនៅ អេហ្ស៊ីប មានមនុស្សជាងកន្លះលាននាក់ ត្រូវបានចាត់ទុកថា ជាអ្នកមាន , ៤ លាននាក់ជាអ្នកកម្រឹតមធ្យម និង ១៧ លាននាក់ ជាអ្នកក្រ ។ នៅក្នុងរបប ណាស៊ែរ៍ ស្ថានភាពនេះបានប្រែប្រួលគួរឱ្យកត់សម្គាល់ គឺត្រឹមឆ្នាំ១៩៥៤ មានមនុស្សរាប់លាននាក់ បានឡើងទៅជាមនុស្សធុនមធ្យម ។
ដោយសារស្ថានភាពក្នុងតំបន់ផង និង លើឆាកអន្តរជាតិផង កងទ័ពអង់គ្លេសត្រូវបានដកចេញ អស់ពីតំបន់ ព្រែកជីក ស៊ុយអេ នៅថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ១៩៥៦ ។ ព្រែកជីក នោះត្រូវបាន ដាក់ជារបស់ជាតិ នៅថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ១៩៥៦ នោះ ហើយក៏បណ្តាលឱ្យមានវិបត្តិ ស៊ុយអេ ផ្ទុះឡើងដែរ ។
ឆ្នាំ១៩៥៨ អេហ្ស៊ីប និង ស៊ីរី បានបង្កើត សម្ព័ន្ធមួយឈ្មោះថា សាធារណរដ្ឋ អារ៉ាប់ រួបរួម ។ ប៉ុន្តែសម្ព័ន្ធនេះ បានដល់ទីអវសាន នៅពេលដែល ស៊ីរី បានបំបែកខ្លួននៅឆ្នាំ ១៩៦១ ។ អំឡុងពេលនៅមានរូបរាងនៅឡើយ សាធារណរដ្ឋ អារ៉ាប់ រួបរួម ក៏ជាសហព័ន្ធដ៏ធូររលុង នៃ យេម៉ែន ខាងជើង ( ឬ អាណាចក្រ Mutawakkilite នៃ យេម៉ែន ) ដែលត្រូវបានស្គាល់ថា សហរដ្ឋអារ៉ាប់ផងដែរ ។
ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៩៤៧ អង្គការសហប្រជាជាតិ បានអនុម័តច្បាប់បែងចែកតំបន់ប៉ាឡេ ស្ទីន ( Palestine ) ដ៏មានជម្លោះរ៉ាំរ៉ៃ រវាងពួកប្រជាជាតិ អារ៉ាប់ និង ជនជាតិជ្វីស ឬ អ៊ីស្រាអែល ឱ្យទៅជា ៣ តំបន់ គឺតំបន់រដ្ឋអារ៉ាប់ តំបន់ជ្វីស និងតំបន់អន្តរជាតិពិសេស សម្រាប់តំបន់ទីក្រុង យេរូសាឡឹម និង តំបន់ Bethlehem ។ ប្រការនេះ បញ្ឆេះសង្គ្រាម រវាងរដ្ឋអារ៉ាប់ និង អ៊ីស្រាអែលឡើងនៅឆ្នាំ ១៩៤៨ ។
អំឡុងសង្គ្រាមនោះ សហរដ្ឋ អារ៉ាប់ បានបង្កើតរដ្ឋាភិបាលមួយឈ្មោះថា ” រដ្ឋាភិបាល ប៉ាឡេស្ទីន ទាំងអស់ ” នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៤៨ ដើម្បី គ្រប់គ្រប់តំបន់ជុំវិញ ហ្កាហ្សា ស្ទ្រីប ។ ឆ្នាំ១៩៥៩ រដ្ឋាភិបាល ប៉ាឡេស្ទីន ទាំងអស់ ដែលជារដ្ឋអតិថិជនរបស់ អេហ្ស៊ីប ត្រូវបានស្រូបបញ្ចូលទៅក្នុង សាធារណរដ្ឋ អារ៉ាប់ រួបរួម ដោយប្រើលេសថា សហភពអារ៉ាប់ ហើយរដ្ឋាភិបាលនោះ ក៏រលាយបាត់រូបក្នុងនោះឯង ។
នៅឆ្នាំ១៩៦២ លោក អាប់ឌុលឡាស់ អាស- សាឡាល់ មេបញ្ជាការកងទ័ព យេម៉ែន ខាងជើង បានដឹកនាំធ្វើរដ្ឋប្រហារទម្លាក់ស្តេច អ៊ីម៉ាម មូហាម៉ាដ់ អាល់-បាដ្រ ហើយប្រកាសបង្កើតជា សាធារណរដ្ឋ យេម៉ែន ឡើងដោយមានខ្លួនគាត់ជាប្រធានាធិបតី ។ ស្តេច អ៊ីម៉ាម មូហាម៉ាដ់ អាល់-បាដ្រ ភៀសព្រះកាយទៅតំបន់ព្រំដែន អារ៉ាប់ សាអ៊ូឌី ហើយបង្កើតបានជាកងទ័ព វាយបកមកវិញ ក៏កើតជាសង្គ្រាមស៊ីវិលឡើងនៅ យេម៉ែន ខាងជើង ។
រដ្ឋាភិបាល អេហ្ស៊ីប របស់លោក ហ្កាម៉ាល់ អាប់ដែល ណាស៊ែរ៍ បានគាំទ្រក្រុម សាធារណរដ្ឋ ដោយបញ្ជូនកងទ័ពប្រមាណជា ៧០.០០០ នាក់ និង អាវុធគីមី ជាច្រើនទៅក្នុងសង្គ្រាម ស៊ីវិល នៅ យេម៉ែន ខាងជើង នោះ ។ ដោយរួមទាំង សន្និសីទស្វែងរកសន្តិភាពមួយចំនួនផង ក៏សង្គ្រាមនៅទីនោះកាន់តែលិចលង់ជ្រាលជ្រៅទៅៗ ។
នៅពាក់កណ្តាលខែឧសភា ឆ្នាំ១៩៦៧ សហភាពសូវៀត បានចេញសេចក្តីព្រមានជាបន្តបន្ទាប់ ទៅលោក ណាស៊ែរ៍ ថា អ៊ីស្រាអែល ជិតវាយប្រហារទៅលើ ស៊ីរី ។ បើទោះបីជាមេទ័ពរបស់ គាត់បានបង្ហាញថា ការប្រកាសរបស់ សូវៀត នោះ គ្មានមូលដ្ឋានក្តី ក៏លោក ណាស៊ែរ៍ បានចាត់ការជាបន្តបន្ទាប់នៅកិច្ចការចំនួន ៤ ដែលធ្វើឱ្យសង្គ្រាមកើតឡើងដោយមិនអាច ខាងបាន គឺ៖ នៅថ្ងៃទី ១៤ ខែ ឧសភា គាត់បានពង្រាយកងទ័ពនៅក្នុងតំបន់ Sinai ជិតព្រំដែន ជាមួយ អ៊ីស្រាអែល, ថ្ងៃទី១៩ ខែ និងឆ្នាំ នោះ គាត់បានបណ្តេញកងរក្សាសន្តិសុខអង្គការ សហប្រជាជាតិចេញពីតំបន់ឧបទ្វីប Sinai ហើយនៅថ្ងៃទី២៣ ខែ និងឆ្នាំដដែលនោះគាត់បាន បិទច្រកសមុទ្ទ Tiran ដែលជាច្រកនាវាចរណ៍របស់ អ៊ីស្រាអែល ។ ថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ១៩៦៧ លោក ណាស៊ែរ៍ បានប្រកាសជាចំហរថា ” គោលបំណងរបស់យើង គឺកម្ទេច អ៊ីស្រាអែល ” ។
អ៊ីស្រាអែល បានលើកឡើងថា ការបិទច្រកសមុទ្ទ Tiran គឹជាការប្រកាសសង្គ្រាម ។ នៅក្នុង សង្គ្រាមរយៈពេល ៦ថ្ងៃ ( ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ១៩៦៧ ) អ៊ីស្រាអែល បានវាយប្រហារទៅលើ អេហ្ស៊ីប និង បានកាន់កាប់តំបន់ឧបទ្វីប Sinai និង តំបន់ ហ្កាហ្សា ស្ទ្រីប ដែល អេហ្ស៊ីប បានកាន់កាប់តាំងពីសម័យសង្គ្រាម អារ៉ាប់-អ៊ីស្រាអែល នាឆ្នាំ ១៩៤៨ មក ។
មរណភាព ណាស៊ែរ៍-របប អាន់វ៉ា សាដាត
លោក ណាស៊ែរ៍ បានស្លាប់នៅឆ្នាំ ១៩៧០ ហើយតំណែងរបស់គាត់ត្រូវបានស្នងដោយលោក អាន់វ៉ា សាដាត ។ ប្រធានាធិបតីថ្មីរូបនេះ បានបញ្ចប់ភក្តីភាពរបស់ អេហ្ស៊ីប ចំពោះ សហភាព សូវៀត ហើយបានបណ្តេញទីប្រឹក្សា សូវៀត ចេញពីប្រទេសនៅឆ្នាំ ១៩៧២ ។
ឆ្នាំ ១៩៧៣ អេហ្ស៊ីប និង ស៊ីរី បានដឹកនាំរដ្ឋអារ៉ាប់ បើកសង្គ្រាមខែ តុលា ( ៦ ដល់ ២៥ តុលា) ទៅលើតំបន់ Sinai ដែល អ៊ីស្រាអែល បានដណ្តើមកាន់កាប់កាលពី ៦ ឆ្នាំមុន ។ ជោគជ័យ របស់គាត់នៅក្នុងសង្គ្រាមនោះ ធ្វើឱ្យគាត់បាន Sinai មកវិញ ជាថ្នូទៅនឹងកិច្ចព្រមព្រៀង សន្តិភាព ជាមួយ អ៊ូស្រាអែល នៅឆ្នាំ ១៩៧៩ ហើយ អ៊ីស្រា អែល ត្រូវដកកងទ័ពចេញពីតំបន់ Sinai ទាំងស្រុង ។
ការផ្តួចផ្តើមគំនិតរបស់លោក សាដាត នោះ បង្ករឱ្យមានការប្រឆាំងយ៉ាងធំធេង នៅក្នុងពិភព អារ៉ាប់ នាំឱ្យ អេហ្ស៊ីប ត្រូវបានបណ្តេញចេញពី សម្ព័ន្ធ អារ៉ាប់ ។ ប៉ុន្តែត្រូវបានគាំទ្រដោយ ជនជាតិ អេហ្ស៊ីប ភាគច្រើនបំផុត ។ លោក សាដាត ត្រូវបានជន អ៊ីស្លាមជ្រុលនិយមធ្វើឃាត នៅក្នុងខែ តុលា ឆ្នាំ ១៩៨១ ។
របបលោក ហូស្ន៊ី មូបារ៉ាក់
បន្ទាប់ពីលោក សាដាត ត្រូវបានធ្វើឃាតទៅ តំណែងជាប្រធានាធិបតី អេហ្ស៊ីបត្រូវបានជំនួស ដោយលោក ហូស្ន៊ី មូបារ៉ាក់ ។ គណបក្ស National Democratic Party (NDS) របស់លោក ម៉ូបារ៉ាក់ បានធ្វើឱ្យ អេហ្ស៊ីប ក្លាយជារដ្ឋឯកបក្ស ហើយច្បាប់គ្រាអាសន្នរដ្ឋត្រូវបានដាក់ចេញ ជាបន្តបន្ទាប់ ។
រដ្ឋាភិបាលរបស់គាត់ទទួលបានការគាំទ្រពីលោកខាងលិច និងជំនួយពីសហរដ្ឋ អាមេរិក តាមរយៈការបង្ក្រាបទៅលើកងជីវពល អ៊ីស្លាម និង ធ្វើសន្តិភាពជាមួយ អ៊ីស្រាអែល ។ លោក មូបារ៉ាក់ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយមួយចំនួនប្រដូចគាត់ទៅនឹងស្តេច ហ្វារ៉ូស ( ផ្តាច់ការ ពុករលួយ បក្ខពួក អំណាចតពូជ ) ហើយត្រូវបានគេរក ឃើញថា ៣០ ឆ្នាំដែលគាត់នៅក្នុង អំណាច ទ្រព្យសម្បត្តិ នៃ គ្រួសាររបស់គាត់បានកើនឡើងដល់ទៅ ៥០ ទៅ ៧០ពាន់លាន ដុល្លារអាមេរិក ។
ការស្នងតំណែងប្រធានាធិបតី
កូនប្រុសរបស់លោក មូបារ៉ាក់ គឺលោក ហ្កាម៉ាល់ មូបារ៉ាក់ ត្រូវបានគេមើលឃើញថា នឹងឡើង កាន់អំណាចបន្តពីគាត់ជាប្រធានាធិបតីបន្ទាប់ ។ បន្ទាប់់ពីលោក មូបារ៉ាក់ បានជាប់ឆ្នោតជា ប្រធានាធិបតីម្តងទៀតនៅឆ្នាំ ២០០៥ ពួកអ្នកនយោបាយ ស្លាបឆ្វេង និង ស្លាបស្តាំបានបញ្ចេញ នូវការជំទាស់ទៅនឹងការស្នងតំណែងអំណាច ហើយទាមទារឱ្យធ្វើកំណែទម្រង់ដោយឱ្យមាន ការបោះឆ្នោតដែលមានបេក្ខជនចម្រុះ ។
លោក ហ្កាម៉ាល់ មូបារ៉ាក់ បានខំប្រឹងស្រវាស្រទិញប្រមូលអំណាចក្នុងបក្សរហូតបានក្លាយជាអគ្គលេខាធិការង ដោយ សង្ឃឹមថានឹងបានស្នងតំណែងពីឪពុករបស់គាត់ ។ ពួកអ្នកវិភាគ បានបរិយាយថា ១ទសវត្សរ៍ ចុងក្រោយ នៃ អំណាចរបស់លោក ហូស្ន៊ី មូបារ៉ាក់ គឺជាយុគរបស់លោក ហ្កាម៉ាល់ មូបារ៉ាក់ ដែលជាកូន ។
តាំងពីសង្គ្រាម ៦ ថ្ងៃ មក ច្បាប់គ្រាអាសន្នត្រូវបានពន្យារដល់ទៅ ១៨ ខែ ហើយអូសបន្លាយ រហូតដល់ឆ្នាំ ១៩៨១ តាំងពីឃាតកម្មទៅលើលោក អាន់វ៉ា សាដាត ។ រដ្ឋាភិបាល មូបារ៉ាក់ លើកហេតុផលថា ភេវរកម្ម និង ក្រុមប្រឆាំងរដ្ឋាភិបាល ដូចជា Muslim Brotherhood ជាដើម នឹង ដណ្តើមបានអំណាចកាន់តែច្រើន ប្រសិនបើមិនបញ្ឈប់ការបោះឆ្នោតសភា និងរឹតបន្តឹង ច្បាប់គ្រាអាសន្នទេនោះ ។ ប្រការនេះនាំឱ្យមានការចាប់ខ្លួនដាក់ពន្ធនាគារសកម្មជននានា ដោយគ្មានការវិនិច្ឆ័យទោស ដោយរួមទាំងអ្នកកាសែតផង ។
ការបោះឆ្នោតសភា ឆ្នាំ២០១០ ត្រូវបានធ្វើឱ្យខូចជាមុនដោយការបង្ក្រាបទៅលើបណ្តាញ ផ្សព្វផ្សាយព័ត៌មាន , ចាប់ខ្លួន និង ហាមឃាត់បេក្ខជនប្រឆាំង ។អង្គការសិទ្ធិមនុស្សបាន ប៉ាន់ប្រមាណថា ក្នុងឆ្នាំ ២០១០ មានមនុស្សពី ៥.០០០ ទៅ ១០.០០០នាក់ត្រូវបានចាប់ដាក់គុក រយៈពេលវែង ដោយគ្មានការវិនិច្ឆ័យ ។
អង្គការសិទ្ធិមនុស្សបានចងក្រងឯកសារថា ប៉ូលីស បានប្រព្រឹត្តអំពើឃោរឃៅព្រៃផ្សៃ ជាច្រើនរយករណី ដោយរួមទាំងការធ្វើទារុណកម្មរហូតដល់ស្លាប់ជិត ២០០ ករណីផង ។ ប៉ុន្តែរដ្ឋាភិបាលបានបដិសេធជានិច្ច ដោយលើកហេតុផលថា ការប្រើកម្លាំងរបស់ប៉ូលីស គឺដើម្បីពង្រឹងច្បាប់ ។
បដិវត្តន៍ ២៥ មករា
សូមបញ្ជាក់ថា នៅក្នុងពិភព អារ៉ាប់ ការធ្វើបាតុកម្ម ឬការតវ៉ា ដើម្បីផ្លាស់ប្តូររដ្ឋាភិបាល ឬ ផ្លាស់ប្តូរអ្នកកាន់អំណាច ហៅថា បដិវត្តន៍ ដែលពួកអ្នកសារព័ត៌មានលោកខាងលិចច្រើន តែហៅថា បដិវត្តន៍ពណ៌ ។
ក្រុមពួកអ្នកប្រឆាំង នៅ អេហ្ស៊ីប បានគ្រោងថា នឹងធ្វើបដិវត្តន៍នៅថ្ងៃទី២៥ ខែមករានៅពីមុខ ក្រសួងមហាផ្ទៃ ឱ្យស្របទៅនឹង ទិវាប៉ូលិសជាតិ ដើម្បីប្រឆាំងភាពឃោរឃៅព្រៃផ្សៃដែល ប៉ូលិស បានធ្វើកន្លងមក ។
ទីបំផុតថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១១ ( ថ្ងៃបដិវត្តន៍ ) បានមកដល់ ។ បាតុកររាប់ពាន់នាក់បាន ទៅប្រមូលផ្តុំគ្នានៅទីក្រុងកៃរ៉ូ និង រាប់ពាន់នាក់ផ្សេងទៀតនៅតាមបណ្តាទីក្រុងនានា នៃ ប្រទេស ។ ពួកអ្នកតវ៉ា បានទាមទារឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលាលែងពីតំណែង, ឱ្យបញ្ចប់ អំពើពុករលួយរបស់រដ្ឋ , បញ្ចប់នូវច្បាប់គ្រាអាសន្នរដ្ឋ , ទាមទារឱ្យប្រធានាធិបតី មូបារ៉ាក់ លាលែងពីតំណែង និងកំណត់អាណត្តិប្រធានាធិបតីក្រោយៗ ។ ការតវ៉ាប្រព្រឹត្តទៅដោយ គ្មានអំពើហិង្សា ប៉ុន្តែមានសេចក្តីរាយការណ៍ខ្លះថា មានការប៉ះទង្គិចគ្នារវាងជនស៊ីវិល និង ប៉ូលិស ។
ថ្ងៃទី២៦ ខែ និង ឆ្នាំដដែល មានភាពច្របូកច្របល់ក្នុងចំណោមជនស៊ីវិល នៅតំបន់ព្រែកជីក ស៊ុយអេ និង តំបន់ផ្សេងៗទៀតទូទាំងប្រទេស ។ ប៉ូលិស បានចាប់ខ្លួនសកម្មជនជាច្រើននាក់ ។
ថ្ងៃទី២៧ រដ្ឋាភិបាល បិទទីតាំងព័ត៌មានអន្តរជាតិដ៏សំខាន់ៗចំនួន ៤ហើយរំខានដល់ដំណើរការអ៊ីនធឺណេត និងទូរស័ព្ទ ។
ថ្ងៃទី២៨ បន្ទាប់ពីការសូត្រធម៌បួងសួងថ្ងៃ សុក្រ មក ក៏មានបាតុកម្មមួយឈ្មោះថា “ថ្ងៃសុក្រ នៃកំហឹង ” ដោយមានបាតុកររាប់ពាន់នាក់ នៅទីក្រុង កៃរ៉ូ និង ទីក្រុងផ្សេងៗទៀតនៃប្រទេស ។
មេដឹកនាំពួកអ្នកប្រឆាំងលោក ម៉ូហាម៉ាដ់ អាល់បារ៉ាឌី ក៏បានទៅដល់ទីក្រុង កៃរ៉ូ ក្នុងពេលមាន របាយការណ៍ថាមានការលួចប្លន់ ។ ពន្ធនាគារជាច្រើនត្រូវបានបើក និង ដុតបំផ្លាញដោយឮថា ធ្វើឡើងតាមការបញ្ជារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ហាប៊ីប អែល អាដ់លី ។ អ្នកទោស បានរត់ចេញមក ដោយគេជឿថា ក្នុងបំណងបង្កើតអំពើភេវរកម្មចំពោះពួកបាតុករ ។ ប៉ូលិស ត្រូវបានដកចេញពីតាមដងវិថីនានា ជំនួសដោយកងទ័ពត្រូវបានដាក់ពង្រាយ ។
ដល់ដំណាក់កាលជោរជន់បែបនោះ លោក មូបារ៉ាក់ បានចេញមកថ្លែងការណ៍ជាលើកដំបូង ទៅកាន់ប្រជាជាតិ ដោយសន្យាថានឹងបង្កើតរដ្ឋាភិបាលថ្មីមួយ ។ យប់ជ្រៅនៃយប់ថ្ងៃនោះ មានការប៉ះទង្គិចគ្នានៅទីលាន Tahrir រវាងពួកអ្នកបដិវត្តន៍ និងពួកបាតុករ គាំទ្រលោក មូបារ៉ាក់ ។ គ្មានរបាយការណ៍ជាក់លាក់អំពីទីក្រុង កៃរ៉ូ ទេ ប៉ុន្តែមានមនុស្ស ១១ នាក់ត្រូវបានសម្លាប់នៅ តំបន់ព្រែកជីក ស៊ុយអេ និងរងរបួសប្រមាណជា ១.២០០ នាក់នៅទូទាំងប្រទេស ។
ថ្ងៃទី២៩ វត្តមានកងទ័ពបានកើនឡើងនៅទីក្រុង កៃរ៉ូ ។ បម្រាមគោចរត្រូវបានដាក់ចេញ ប៉ុន្តែមិនត្រូវបានអើពើឡើយ ខណៈបាតុករនៅបន្តសម្រុកទៅទីលាន Tahrir នាយប់នោះ ។ កងទ័ពត្រូវបានរាយការណ៍ថា បដិសេធបទបញ្ជា ឱ្យបាញ់ទៅលើបាតុករ ។ ហេតុនេះ យប់នោះ ក៏គ្មានរបាយករណ៍អំពីការប៉ះទង្គិចគ្នាដែរ ។
ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១១ នោះ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន អ៊ីស្រាអែល ផ្សាយថា កងទ័ព អេហ្ស៊ីប កងពលពិសេត្រូវបានបញ្ជាឱ្យចូលទៅទីក្រុង កៃរ៉ូ ។
ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១១ លោក មូបារ៉ាក់ បានចេញមុខថ្លែងសារតាមទូរទស្សន៍ម្តងទៀត ដោយបានផ្តល់សម្បទានជាច្រើន ។ គាត់បានសន្យាថានឹងធ្វើកំណែទម្រង់នយោបាយ ហើយថា គាត់នឹងមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតដែលគ្រោងនឹងធ្វើនៅខែកញ្ញា ខាងមុខឡើយ ប៉ុន្តែថា គាត់មិនលាលែងពីតំណែងបច្ចុប្បន្ននេះទេ ។ ប៉ុន្តែក៏មានការប៉ះទង្គិច គ្នារវាងអ្នកប្រឆាំង និង អ្នកគាំទ្រលោក មូបារ៉ាក់ នៅយប់នោះ ។
ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១១ នោះ មានការប៉ះទង្គិចគ្នាម្តងទៀតរវាងអ្នកគាំទ្រ និង អ្នកប្រឆាំង លោក មូបារ៉ាក់ ខណៈពួកអ្នកគាំទ្រលោក បារ៉ាក់ នាំគ្នាជិះ សត្វអូដ្ឋ និង ជិះសេះ កាន់ដំបង ចូលទៅវាយហ្វូងពួកអ្នកប្រឆាំងលោក មូបារ៉ាក់ នៅទីលាន Tahrir ។ ការប៉ះទង្គិចគ្នានោះ បណ្តាលឱ្យមនុស្សស្លាប់ ៣ នាក់ និង របួសជាង ៦០០ នាក់ ។
នៅក្នុងបទសម្ភាសន៍ ជាមួយភ្នាក់ព័ត៌មានជាច្រើន លោក មូបារ៉ាក់ នៅតែបដិសេធនូវការ ចុះចេញពីអំណាច ។ មន្ត្រីអង្គការ Human Rights Watch បានអះអាងថា តាំងពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១១ ជាពេលដែលបាតុកម្មបដិវត្តន៍ផ្ទុះឡើងមក មានមនុស្សស្លាប់មិនតិចជា ៣០០ នាក់ឡើយ ។
ថ្ងៃទី៦ ខែ និងឆ្នាំដដែល មានការជួបជុំគ្នាប្រារព្ធពិធីសាសនា រវាងពួកអ្នកកាន់សាសនាគ្រិស្ត និងពួកមូស្ល៊ីម នៅទីលាន Tahrir ។ ការចរចារវាងអនុប្រធានាធិបតី អូម៉ា ស៊ូឡីម៉ាន់និងតំណាង ក្រុមប្រឆាំង ក៏បានចាប់ផ្តើមធ្វើឡើងខណៈការតវ៉ាក៏ពុងបន្តនៅទូទាំងប្រទេស ។ លោក ស៊ូឡីម៉ាន់ បានផ្តល់នូវកំណែទម្រង់មួយចំនួន ខណៈរបបលោក មូបារ៉ាក់ បានចោទថាមាន បរទេស រួមទាំងសហរដ្ឋអាមេរិកផង ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ អេហ្ស៊ីប ។
នៅថ្ងៃទី១០ ខែ និងឆ្នាំដដែល លោក មូបារ៉ាក់បានថ្លែងទៅកាន់ប្រជាជន អេហ្ស៊ីប ទៀត គឺគាត់នៅតែមិនព្រមលាលែងពីតំណែង ហើយជាជំនួស គាត់បានសន្យាថា នឹងធ្វើប្រតិភូកម្ម ដោយផ្តល់អំណាចមួយចំនួនទៅអនុប្រធានាធិបតី ហើយគាត់នឹងនៅជាប្រមុខរដ្ឋវិញ ។ សេចក្តីថ្លែងការណ៍របស់លោក មូបារ៉ាក់ មិនត្រឹមតែមិនបានរំងាប់ចិត្តក្រុមអ្នកតវ៉ាឡើយ ថែមទាំងបានធ្វើឱ្យកំហឹងរបស់អ្នកតវ៉ាកាន់តែកញ្ជ្រោលឡើងថែមទៀត ។
ទីអវសាននៃអំណាច មូបារ៉ាក់
ទីបំផុត ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១១ បានមកដល់ ។ ការតវ៉ាទ្រង់ទ្រាយធំ បានបន្តនៅតាមទីក្រុង ជាច្រើននៅទូទាំងប្រទេស ខណៈប្រជាពលរដ្ឋ អេហ្ស៊ីប បដិសេធនូវការផ្តល់សម្បទាន របស់លោក មូបារ៉ាក់ នោះ នៅម៉ោង ៦.០០ ល្ងាច លោកអនុប្រធានាធិបតី ស៊ូឡីម៉ាន់បាន ប្រកាសអំពីការលាលែងពីតំណែងរបស់លោក មូបារ៉ាក់ ហើយការកាន់កាប់ប្រទេស ត្រូវបានប្រគល់ទៅឱ្យ ឧត្តមក្រុមប្រឹក្សាកងទ័ព អេហ្ស៊ីប ជាអ្នករ៉ាប់រងផ្តាច់មុខ ។
ភ្លាមនោះ លោក មូបារ៉ាក់ បានថ្លែងទៅកាន់ប្រជាជាតិទាំងមូលម្តងទៀត ដោយបង្ហាញពីក្តី ស្រឡាញ់របស់គាត់ចំពោះប្រទេសជាតិរបស់គាត់ ហើយបានសុំទោសថាក្តីស្រឡាញ់របស់ គាត់នោះ មិនមែនជាអ្វីដែលប្រជាជាតិ អេហ្ស៊ីប ប្រាថ្នាចង់បាន ។ សម្តីរបស់គាត់ញ៉ាំងឱ្យ បេះដូងរបស់មនុស្សជាច្រើនស្លោកស្រពោន ។ ប៉ុន្តែទីបំផុត ការចុះចេញពីអំណាចរបស់គាត់ គឺជាអ្វីដែលប្រជាពលរដ្ឋចង់បាន ។ មនុស្ស ក៏ប្រារព្ធពិធីអបអរសាទរ នៅទូទាំងប្រទេស ។
អំណាចរបស់ ហូស្ន៊ី មូបារ៉ាក់ ក៏បានដល់ទីអវសាន នាពេលនោះ ដោយប្រការនោះបន្ទាប់ពី បានក្តោបក្តាប់អំណាចនៅ អេហ្ស៊ីប ជារដ្ឋឯកបក្ស អស់រយៈពេល ៣១ ឆ្នាំដែលទៀបតែនឹងជា អំណាចតពូជទៅហើយ ។ ថ្ងៃទី ២៥ ខែ មករា ដែលជាថ្ងៃចាប់ផ្តើមបាតុកម្មតវ៉ា ឬ បដិវត្ត៍ ក៏ត្រូវបានរដ្ឋាភិបាលក្រោយ និង ប្រជាពលរដ្ឋ អេហ្ស៊ីប ប្រារព្ធជា ទិវាបដិវត្តន៍របស់ពួកគេ រហូតមក ៕ ស្រាវជ្រាវប្រែសម្រួលៈ មេសា