ភ្នំពេញៈ រដ្ឋាភិបាល និងប្រជាជាតិឥណ្ឌា ប្រារព្ធទិវាសាធារណៈ របស់ពួកគេ នៅថ្ងៃទី ២៦ មករា ដើម្បីសាទរ និងរំឭកដល់ថ្ងៃដែលរដ្ឋធម្មនុញ្ញដំបូងរបស់ពួកគេបានចូលជាធរមាន កាលពីឆ្នាំ ១៩៥០ ហើយក៏បានក្លាយជាច្បាប់គ្រប់គ្រងរដ្ឋតាំងពីពេលនោះមក ។
ភូមសាស្ត្រ-ប្រជាសាស្ត្រ
សាធារណរដ្ឋឥណ្ឌា មានផ្ទៃដី ៣.២៨៧.២៦៣ គីឡូម៉ែត្រការ៉េ ស្ថិតនៅតំបន់ អាស៊ីខាង ត្បូង ជាប្រទេសធំលំដាប់លេខ ៣ ក្នុងលោក (បន្ទាប់ពី ចិន និងរុស្ស៊ី) មានព្រំដែនជាប់នឹងប្រទេស ចិន ប៊ូតាន់ ប៉ាគីស្ថាន បង់ក្លាដេស ណេប៉ាល់ មីយ៉ាន់ម៉ា ស្រីលង្កា ម៉ាលឌីវ សមុទ្ទ ឥណ្ឌា សមុទ្ទអារ៉ាប់ និងឈូងសមុទ្ទ បេងហ្កាល់ ។ ឥណ្ឌា គឺជាដែនដីកំណើតសាសនាធំៗចំនួនពីរ ក្នុងលោក (ព្រហ្មញ្ញ និងពុទ្ធសាសនា) ក្នុងចំណោមសាសនាធំបំផុត ទាំងបួន (គ្រិស្ត ឥស្លាម គឺហិណ្ឌូ ឬព្រហ្មញ្ញ និងពុទ្ធសាសនា)។ ដើមឆ្នាំ២០២០ មានប្រជាពលរដ្ឋ ជាង ១.៣៧៤ លាននាក់ ( គឺជាចំនួនច្រើនបំផុតលំដាប់លេខ ២ បន្ទាប់ពី ចិន ដែលមានប្រជាជន ជាង ១.៤៣៧ លាននាក់ ) ភាគច្រើន ជាអ្នកកាន់សាសនាហិណ្ឌូ ពុទ្ធសាសនា ឥស្លាម និងគ្រិស្ត សាសនា ភាសាផ្លូវការ គឺភាសាឥណ្ឌា រដ្ឋធានី គឺទីក្រុងញូវដេលី ។
ប្រវត្តិសាស្ត្រ
ក្រុមហ៊ុនរបស់អង់គ្លេសឈ្មោះ The English East India Company ( ឬ British East India Company ) បានចូលទៅធ្វើពាណិជ្ជកម្មនៅភាគខាងកើត នៃ អាណា ចក្រ ឥណ្ឌា នៅឆ្នាំ ១៦១១ ហើយបានបង្កើត និង ពង្រីករោងចក្ររបស់ខ្លួនជាបន្ត បន្ទាប់នៅឆ្នេរសមុទ្ទ ឥណ្ឌា ខាងកើត និង ខាងត្បូង ។ កាលណោះក៏មានក្រុមហ៊ុន របស់ ព័រទុយហ្កាល់ ហុល្លង់ បារាំង និង ដាណឺម៉ាក បានបោះទីតាំងបង្កើតពាណិជ្ជកម្មរបស់ខ្លួននៅក្នុងតំបន់ទាំងនោះដែរ ដែលគេអាចស្រមៃ ឃើញថា អាណាចក្រ ឥណ្ឌា នាសម័យកាលនោះ មមាញឹកដោយពាណិជ្ជកម្មជាមួយ ពួកអឺរ៉ុប។
ផលប្រយោជន៍ពាណិជ្ជកម្ម បាននាំអោយមានសង្គ្រាមរវាងក្រុមហ៊ុន The English East India Company និង ស្តេចត្រាញ់ ជាម្ចាស់ទឹកដីចាប់ពីឆ្នាំ ១៧៥៧ ហើយ The English East India Company បានជោគជ័យលើម្ចាស់ទឹកដីជាបន្តបន្ទាប់ទៀតដូចជាសង្គ្រាមនៅឆ្នាំ ១៧៦៤ នៅ ប៊ីហា , សង្គ្រាម Anglo-Mysore ពីឆ្នាំ ១៧៦៦ -១៧៩៩ និង សង្គ្រាម Anglo-Maratha ពីឆ្នាំ ១៧៧២-១៨១៨ ធ្វើអោយ The English East India Company ពង្រីកដែនដីត្រួតត្រាធំឡើងៗ គ្មានអំណាចម្ចាស់ស្រុកណាមួយអាចគំរាមកំហែងឡើយ ពោលគឺក្រុមហ៊ុននេះជាអ្នកត្រួតត្រា ម្ចាស់ស្រុកទៅវិញ ។
អាណាខេត្ត និង ដែនដីនានាត្រូវបានបង្រួបបង្រួមក្រោមអំណាចត្រួតត្រារបស់ The English East India Company ទាំងអស់បន្ទាប់ពីក្រុមហ៊ុន នេះបានឈ្នះសង្គ្រា Anglo-Sikh ពីឆ្នាំ ១៨៤៩-១៨៥៥ ។
នៅឆ្នាំ ១៨៥៧ មានឧទ្ទាមកម្មបានផ្ទុះឡើងគ្រប់ទិសទីប្រឆាំងនឹងការត្រួតត្រារបស់ក្រុមហ៊ុន English East India Company ដែលត្រូវបានគេហៅថា សង្គ្រាមលើកទី ១ ដើម្បីឯករាជ្យឥណ្ឌា , មហាឧទ្ទាម , ឧទ្ទាម ឥណ្ឌា និង បដិវត្តន៍ ១៨៥៧ ជាដើម ។
ឧទ្ទាមនេះបានធ្វើអោយក្រុមហ៊ុន English East India Company ឈានដល់ដំណាក់កាលជិត ដួលរលំ ។ រដ្ឋាភិបាលចក្រភពអង់គ្លេស ក៏បានចាប់ផ្តើមចូលអន្តរាគមន៍ដោយរៀបគោល នយោបាយ ប្រព័ន្ធរដ្ឋបាល និង ហិរញ្ញវត្ថុ ចូលទៅគ្រប់គ្រងក្រុមហ៊ុននេះ ហើយទីបំផុតបាន កម្ទេចពួក បដិវត្តន៍ ឥណ្ឌា ចោលដោយជោគជ័យនៅឆ្នាំ ១៨៥៨ ហើយប្រទេសឥណ្ឌា ក៏បានធ្លាក់ក្រោមការត្រួតត្រារបស់ចក្រភពអង់គ្លេស ដោយមានស្តេចអង់គ្លេស ជាស្តេចរបស់ ឥណ្ឌា ទាំងស្រុងចាប់ពីពេលនោះ ។
ចលនាដើម្បីឯករាជ្យ
ប្រជាជន ឥណ្ឌា តែងតែមានគំនិតចង់រើបម្រះពីការត្រួតត្រារបស់អង់គ្លេសជាដរាប ទីបំផុតបង្កើតបានជាគណបក្សនយោបាយមួយឈ្មោះ Indian National Congress នៅឆ្នាំ ១៨៨៥ ជាបក្សដ៏ធំ និងដំបូងបំផុតក្នុងការទាមទាររកឯករាជភាពរបស់ ឥណ្ឌា ។
អាណានិគម អង់គ្លេស បានធ្វើកំណែទម្រង់ច្រើនគួរសមដែរ ប៉ុន្តែប្រជាពលរដ្ឋ ឥណ្ឌា ច្រើនឡើងៗទាមទាររកសិទ្ធិស្វ័យគ្រប់គ្រង ជាពិសេស ការលេចឡើងនូវចលនា មិនសហការ អហិង្សា ដឹកនាំដោយលោក ម៉ូហាន់ដាស ការ៉ាមចាន់ គន្ធី (មហាត្មៈ គន្ធី ) នៅឆ្នាំ ១៩៣០ ។
ទីបំផុតនៅថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ១៩៤៧ ឥណ្ឌា ទទួលបានឯករាជភាពពីចក្រភពអង់គ្លេស តាមរយៈកិច្ចព្រមព្រៀងផ្តល់ឯករាជភាពអោយ ឥណ្ឌា នាឆ្នាំ ១៩៤៧ ។ ប៉ុន្តែក្នុងច្បាប់នេះ អង់គ្លេស បានបែងចែកប្រទេសឥណ្ឌាទៅជារដ្ឋឯករាជ្យពីរដាច់ដោយឡែកពីគ្នា គឺ ឥណ្ឌា និង ប៉ាគីស្ថាន ។
ឥណ្ឌា ទទួលបានឯករាជភាពក៏ពិតមែន ប៉ុន្តែក្នុងឋានៈជាប្រទេស រាជាធិបតេយ្យ អាស្រ័យរដ្ឋធម្មនុញ្ញ ដោយមានស្តេច ចច ទី៦ របស់អង់គ្លេស ជាប្រមុខរដ្ឋ និងអគ្គទេសាភិបាល អង់គ្លេសម្នាក់ ។ នេះបានសេចក្តីថា ឥណ្ឌា ទទួលបានឯករាជភាព ប៉ុន្តែឥណ្ឌានៅមិនទាន់ មានច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្លួននៅឡើយ គឺនៅតែប្រើប្រាស់ច្បាប់ ឆ្នាំ១៩៣៥ ដែលត្រូវបាន តាក់តែងឡើង ដើម្បីបម្រើឱ្យផលប្រយោជន៍អាណានិគមអង់គ្លេស ជាជាងប្រជាពលរដ្ឋ ឥណ្ឌា ។
ដោយហេតុនេះ នៅថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ១៩៤៧ គណៈកម្មាធិការពង្រាងច្បាប់មួយ ត្រូវបានបង្កើតឡើងដើម្បីព្រាងច្បាប់រដ្ឋធម្មនុញ្ញ ឥណ្ឌា ។
សេចក្តីព្រាងច្បាប់មួយ ត្រូវបានដាក់ជូនរដ្ឋសភា អនុម័តនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ១៩៤៧ ។ រដ្ឋសភា បានជួបប្រជុំគ្នា ជាបន្តបន្ទាប់ បើកចំហជាសាធារណៈ សម្រាប់រយៈ១៦៦ ថ្ងៃ ក៏នៅតែមិនទាន់ព្រមព្រៀងគ្នាឈានដល់ការអនុមត្តិ ទើបអូសបន្លាយរហូតដល់ ពីរ ឆ្នាំ ១១ ខែ និង ១៨ ថ្ងៃ ទើបច្បាប់នោះត្រូវបានអនុម័ត ។
បន្ទាប់ពីការសម្រេច និងការកែប្រែជាច្រើនមក សមាជិកសភា ៣០៨ រូប បានចុះហត្ថលេខា លើច្បាប់រដ្ឋធម្មនុញ្ញដំបូងរបស់ឥណ្ឌា ដែលសរសេរជាពីរភាសា (ភាសាហិណ្ឌូនិងភាសា អង់គ្លេស ) ដែលជាច្បាប់សេរសេរដោយដៃ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៥០ ។ ពីរថ្ងៃក្រោយមក គឺនៅថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៥០ នោះ ច្បាប់នេះបានចូលជាធរមានទូទាំងប្រទេស ។
ចាប់ពីពេលនោះមក ឥណ្ឌា ប្រារព្ធទិវាសាធារណៈ របស់ខ្លួនដើម្បីរំឭក និងអបអរ សាទរដល់ ថ្ងៃដែលពួកគេមានច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្លួនដោយប្រការដូច្នោះឯង ៕ ស្រាវជ្រាវដោយៈ មេសា