ដោយៈ វចនានុក្រមខ្មែរសម្តេចសង្ឃរាជ ជួន ណាត
លំបាក ( កិ. ) ពិបាក, ធ្វើបានដោយកម្រ : លំបាកទៅ ។ គុ. ដែលពិបាក; ដែលក្រីក្រ, តោកយ៉ាក : ការលំបាក; មនុស្សលំបាក, មនុស្សក្រលំបាក ។ ន. សេចក្ដីលំបាក; ដំណើរតោកយ៉ាក, ការទ័លក្រ : ធ្វើបានដោយលំបាក, រកស៊ីដោយលំបាក ។
ពិបាក សំ. បា. ( កិ. ) (វិបាក ប្រើជា ន. “ផលកម្ម; សេចក្ដីទុក្ខ; កម្រ; ការក្រ…” លំបាក, ធ្វើបានដោយកម្រ : ពិបាកធ្វើ, ពិបាកទៅ, ពិបាកចិត្ត ។
តំណ ( ន. ) កន្លែងដែលត, មុខដែលតភ្ជាប់គ្នា; កាល, គ្រា, ជំនាន់, ដែលតគ្នា : តំណខ្សែ; តំណនៃវង្សត្រកូល; ចម្រៀងនេះមានតំណពីរឿងមុនមក ។
តង្កៀប តង់-កៀប ( ន. ) ប្រដាប់សម្រាប់ថ្កៀប : របស់នេះតូចល្អិតពេក លុះត្រាតែមានតង្កៀបមកថ្កៀប ទើបយកបានដោយស្រួល ។
តក្កវិជ្ជា ត័កកៈ- បា.; សំ. ( ន. ) (តក៌វិទ្យា) វិជ្ជាត្រិះរិះ គឺចំណេះខាងពិចារណារិះរកហេតុផលដែលប្លែកឲ្យឃើញប្រាដកដោយគំនិតខ្លួនឯង, វិជ្ជាសម្រាប់ត្រិះរិះរាវរកខាងរបៀបបែបបទក្នុងការនិយាយស្ដីឬក្នុងកិច្ចការផ្សេងៗឲ្យបានត្រឹមត្រូវសមរម្យទៅតាមលក្ខណៈនៃហេតុផល… : មនុស្សគ្មានតក្កវិជ្ជា និយាយចាបចុងប្រយុងដើមស្ដាប់មិនបាន ។
តក់ប្រមា តក់ប្រម៉ា ស. ( កិ. ) (តកប្រះហ្មា់ អ. ថ. តុកប្រះហ្មា “តក់ស្លុត, ស្លុតស្លន់”) តក់ប្រាជ្ញា គឺតក់ស្លុតស្លន់ញ័រទទ្រាក់ទទ្រើកស្ទើរភ័ន្តបាត់ប្រាជ្ញាស្មារតី; ច្រើនប្រើជាមួយនឹងពាក្យ ភ័យ ថែមទៀតផង : ភ័យតក់ក្រមា (និយាយក្លាយមកជា តក្កមា) ។ ម. ព. ប្រមា ១ ផង) ។
ឋានានុក្រម ឋា ន៉ា នុ ក្រំ បា.; សំ. ( ន. ) (ឋាន + អនុក្កម > ឋានានុក្កម; ស្ថាន + អនុក្រម > ស្ថានានុក្រម) លំដាប់ឬរបៀប នៃទី, នៃងារ, នៃមុខងារ, នៃស័ក្តិយស ។ ក្នុងកម្ពុជប្រទេសយើង ប្រើពាក្យនេះជាតំណែងនៃសមណស័ក្តិថ្នាក់តូចជាងទីរាជាគណៈ តាមលំដាប់ចុះមក : និមន្តព្រះភិក្ខុសង្ឃរាជាគណៈ ឋានានុក្រម ២០ រូបចម្រើនព្រះបរិត្ត ។
ឋបនកម្ម ឋៈ-ប៉ៈ-ន៉ៈ-កាំ បា. ( ន. ) កម្មគឺការតម្កល់ទុកនូវអ្វីៗ; អំពីដែលគេរៀបចំតាក់តែងឡើង, ការធ្វើអ្វីមួយឲ្យកើតឡើងហើយតម្កល់តាំងទុកឲ្យបានឋិតថេរតទៅ : ឋបនកម្មនៃយន្ដតម្បាញ គេបានធ្វើរួចស្រេចហើយ ។
ឋិតថេរ បា.; សំ. ( គុ. ) (ឋិត + ថិរ; ស្ថិត + ស្ថិរ) ដែលឋិតនៅយូរ, អង្វែង; ដែលតាំងនៅមាំមួន, ខ្ជាប់ខ្ជួន; ដែលជាប់បានយូរ; ស្ថាពរ : របស់ឋិតថេរ, ការងារឋិតថេរ ។ កិ. វិ. ដែលមានជាប់យូរមកហើយ មិនដែលដាច់, មិនដែលឈប់ : ធ្វើការឋិតថេរ ៕ ដកស្រង់ៈ សម្បត្តិកញ្ញា