ខេត្តយូនណានជាកន្លែងមួយដែលមានជនជាតិដ៏ច្រើន ។ វប្បធម៌ដ៏ចម្រុះពណ៌បានធ្វើឱ្យខេត្ត យូនណានមានទំនៀមទម្លាប់ឆ្លងបុណ្យចូលឆ្នាំប្រពៃណីចិនដែលមានលក្ខណៈពិពិធកម្ម។ប្រជាជនជនជាតិផ្សេងៗទទួលស្វាគមន៍បុណ្យចូលឆ្នាំប្រពៃណីចិនតាមវិធីគ្រប់ប្រភេទ។យើងខ្ញុំសូមចែករំលែកគ្នាជាមួយលោកអ្នកអំពីបរិយាកាសសប្បាយរីករាយរបស់ជនជាតិភាគតិចខេត្តយូនណានក្នុងបុណ្យចូលឆ្នាំប្រពៃណីចិន។
មនុស្សរាប់ម៉ឺននាក់រាំរបាំជាមួយគ្នា
ក្នុងភាសាជនជាតិជីងភួពាក្យថា“មូណាវជុងកឺ”មានន័យថារាំរបាំជាមួយគ្នា ។ ប្រជាជនជនជាតិ ជីងភួចូលចិត្តអបអរសាទរបុណ្យចូលឆ្នាំថ្មីតាមរយៈការច្រៀងចម្រៀងនិងរាំរបាំជាមួយគ្នា ។ បុរសជនជាតិជីងភួវាយស្គរឈើដែលបញ្ចេញសំឡេង “តុង តុង តុង” ដែលបានបើកសម្ពោធ នូវទិវាមូណាវជុងកឺ។ អ្នករាំរបាំនាំគេ ២នាក់កាន់កាំបិតវែងក្នុងដៃពាក់មួករាងបក្សី ហើយដើរនៅ មុខអ្នករាំផ្សេងទៀត។ នៅក្រោយអ្នករាំរបាំ ២នាក់នោះប្រជាជនជនជាតិជីងភួដែលបានស្លៀក ពាក់សម្លៀកបំពាក់ដ៏ស្រស់ស្អាតចាប់ដៃគ្នា និងដើរចូលទៅទីធ្លាដើម្បីរាំរបាំជាមួយគ្នា និងបានបង្កើតជាក្បួនរបាំរាប់ម៉ឺននាក់។
ក្មេងចាស់ប្រុសស្រីរួមគ្នាមុជទឹកក្តៅផុសពីក្រោមដី
ក្នុងចន្លោះពីថ្ងៃទី១ ដល់ទី ៣ ខែ ១ តាមចន្ទគតិចិនចំពេលផ្កាផានជឺរីកស្គុះស្គាយយ៉ាងស្រស់ បំព្រងប្រជាជនជនជាតិលីស៊ូដែលរស់នៅក្នុងតំបន់ជ្រលងទន្លេនូជាំងភាគខាងលិចខេត្តយូនណានតែងតែរួមគ្នាអបអរសាទរទិវាប្រពៃណីដ៏សំខាន់មួយគឺ ទិវាមុជទឹក ។ ក្មេងចាស់ប្រុស ស្រីនាំគ្នាធ្វើដំណើរពីតំបន់ផ្សេងៗទៅមុជទឹកក្តៅផុសពីក្រោមដី។ក្នុងស្រះទឹកក្តៅផុសពីក្រោម ដីគេប្រលែងគ្នា ឬមើលភ្នំខ្ពស់នៅទីឆ្ងាយដែលអាចជួយបន្ធូរអារម្មណ៍របស់ខ្លួន និងមានភាព សប្បាយរីករាយ។ ជនជាតិលីស៊ូជឿជាក់ថាការមុជទឹកក្តៅផុសពីក្រោមដីក្នុងបុណ្យចូលឆ្នាំថ្មី អាចបំបាត់នូវភាពនឿយហត់និងកង្វល់ ដើម្បីទទួលស្វាគមន៍ការមកដល់នៃឆ្នាំថ្មី។ ទំនៀម ទម្លាប់នេះបានត្រូវទទួលបន្តរហូតដល់សព្វថ្ងៃនេះហើយបានក្លាយទៅជាសកម្មភាពអបអរឆ្នាំថ្មីដែលមានការចូលរួមពីទេសចរកាន់តែច្រើននិងអ្នកស្រុកក្នុងតំបន់ ។
“ពិធីពេញវ័យ”ដែលរៀបចំនៅពេលមានអាយុ១៣ ឆ្នាំ
បើនិយាយចំពោះយុវជនយុវនារីជនជាតិភូមីដែលមានអាយុ១៣ឆ្នាំលើខ្ពង់រាបភាគពាយ័ព្យ នៃខេត្តយូនណានបុណ្យចូលឆ្នាំថ្មីមានសារៈសំខាន់ណាស់។ ពីព្រោះនៅបុណ្យចូលឆ្នាំ ប្រពៃណីចិនគេត្រូវចូលរួមពិធីស្លៀកខោឬពិធីស្លៀកសំពត់ ។នៅថ្ងៃដាច់ឆ្នាំក្មេងៗដែលគម្រប់ អាយុ១៣ ឆ្នាំ ត្រូវជួបជុំគ្នាដើម្បីរួមគ្នាអបអរសាទរការពេញវ័យនិងលាចាកពីកុមារភាព យ៉ាងសប្បាយរីករាយ។ នៅពេលព្រលឹម គេត្រូវត្រឡប់ទៅផ្ទះវិញភ្លាមៗ។ ក្មេងប្រុសនិងក្មេង ស្រីត្រូវចូលរួមពិធីពេញវ័យដោយបែងចែកពីគ្នា។ ពិធីពេញវ័យរបស់ក្មេងស្រីត្រូវគេហៅថា “ពិធីស្លៀកសំពត់” ដែលម្តាយធ្វើជាអធិបតីចំណែកពិធីពេញវ័យរបស់ក្មេងប្រុសត្រូវគេហៅថា “ពិធីស្លៀកខោ” ដែលមាធ្វើជាអធិបតី។ នៅពេលរៀបចំពិធីខាងលើឪពុកម្តាយត្រូវរៀបចំពិធី ជប់លៀងដើម្បីទទួលស្វាគមន៍ញាតិមិត្តដែលមកចូលរួមក្នុងពិធីពេញវ័យរបស់កូនគេ។ គេត្រូវជូនសម្លឆ្អឹងមួយចានសាច់មួយដុំបេះដូងនិងថ្លើមជ្រូកខ្លះឱ្យភ្ញៀវម្នាក់ៗដើម្បីបង្ហាញថាភ្ញៀវ ទាំងអស់គ្នាជាញាតិមិត្តជិតស្និទ្ធរបស់គេ ហើយមានចិត្តថ្លើមតភ្ជាប់នឹងគ្នា ៕