ដោយ: ម៉ារ៉ា / ភ្នំពេញ: បុរសជើងខ្លាំងម្នាក់ស្រវឹងស្រាទាញកាំភ្លើងពីបុរសម្នាក់ទៀតបាញ់១គ្រាប់ បណ្ដាលឲ្យបុរសម្នាក់រងរបួសជើងឆ្វេងយ៉ាងដំណំ។ ហេតុការណ៍នេះ កើតនៅវេលាម៉ោង៨យប់ ថ្ងៃទី២៦ខែមករាឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោខណ្ឌដង្កោ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ ឃិន ឆៃយ៉ា មុខរបរដើរទិញអេដចាយ ស្នាក់នៅភូមិម័ល សង្កាត់ដង្កោខណ្ឌដង្កោ បានមកបុកប៊ីយែរ ខណៈដែលជនសង្ស័យបានផឹកស៊ីមានគ្នាប្រមាណជា៣ទៅ៤នាក់ បានអួតកាំភ្លើងចុះឡើង ស្រាប់តែជនបង្កដែលគេដឹងថា ឈ្មោះ ណូ បានយកកាំភ្លើងពីបុរសម្នាក់ទៀតមកបាញ់ផ្ចុចនឹងដី បណ្ដាលឲ្យខ្ទាតត្រូវបុរសម្នាក់ ឈ្មោះ ឃិន ឆៃយ៉ា តែម្ដង។ ភ្លាមៗនោះ ជនបង្កបានរត់គេចខ្លួនបាត់ ឯជនរងគ្រោះបានបងប្អូនបញ្ជូនទៅមន្ទីរពេទ្យខ្មែរសូវៀត ហៅពេទ្យរុស្សី ដើម្បីសង្គ្រោះ។

ក្រោយកើតហេតុ ជនរងគ្រោះ បានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋាបាលសង្កាត់ដង្កោ ចំណែកជនសង្ស័យសមត្ថកិច្ចបានកំពុងធ្វើការស្រាវជ្រាវបន្ត ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់៕ ល/Ha