ដោយ: សាវរក្ស / ភ្នំពេញ: មន្ត្រីយោធាម្នាក់ត្រូវចរន្តអគ្គិសនីឆ្លងតាមម៉ូទ័រ ឆក់ស្លាប់នៅកន្លែង ខណៈពេលតភ្លើងបូមទឹកបាញ់ខ្សាច់ដាក់ក្រោមផ្ទះ និងស្ត្រីជាប្រពន្ធ រងរបួសធ្ងន់ នៅពេលស្ទុះទៅជួយប្តីដែលត្រូវភ្លើងឆក់។ ហេតុការណ៍គ្រោះថ្នាក់នេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្សារក្រមួន តាមផ្លូវបេតុង(អតីតផ្លូវដែក)ក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។
ជនរងគ្រោះ ដែលស្លាប់បាត់បង់ជីវិតឈ្មោះគង់ ដារ៉ា ភេទប្រុសអាយុ ៤៥ឆ្នាំ ជាមន្ត្រីយោធានៅខេត្តស្ទឹងត្រែង មានលំនៅ ស្នាក់នៅកន្លែងកើតហេតុ ។ចំណែក ស្ត្រីជាប្រពន្ធឈ្មោះរ៉ុង អាយុ៣៩ឆ្នាំ មុខរបរអ៊ុតសក់ រងរបួសធ្ងន់ត្រូវរថយន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសជាប្តីបានតភ្លើង ដាក់ម៉ូទ័របូមទឹកបាញ់ដីខ្សាច់ឲ្យចូលក្រោមផ្ទះ ដើម្បីស្ទូចលើកផ្ទះ។ ខណៈនោះគេឃើញ ជនរងគ្រោះ បានទម្លាក់ម៉ូទ័រធ្វើពីដែក ចូលក្នុងទឹកដោយចងលួស ស្រាប់តែដាច់លួសធ្លាក់ចូលទៅក្នុងទឹកជ្រៅ ហើយជនរងគ្រោះក៏បានចុះទៅស្រង់យកម៉ូទ័រ ក៍ត្រូវចរន្តអគ្គីសនីឆ្លងឆក់ដួលធ្លាក់ចូលទឹកតែម្តង។
ប្រភពដដែលបានបន្តថា ស្ត្រីជាប្រពន្ធក៏បានឃើញប្តីត្រូវចរន្តអគ្គិសនីឆក់ក៏បានស្ទុះទៅជួយ ក៏ត្រូវចរន្តអគ្គិសនីឆក់ដែរ។ភ្លាមៗ អ្នកក្បែរខាងបានឃើញក៏បានប្រកាសហៅអ្នកភូមិ នាំគ្នាទៅជួយសង្គ្រោះ ស្រង់លើកដាក់លើនិងធ្វើចលនាសង្គ្រោះ បុរសជាប្តីបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។ចំណែកស្ត្រីជាប្រពន្ធរងរបួស ត្រូវបានរថយន្តសាមុយបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ក្រោយមកដឹងខ្លួនវិញ៕ ល/Ha