ស្ត្រីចិនតៃវ៉ាន់ម្នាក់មានផែនការធ្វដំណើរទៅកាន់ទីក្រុងវូហានកាលពីពេលមុននេះក្នុងខែនេះតែដោយសារឆ្កែរបស់គាត់ខាំបំផ្លាញលិខិតឆ្លងដែនធ្វើអោយគាត់ខកខានមិនបានទៅកាន់ទីក្រុងដែលរងការវាយប្រហារដោយវីរុសគួរអោយខ្លាចនេះ។
ម្ចាស់ឆ្កែបានថតបង្ហោះរូបលិខិតឆ្លងដែនរហែក ជាមួយនឹងឆ្កែរបស់គាត់ ឈ្មោះគីមី ។
កាលពីថ្ងៃ១៣មករា នៅពេលឆ្កែបំផ្លាញឯកសារធ្វើដំណើរ ស្ត្រីដែលមិនសប្បាយចិត្តនេះបានសរសេរបង្ហោះក្នុងហ្វេសប៊ុកថា «ខ្ញុំទៅកាន់បន្ទប់និងបានឃើញបែបនេះ!»។មានន័យថា គាត់មិនអាចទិញសំបុត្រយន្តហោះធ្វើដំណើរទៅកាន់ខេត្តហ៊ូបេ និងបង្ខំចិត្តលុបចោលការធ្វើដំណើរទៅទីនោះ។
ចាប់តាំងពីពេលនោះមក ក្រុងវូហាន នៃខេត្តហ៊ូបេ ត្រូវបិទ ក្រោយការផ្ទុះវីរុសនិងចម្លងជម្ងឺពេញទីក្រុង។
ស្ត្រីដែលមានផែនការធ្វើដំណើរទៅកាន់ក្រុងវូហាននៅខែនេះបានអរគុណឆ្កែដែលបានស៊ីបំផ្លាញលិខិតឆ្លងដែលបានបង្ខំអោយគាត់លុបចោលដំណើរទៅកាន់ទីក្រុងរបស់ចិនមួយនេះនៅពេលវាចាប់ផ្តើមផ្ទុះវីរុសឆ្លង
គិតមកត្រឹមថ្ងៃចន្ទទី២៦មករានេះ មនុស្ស៨០នាក់ហើយបានស្លាប់ដោយវីរុសនេះនៅចិន ភាគច្រើនបំផុតនៅវូហាន និងប្រមាណ២.៧០០នាក់ទៀតឆ្លង។
នៅពេលក្រុងវូហាននៅតែបិទខ្ទប់មិនអោយមានការធ្វើដំណើរចេញចូល ដោយជនបរទេសមួយចំនួនធំជាប់នៅទីនោះផង ស្ត្រីតៃវ៉ាន់នេះបានប្រែក្លាយការមិនសប្បាយចិត្តចំពោះឆ្កែរបស់នាងមកជាអរគុណវា ដោយគាត់បាននិយាយថា « ឆ្កែនេះពិតជាបានជួយការពារខ្ញុំ។ក្រោយពីលិខិតឆ្លងដែនរបស់ខ្ញុំត្រូវវាខាំបំផ្លាញវីរុសចាប់ផ្តើមបង្ហាញខ្លួននៅទីនោះ។សំណាងណាស់ ឯងបានរារាំងដំណើររបស់ខ្ញុំ»៕ប្រែសម្រួល៖វាសនា