ដោយៈអ៊ុន សុដាវី/ភ្នំពេញៈក្នុងអំឡុងសតវត្សរ៍ទី២០ ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយរបបខ្មែរក្រហម ដែលជារបបដ៏ឃោរឃៅនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ របបនេះបានបង្កឲ្យមនុស្សស្លាប់ប្រមាណជាងពីរលាននាក់ ព្រមទាំងបានបំផ្លិចបំផ្លាញប្រទេសកម្ពុជាស្ទើរតែទាំងស្រុងត្រឹមតែរយៈពេលប្រហែល៤៤ខែប៉ុណ្ណោះ។
រហូតមកដល់សព្វថ្ងៃ របបខ្មែរក្រហមបានកន្លងផុតអស់រយៈពេល៤១ឆ្នាំមកហើយ ប៉ុន្តែប្រធានបទនៃប្រវត្តិសាស្ត្រខ្មែរក្រហម នៅតែមានសារសំខាន់សម្រាប់ប្រទេសកម្ពុជា និងសកលលោកទាំងមូល។ ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសអូស្ត្រាលី និងនិស្សិតមកពី Trinity Law School នៅសហរដ្ឋអាមេរិក បានមកទស្សនានៅមជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងគោលបំណងស្វែងយល់អំពីប្រវត្តិសាស្ត្រនេះ។ នៅថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ២០២០ ក្រុមអ្នកស្រាវជ្រាវ និងនិស្សិត ទទួលបានការបង្ហាញពីបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាអំពីពិព័រណ៍រូបថត និងបន្ទាប់មកបានទស្សនាខ្សែភាពយន្ត «កុំស្មានបងភ្លេច» ដែលជាខ្សែភាពយន្តឯកសារស្ដីពីប្រវត្តិសិល្បៈ និងតន្ត្រីខ្មែរ នៅទសវត្សរ៍ទី៦០ និង៧០។ «កុំស្មានបងភ្លេច» បានបង្ហាញពីទស្សនវិស័យ និងសុទិដ្ឋិនិយមរបស់ប្រទេសកម្ពុជា ដែលធ្លាប់បានឆ្លងកាត់សង្គ្រាម និងអំពើប្រល័យពូជសាសន៍។ បន្ទាប់ពីទស្សនាខ្សែភាពយន្ត ក្រុមអ្នកស្រាវជ្រាវ និងនិស្សិត បានចូលរួមស្តាប់ការរៀបរាប់អំពីរឿងរ៉ាវដែលបានកើតឡើងក្នុងខ្មែរក្រហមដោយបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលផ្តោតសំខាន់ទៅលើជីវិតរស់នៅប្រចាំថ្ងៃរបស់ជនជាតិចាមនៅក្នុងរបបខ្មែរក្រហម។
វាគ្មិន ក៏បានឆ្លើយតបទៅនឹងចម្ងល់ពីក្រុមអ្នកស្រាវជ្រាវ និងនិស្សិត ដែលបានលើកឡើងដូចខាងក្រោម ៖
បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ តើសន្តិភាព និងការផ្សះផ្សានៅក្នុងប្រទេសកម្ពុជា មានលក្ខណៈយ៉ាងដូចម្តេចដែរ?
កិច្ចការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា មានគោលបំណងសំខាន់ៗចំនួនពីរគឺ ទី១.ការចងចាំ សំដៅទៅដល់ការអប់រំអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ដែលកំពុងតែដំណើរការនៅក្នុងកម្មវិធីសិក្សាកម្រិតវិទ្យាល័យនៅក្នុងប្រព័ន្ធអប់រំក្នុងប្រទេសកម្ពុជា។ សិស្សានុសិស្សដែលស្ថិតនៅក្នុងកម្រិតវិទ្យាល័យចាប់ពីថ្នាក់ទី៩ដល់ថ្នាក់ទី១២ តម្រូវឲ្យសិក្សាមេរៀនប្រវត្តិសាស្ត្រជាចាំបាច់នៅក្នុងថ្នាក់រៀន។ ទី២. យុត្តិធម៌ គឺជាដំណើរការរបស់តុលាការដែលកំពុងតែកើតមានឡើងនៅក្នុងតុលាការខ្មែរក្រហម ដែលមេដឹកនាំខ្មែរក្រហមត្រូវបាននាំយកមកកាត់ទោសនៅទីនេះ។ រីឯការផ្សះផ្សាវិញ មជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្កើតមជ្ឈមណ្ឌលនៅតាមបណ្តាខេត្ត ដូចជា មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង មានទីតាំងស្ថិតនៅលើជួរភ្នំដងរែក ក្នុងស្រុកអន្លង់វែង ដែលជាអតីតតំបន់តស៊ូចុងក្រោយរបស់ក្រុមខ្មែរក្រហម។ ក្រៅពីនោះ យើងបានបង្កើតមជ្ឈមណ្ឌលឯកសារខេត្តព្រៃវែង ស្ថិតនៅក្នុងសាលាគរុកោសល្យភូមិភាគព្រៃវែង និងមជ្ឈមណ្ឌលផ្សះផ្សាវាលវែង ស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានដាក់តម្កល់ឯកសារអំពីរបបខ្មែរក្រហម និង បម្រើដល់សាធារណជនសម្រាប់សិក្សាស្រាវជ្រាវ ព្រមទាំងជាវេទិកាពិភាក្សាគ្នារវាងជនរងគ្រោះ កម្មាភិបាលខ្មែរក្រហម និងក្មេងៗជំនាន់ក្រោយ។
មជ្ឈមណ្ឌលទាំងនេះ គឺជាកិច្ចការមួយដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងសហគមន៍ មានការជួបប្រជុំរវាងជនរងគ្រោះ និងកម្មាភិបាលខ្មែរក្រហម ដើម្បីចែករំលែកបទពិសោធន៍អតីតកាលដល់ក្មេងៗជំនាន់ក្រោយ។
តើប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាត្រូវបានលើកឡើងយកមកពិភាក្សាបានដល់កម្រិតណាដែរ?
ដើម្បីឆ្លើយតបទៅនឹងសំណួរនេះគឺទាមទារឲ្យយើងក្រឡេកមើលទៅលើការបរិច្ឆេទនៃប្រវត្តិសាស្ត្រ។ ប្រទេសកម្ពុជា បានឆ្លងកាត់ជាច្រើនជំនាន់ហើយជំនាន់នីមួយៗមានទាំងបន្លាស់ប្តូរសង្គម និងបរិបទនយោបាយផ្សេងៗពីគ្នា។
តើមានការពិភាក្សាយ៉ាងទូលំទូលាយដែរឬទេអំពីប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យដែលបានកើតឡើងចន្លោះឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩?
ជាការពិតណាស់ ប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ គឺត្រូវបាននិយាយដោយបើកចំហ ពីព្រោះ យើងមានការបង្រៀនប្រវត្តិសាស្ត្រនេះនៅក្នុងថ្នាក់រៀន ថែមទាំងផ្តល់ឱកាសដល់ជនរងគ្រោះ និងជនដៃដល់ចែករំលែកពីបទពិសោធន៍របស់ខ្លួនទៅកាន់ក្មេងៗជំនាន់ក្រោយ។
តើមជ្ឈមណ្ឌលឯកសារកម្ពុជាប្រមែប្រមូល និងចងក្រងឯកសារដើម្បីអ្វី?
មជ្ឈមណ្ឌលឯកសារកម្ពុជា ប្រមែប្រមូលនិងចងក្រងឯកសារក្នុងគោលបំណងបម្រើដល់ ទី១) យុត្តិធម៌ ដែលមានឯកសារជាច្រើនត្រូវបានផ្តល់ឲ្យតុលាការខ្មែរក្រហមដើម្បីវិនិច្ឆ័យទោសមេដឹកនាំខ្មែរក្រហមឲ្យបានត្រឹមត្រូវ។ ទី២) ការប្រមែប្រមូល និងចងក្រងឯកសារនេះ ក៏បានបម្រើដល់ការចងចាំដែរ។ ឯកសារទាំងអស់នេះ ពិតជាមានសារសំខាន់ណាស់ក្នុងការរៀបរាប់អំពីការអប់រំប្រវត្តិសាស្ត្រខ្មែរក្រហម។ កម្មវិធីអប់រំពីអំពីប្រល័យពូជសាសន៍ខ្មែរក្រហម លើកទឹកចិត្តឲ្យសិស្សានុសិស្សស្វែងយល់អំពីអតីតកាល ដោយមិនមែនរៀនដើម្បីជឿទៅលើអ្វីដែលបានកើតឡើងក្នុងអតីតកាលនោះទេ ប៉ុន្តែយល់ទៅលើហេតុការណ៍ដែលបានកើតឡើងនាពេលនោះ។ ជាចុងក្រោយ ការប្រមែប្រមូល និងចងក្រងឯកសារ គឺដើម្បីការផ្សះផ្សាសង្គមដែលបានបាក់បែកតាមរយៈការបង្កើតឲ្យមានការសន្ទនារវាងជនរងគ្រោះ និងជនដៃដល់ជាមួយនឹងសិស្សានុសិស្ស។
តើអ្នកអាចជួយពន្យល់អំពីការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសកម្ពុជាបានដែរឬទេ?
ជាការពិតណាស់ រឿងរ៉ាវនៃការទម្លាក់គ្រាប់បែកនៅក្នុងប្រទេសកម្ពុជា គឺស្ថិតនៅក្នុងអំឡុងពេលនៃសង្គ្រាមវៀតណាម។ តាមរយៈទីតាំងភូមិសាស្ត្រ ប្រទេសកម្ពុជា គឺផ្តល់អត្ថប្រយោជន៍ដល់ប្រទេសវៀតណាមទាំងវៀតណាមខាងជើង និងវៀតណាមខាងត្បូង។ ក្រោយមក សង្គ្រាមវៀតណាមបានគ្របដណ្តប់លើដែនដីនៃប្រទេសកម្ពុជា។ នេះបានបញ្ជាក់ឲ្យដឹងថាកងទ័ពវៀតណាមខាងជើង បានយកដែនដីនៃប្រទេសកម្ពុជាបន្តលាក់ខ្លួនធ្វើជាជម្រក។
តើការតាំងទីលំនៅរបស់ប្រជាជនខ្មែរនៅក្នុងសហរដ្ឋអាមេរិកមានលក្ខណៈដូចម្តេចដែរ?
បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំនៅដើមឆ្នាំ១៩៧៩ គឺជាការចាប់ផ្តើមឡើងនូវវិបត្តិរបស់ជនភៀសខ្លួនខ្មែរ ដែលជាពេលវេលាបើកផ្លូវអនុញ្ញាតដល់ជនភៀសខ្លួនទៅតាំងទីលំនៅក្នុងប្រទេសទីបី៕សរន