ដោយ: សុផល / ភ្នំពេញ: សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា មន្ត្រីរាជការអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយឥតឧបមាជូនចំពោះសម្តេចក្នុងឱកាសដែលព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន នូវគោរមងារជា សម្តេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។

នៅក្នុងលិខិតអបអរនោះ បានបង្ហាញថា នាកាសប្រកបដោយ សិរីសួស្តីជ័យមង្គលបវរមហាប្រសើរបំផុតនេះ យើងខ្ញុំសូមថ្លែង នូវការគោរពកោតសរសើរដោយស្មោះអស់ពីដួងចិត្តជូន សម្តេច ដែលជានិច្ចកាលក្នុងនាមជាឧត្តមភរិយាប្រកបដោយវីរភាពនិងពលីកម្មដ៏ខ្ជាប់ខ្ជួន សម្តេចបានរួមដំណើរគាំពារ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន រំដោះជាតិមាតុភូមិនិងប្រជាជន ពីបនប្រល័យពូជសាសន៍ ដណ្តើមបានមកវិញនូវសន្តិភាព និងការរស់ឡើងវិញរបស់ប្រជាជាតិកម្ពុជាទាំងមូល។ សម្តេច តែងលះបង់កម្លាំងកាយ ចិត្តប្រាជ្ញា ស្មារតី រួមចំណែកយ៉ាងធំធេងបំផុតបម្រើឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ ដោយសទ្ធាជ្រះថ្លាបរិសុទ្ធដើម្បីកសាងអភិវឌ្ឍន៍សង្គមជាតិឲ្យរីកចម្រើននិងឈានឡើងជាបន្តបន្ទាប់។
លិខិតដដែលនេះ ក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ព្រមទាំងទេវតា រក្សាព្រះរាជាណាចក្រកម្ពុជា សូមបន្តអភិបាលគ្រងរក្សាប្រោះព្រំពរជ័យជូន សម្តេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ចៅទួត ជាទីស្រឡាញ់ទាំងអស់ សូមបានប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា:លោកជំទាវ សៅ ទី ហេង សំរិន ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់គោរមងារ ជា សម្តេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ។

សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្ការ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញយកព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ប្រគល់ជូន សម្តេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន នា រសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ នៅគេហដ្ឋាន របស់សម្តេច។
នៅក្នុងព្រះរាជក្រឹត្យដែល ព្រះមហាក្សត្រ បានឡាយព្រះហស្ដលេខា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ទ្រង់បានបញ្ជាក់ថា សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានគាំទ្រតស៊ូក្នុងការរំដោះប្រទេសជាតិដោយស្វាមីភ័ក្ដិ តាំងពីដើមរហូតមក ក្នុងការដឹកនាំយ៉ាងអង់អាចក្លាហាន ជាអ្នកស្នេហាជាតិ ការពារជាតិ និងសាសនា និងគាំពារយ៉ាងខ្ជាប់ខ្ជួនឥតល្អៀង តាមមាគ៌ានយោបាយបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិ ខ្មែរ “ព្រះករុណា ព្រះបរមរតនកោដ្ឋ” ដើម្បីជាតិ មាតុភូមិកម្ពុជា។

សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ប្រសូតនៅឆ្នាំ១៩៣៨ នៅឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ អតីត ខេត្តកំពង់ចាម។ សម្តេចបានរៀបអាពាហ៍ពិពាហ៍ជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នៅក្នុងខែមីនាឆ្នាំ១៩៥៧។ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ បានមានព្រះរាជចំណារបន្តថា សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានដឹកនាំ កសាង និងគោរពព្រះពុទ្ធសាសនាឲ្យមានការអភិវឌ្ឍរីកចម្រើន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ក្នុងព្រះរាជក្រឹត្យ ព្រះករុណាព្រះមហាក្សត្រ ទ្រង់បានលើកឡើងបន្ថែមថា សម្តេចធម្មវិសុទ្ធវង្សា បានបរិច្ចាគកម្លាំងកាយចិត្ត និង ទ្រព្យធនប្រកបដោយសទ្ធាជ្រះថ្លាបរិសុទ្ធដ៏ខ្ពង់ខ្ពស់បំផុត ជូនសង្គមជាតិ និងបានជួយកសាងសមិទ្ធផលនានា ជួយឧបត្ថម្ភដល់ជនក្រីក្រគ្មានទីពំនឹងទាំងឡាយ ប្រកបដោយមហាសប្បុរសធម៌ មនុស្សធម៌ ដ៏ឧត្តុង្គឧត្តមនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងបានប្រកាន់ខ្ជាប់ក្នុងសេចក្តីបរិសុទ្ធដ៏វិសេសវិសាលក្នុងព្រះធម៌បូជាចំពោះព្រះពុទ្ធសាសនា។

ថ្នាក់ដឹកនាំរដ្ឋសភា សមាជិកសមាជិការដ្ឋសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា និងតាមក្រសួងស្ថាប័ន ព្រមទាំងប្រជាពលរដ្ឋទូទៅ បានចូលរួម អបអរសាទរ សម្តេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ជាបន្តបន្ទាប់ នៅក្នុងឱកាសដែល ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាចេញព្រះរាជក្រឹត្យ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ត្រាស់បង្គាប់ ផ្តល់គោរមងារ លោកជំទាវ ជា សម្តេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន៕ ល/Ha
