ដោយ: វណ្ណៈ / ព្រះសីហនុ: ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន នាឆ្នាំ២០២០នេះ ខេត្តព្រះសីហនុទទួបានភ្ញៀវ ទេសចរជាតិ-អន្តរជាតិ កើនឡើងបង្គួរ ខណៈដែលទីក្រុងមួយនេះស្ថិតក្នុង ស្ថានភាពកំពុងអភិវឌ្ឍន៍។
លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ឲ្យរស្មីកម្ពុជាដឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកសម្រាកកម្សាន្តក្នុងឱកាស បុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម រយៈពេល៣ថ្ងៃ (២៤-២៦ ) មករា ឆ្នាំ២០២០ នៅខេត្តព្រះសីហនុ មានប្រមាណ៨៧០០០នាក់ (ប្រាំបីម៉ឺនប្រាំពីរពាន់)កើនឡើង ២៤.៥២% បើប្រៀបធៀបនឹងឆ្នាំ២០១៩ ដែលមានភ្ញៀវត្រឹមតែ៧០.៤៨០នាក់ប៉ុណ្ណោះ។
របាយការណ៍ដដែលបញ្ជាក់ថា ទីកន្លែងដែលទេសចរទៅកម្សាន្ត មានតំបន់ឆ្នេរទាំងអស់ តំបន់កោះនិងតំបន់រមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ថ្មរូងព្រមទាំងព្រែកធម្មជាតិមួយចំនួនទៀតក្នុងខេត្ត។
មន្ត្រីអាជ្ញាធរខេត្តព្រះសីហនុម្នាក់ថ្លែងថា ខេត្តព្រះសីហនុនឹងមានភ្ញៀវច្រើន មកកម្សាន្ត នៅឆ្នាំ២០២១ខាងមុខបន្ទាប់ពី ការសាងសង់ផ្លូវល្បឿនលឿន និងហេដ្ឋារចនាសម្ព័នក្នុងខេត្តរួចរាល់ស្ថាពរ៕ ល/សរន