ដោយ៖រ៉ូហ្សា
ភ្នំពេញ៖ លើសង្វៀនខារ៉ាបាវ របស់អាស៊ីអាគ្នេយ៍ នារសៀល ថ្ងៃទី២៥ មករា អ្នកប្រដាល់ថៃ ផេត ទ្រី (Phat Trey) បានយកឈ្នះ អ្នកប្រដាល់កម្ពុជា លាប រដ្ឋា ក្លិបដីឡូតិ៍មានរិទ្ធ ដោយពិន្ទុ ដូចការអះអាងរបស់គេមែន។
ការប្រកួតមានលក្ខណៈតឹងតែង ក៏ពិតមែន តែការវ៉ៃចេញរបស់ អ្នកប្រដាល់ថៃរូបនេះ ចំគោលដៅបានល្អ ច្រើនជាង រដ្ឋា បានត្រឹមតែសម្រុកចូល ដោយការវ៉ៃចេញ ភាគច្រើន បានត្រឹមតែវ៉ៃខ្យល់ប៉ុណ្ណោះ ។ អ្នកប្រដាល់ទាំង ២ រូបនេះ ប្រកួតគ្នា ៥ ទឹកពេញតែម្ដង ។
ជា សំនៀង ក្លិបទ័ពឆ័ត្រយោង ៩១១ ត្រូវអ្នកប្រដាល់ថៃ យ៉ត មឿង ទាត់ឲ្យខូចដៃ ហើយត្រូវគ្រូពេទ្យ បញ្ឈប់ បន្ទាប់ពីប្រកួត ចប់ទឹកទី២ ។ នៅទឹកទី១ សំនៀង ត្រូវអាជ្ញាកណ្ដាល រាប់ ៨ ដល់ទៅ ២ លើក បន្ទាប់ពី យ៉ត មឿង ទាត់បំបែកដៃការពារនោះ ។ នៅចុងទឹកទី២ យ៉ត មឿង ទាត់មួយជើងយ៉ាងធ្ងន់ ចំដៃ តែស្នូរជួងបញ្ចប់ទឹកទី១ បានបន្លឺឡើង។ ទោះជាយ៉ាងណា ក៏គ្រូពេទ្យបញ្ឈប់ មិនឲ្យប្រកួតបន្តឡើយ ។
ការប្រកួត លើសង្វៀន Boostrong Fighter on Fire នាព្រឹកថ្ងៃទី២៦ មករា អ្នកប្រដាល់ថៃ វ៉ាន ឆាឡើម (Wan Chhaleum) បានសងសឹក យកឈ្នះអ្នកប្រដាល់កម្ពុជា ពុយ វណ្ណៈ ក្លិបឃ្លាំងមឿងកីឡា ដោយពិន្ទុបានវិញ ។ ឆាឡើម វ៉ៃបានយ៉ាងល្អ និងមានប្រៀបលើ វណ្ណៈ ស្ទើរតែគ្រប់ទឹកទាំង ៥ តែម្ដង មិនតែប៉ុណ្ណោះ វណ្ណៈ ដួលដោយសារអ្នកប្រដាល់ថៃ រូបនេះ ស្ទើរតែគ្រប់ទឹកតែម្ដង ។

ប៊ុន សុធា សមាគមប្រដាល់ ក្រសួងការពារជាតិ ប្រកួតបានត្រឹមស្មើពិន្ទុ ជាមួយអ្នកប្រដាល់ថៃ កាំឡៃ យុគ (Kamlay Yuk) បន្ទាប់ពីប្រកួតគ្នា ៥ ទឹកមកនោះ ។ អ្នកប្រដាល់ទាំង ២ រូបនេះ ប្រកួតគ្នាពេញទាំង ៥ ទឹក ។ សុធា មានកំពស់ខ្ពស់ជាង កាំឡៃ យុគ ក៏ពិតមែន តែគេមិនអាច ធ្វើអ្វីអ្នកប្រដាល់ថៃ រូបនេះ បានឡើយ ។
អ៊ុង ភារាក់ ក្លិបទ័ពឆ័ត្រយោង ៩១១ បានបង្ខំឲ្យអ្នកប្រដាល់អ៊ីរ៉ង់ សាប៊័រ (Saber) តដៃលែងក់តនៅមុនស្នូរជួង បញ្ចប់ទឹកទី៣ ។ អ្នកប្រដាល់ទាំង ២ រូបនេះ ប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៨៧ គីឡូក្រាម ។ សាប៊័រ ត្រូវអាជ្ញាកណ្ដាល រាប់នៅទឹកទី៣ បន្ទាប់ត្រូវ ភារាក់ ប្រើកណ្ដាប់ដៃ វាយចំធ្ងន់ៗមកនោះ ។ មកដល់ទឹកទី៣ ក៏ត្រូវអាជ្ញាកណ្ដាល រាប់ចំនួន ២ ដងទៀត មុននឹងបញ្ឈប់ ដោយសារតែអសមត្ថភាព ។
ចំពោះការប្រកួតលើសង្វៀន អធិរាជកម្លាំងរ៉េដអាន នាយប់ថ្ងៃទី២៦ មករា អ្នកប្រដាល់កម្ពុជា ឡុង ឡា ក្លិបអប់រំកាយ ស្រុកអន្លង់វែង បានយកឈ្នះ អ្នកប្រដាល់ថៃ ឆៃ ស៊ីង (Chai Sing) ដោយពិន្ទុ ។ ដោយឡែក អ្នកប្រដាល់ជើងខ្លាំង ឡៅ ចិត្រា ក្លិបទ័ពឆ័ត្រយោង ៩១១ បានប្រើកណ្ដាប់ដៃ ផ្ដួលអ្នកប្រដាល់ចំណូលថ្មីថៃ សុខ សាវឌ្ឍ (Sok Saworth) ឲ្យសន្លប់នៅមុនស្នូរជួងបញ្ចប់ទឹកទី១ ៕v