ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ ព្រឹត្តិការណ៍ TV5 Boxing Knock Out Serie by K-Cement នាយប់ថ្ងៃទី២៥ មករា បានរកឃើញអ្នកប្រដាល់ ចំនួន២ រូបទៀតហើយ ដែលបានកក់កៅអី សម្រាប់វគ្គជម្រុះជុំទី២ ។
អ្នកប្រដាល់ អេលីត ភក្ដី ក្លិបប៉ែនកាក់គុនខ្មែរ បានយកឈ្នះ អ្នកប្រដាល់ ភិន សុចន្ទី ក្លិបនាគរាជចតុមុខ ដោយពិន្ទុ ។ តាមពិត អ្នកប្រដាល់ ភិន សុចន្ទី ជាអ្នកប្រដាល់ជើងថ្មី តែគេមានកលល្បិចវ៉ៃ មិនអន់ឡើយ ។ មុនឡើងសង្វៀន គេបានប្រកាសថា គេរីករាយ ដែលបានជួបប្រកួត ជាមួយអ្នកប្រដាល់ ដែលមានកេរ្តិ៍ឈ្មោះ ដូចជា អេលីត ភក្ដី ទោះបីគេចាញ់ ក៏គេមិនតូចចិត្តដែរ តែគេនឹងវ៉ៃឲ្យអស់ពីសមត្ថភាព ។
ចំពោះ អេលីត ភក្ដី វិញ ក៏គេបានប្រកាសដែរថា នេះជាការប្រកួតដ៏សំខាន់ សម្រាប់រូបគេ ហេតុនេះ គេត្រូវតែវ៉ៃឲ្យអស់ពីសមត្ថភាព ។ គេបន្តថា ម្យ៉ាងសម្រាប់រូបគេ ម្យ៉ាងសម្រាប់ក្លិប និង កេរ្តិ៍ឈ្មោះ របស់គ្រូរបស់គេ ។ការប្រកួត ដែលមានតែ ៣ ទឹកនោះ ភក្ដី ពិតជាធ្វើបានល្អមែន ទោះបីពេលខ្លះ គេទទួលរងការកៀបសង្កត់ ពីគូប្រកួតក៏ដោយ ។ អេលីត ភក្ដី ប្រជែងបានកៅអី សម្រាប់វគ្គជម្រុះជុំទី២ ក្នុងខណៈដែល អ្នកប្រដាល់ ភិន សុចន្ទី ត្រូវខ្ទាតចេញការប្រកួត នៅត្រឹមជុំទី ១ នេះ ។
ការប្រកួត ក្នុងព្រឹត្តិការណ៍នេះដែរ អ្នកប្រដាល់ ឡុង បេនលឿន ក្លិបសាលវ័ន្ដកីឡា បានកក់កៅអី សម្រាប់ជុំទី២ ដែរ ដោយគេបានយកឈ្នះ អ្នកប្រដាល់ សឿន ឆ្នើម ដោយពិន្ទុនោះ ។
សឿន ឆ្នើមវ៉ៃ បានល្អនៅ ២ ទឹកដំបូង តែចាប់ពីទឹកទី៣ ទៅកម្លាំងរបស់គេ ស្រុតចុះតែម្ដង ។ ភាគច្រើន អ្នកប្រដាល់ សឿន ឆ្នើម ការពារច្រើនជាង ការវាយលុក ។ អ្នកប្រដាល់រូបនេះ បង្ហាញឲ្យគូប្រកួតដឹង ពីការស្រុតចុះ នៃកម្លាំងរបស់ខ្លួន ។ បែបនេះ វាបានក្លាយជាឱកាស សម្រាប់ បេន លឿន វាយសម្រុក ។ នៅទឹកទី៣ ដែលជាទឹកចុងក្រោយ សឿន ឆ្នើម ត្រូវអាជ្ញាកណ្ដាល រាប់៨ ដោយសារតែកម្លាំងរបស់គេ ស្រុតចុះខ្លាំង តែទោះជាយ៉ាងណា ក៏ សឿន ឆ្នើម តស៊ូរហូតចប់ទឹកទី៣ ។ សឿន ឆ្នើម ខ្ទាតចេញពីការប្រកួត ត្រឹមនេះ រីឯ ឡុង បេនលឿន ត្រៀមខ្លួនប្រកួតវគ្គជម្រុះជុំទី២ បន្តទៀត។
ចំពោះការប្រកួត ជាមិត្តភាពជាមួយ អ្នកប្រដាល់ថៃវិញនោះ អ្នកប្រដាល់កម្ពុជា ឡុង សំណាង ក្លិបសាលវ័ន្ដកីឡាប្រកួត បានត្រឹមស្មើពិន្ទុ ជាមួយអ្នកប្រដាល់ថៃ រ៉ុង ណាផា (Rong Napha) បន្ទាប់ពីប្រកួតគ្នា ៥ ទឹកពេញមកនោះ ។
ចំពោះការប្រកួត រវាងអ្នកប្រដាល់រួមជាតិ ក្រៅព្រឹត្តិការណ៍ ពានរង្វាន់វិញនោះ ផាន់ ផាណាត់ ក្លិបទ័ពឆ័ត្រយោង៩១១ បានបង្ខំឲ្យអ្នកប្រដាល់ សេង សាយ ក្លិបពន្លឺវិបុល ត្រូវអាជ្ញាកណ្ដាល បញ្ឈប់ នៅមុនស្នូរជួង បញ្ចប់ទឹកទី៣ ។ សេង សាយ ក៏ត្រូវការឈ្នះដែរ តែសមត្ថភាពរបស់គេ មិនដល់។ នៅទឹកទី៣ គេត្រូវអាជ្ញាកណ្ដាលរាប់ ៨ ដល់ទៅ ២ លើក ។ បន្ទាប់មក ក៏ត្រូវអាជ្ញាកណ្ដាល បញ្ឈប់តែម្ដង ដោយសារតែមួយទឹក មិនអាចរាប់ ៨ ដល់ទៅ ៣ ដង បានឡើយ ៕v