អតីតទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ចន បុលថុន បានចោទប្រកាន់ថា ប្រធានាធិបតីអាម៉រិកលោកដូណាល់ ត្រាំ ចង់បង្កកជំនួយយោធាអ៊ុយក្រែនរហូតទាល់តែរដ្ឋាភិបាលក្រុងកៀវ(អ៊ុយក្រែន)ធ្វើការស៊ើបអង្កេតគូប្រជែងនយោបាយរបស់លោក នេះបើតាមកាសែតញូវយ៉ក ថែមស៍ បានរាយការណ៍កាលពីថ្ងៃអាទិត្យទី២៦មករា។
ពួកប្រជាធិបតេយ្យក្នុងពេលជាមួយគ្នាឆ្លៀតឱកាសនៃការបញ្ចេញរបាយការណ៍នេះគាបសង្កត់អោយលោកបុលថុននិងមនុស្សសំខាន់ៗដទៃទៀតចូលផ្តល់សកម្ខីកម្ម(សាក្សី)នៅក្នុងសវនាការចោទប្រកាន់លោកត្រាំនៅព្រឹទ្ធសភា។
យោងតាមពង្រាងសៀវភៅរបស់បុលថុន កាសែតបានសរសេរថា ត្រាំបានប្រាប់លោកបុលថុនថាលោកចង់ផ្អិបទុកជំនួយ៣៩១លានដុល្លារសំរាប់អ៊ុយក្រែន រហូតទាល់តែក្រុងកៀវជួយស៊ើបអង្កេតគូប្រជែងនយោបាយមកពីបក្សប្រជាធិបតេយ្យលោក ចូ បៃដិន។
សូមបញ្ជាក់ថា ត្រាំ ត្រូវសភាចោទទោសទម្លាក់តំណែងកាលពីខែមុនចំពោះការរំលោភអំណាចប្រធានាធិបតី និងរារាំងការងារសភានៅក្នុងស៊ើបអង្កេតការជាប់ពាក់ព័ន្ធរបស់លោកនៅក្នុងរឿងអ៊ុយក្រែននេះ។
ពួកប្រជាធិបតេយ្យចង់អោយមន្ត្រីសំខាន់ៗក្នុងរដ្ឋការត្រាំធ្វើសកម្ខីកម្ម រួមមានលោកបុលថុន និងនាយសេនាធិការស្តីទីលោក មីក មុលវ៉ានី ។លោកបុលថុនបាននិយាយថាលោកនឹងចូលបំភ្លឺ បើមានបញ្ជាពីតុលាការ៕ប្រែសម្រួល៖វាសនា
អតីត ទីប្រឹក្សាសន្តិសុខជាតិលោកបុលថុនដែលត្រាំបណ្តេញចេញពីតំណែង ឥឡូវបែរមកវាយប្រហារមេរបស់ខ្លួន