លោកហ៊ុន ម៉ាណែតៈ អរគុណដល់ សន្តិភាព ដែលមាននៅគ្រប់ទី កន្លែងទូទាំងប្រទេស

ដោយៈ មុនី​រ័ត្ន/ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា សូមអរគុណដល់សន្តិភាព ដែលមាននៅគ្រប់ទីកន្លែងទូទាំងប្រទេស និងដែលជារបស់យើងទាំងអស់គ្នា។ សន្តិភាពនេះ ធ្វើឱ្យមានថ្ងៃនេះ និងបង្កើតក្តីសង្ឃឹមក្នុងជីវភាពបន្តទៅមុខ រួមទាំងឱកាសក្នុងការចូលរួមចែករំលែកជួយគ្នាដូចពេលនេះ ហើយក៏ជាសន្តិភាពសម្រាប់កូនចៅ ដែលកំពុងមានជីវិតរស់នៅ ក្នុងការរីករាយទទួលផលពីផ្លែផ្កានៃសន្តិភាព។

ការថ្លែងនេះ នៅក្នុងពិធីចែកអំណោយជូនគ្រួសារជួបការលំបាក ជនពិការ និងសិស្សា​នុសិស្ស ស្ថិតក្នុងវិទ្យាល័យសំរោងពន្លៃ ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០។

លោកបន្តថា វិញ្ញាណក្ខន្ធរបស់ជីដូនជីតាបុព្វការីជន ប្រាកដជាសប្បាយចិត្ត ប្រសិនបើបានដឹងថា កូនចៅរបស់អស់លោកកំពុងរស់នៅដោយសុខសប្បាយ មានសុភមង្គល។ ដោយខុសពីកាលជំនាន់ ៤០ ឆ្នាំមុន ប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍរីកចម្រើនប្រែមុខមាត់ច្រើនណាស់ ហើយសព្វថ្ងៃកូនខ្មែរធ្វើដំណើរចេញចូលក្នុងនិងក្រៅប្រទេស ក្នុងនាមជាអ្នកទេសចរណ៍ ជាអ្នកជំនួញ ជានិស្សិត ដោយស្មើមុខស្មើមាត់ ដូចគ្នានឹងគ្រប់ប្រជាជាតិទាំងអស់លើសាកលលោក និងមិនមែនចេញជាជនភៀសខ្លួន ដូចក្នុងសម័យសង្រ្គាមទៀតនោះឡើយ។ ទាំងនេះ កើតឡើងក៏ដោយសារការជ្រើសរើសអ្នកដឹកនាំបានត្រឹមត្រូវ ដែលបានដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា សុខសន្តិភាព សុខសប្បាយ និងលទ្ធភាពដែលធ្វើឲ្យជីវភាពរស់នៅល្អប្រសើរ កំពុងផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋនៅតាមគ្រួសារនីមួយៗ នៅទូទាំងប្រទេស បានជួបជុំកំសាន្តសប្បាយរីករាយ និងចែក​រំលែកការសប្បាយ ក្នុងឱកាសបុណ្យទានតូចធំផ្សេងៗ ដូចក្នុងថ្ងៃនេះផ្ទាល់ ដែលយើងទាំងអស់គ្នាកំពុងជួបជុំគ្នានៅទីនេះ រួមចិត្ត រួមគ្នាធ្វើ ដើម្បីចែករំលែកស្នាមញញឹម និងសេចក្តីស្រឡាញ់ ដោយមានការចូលរួមរបស់បងប្អូនខ្មែរ ដែលមានសមានចិត្តមកពីក្រៅប្រទេស, សមាគមក្នុងស្រុក, អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់, ប្អូនៗយុវជនស្ម័គ្រចិត្ត និងសប្បុរសជននានា ដើម្បីជួយសម្រាលបន្ទុកការលំបាករបស់លោកយាយលោកតាអ៊ំពូមីង។

ជាមួយគ្នានេះ លោកសូមអរគុណចំពោះសមាគមបេះដូងបងស្រី (Sisters’ Heart) មកពីសហរដ្ឋអាមេរិក, សមាគមចលនាយុវជនកម្ពុជា ក្រុម ១៥៧, សមាគម OCC, ក្រុមមិត្តរួមចិត្តអតីតសិស្សខេត្តបាត់ដំបង និងបងប្អូនប្រជាពលរដ្ឋសប្បុរសជន ដែលរស់នៅសហរដ្ឋអាមេរិក, អូស្ត្រាលី, បារាំង, កាណាដា និងអង់គ្លេស ដែលបានរួបរួមគ្នាធ្វើសកម្មភាពសប្បុរសធម៌ដ៏ថ្លៃថ្លានេះ ជាការរួមចិត្តតែមួយ រួមសកម្មភាពតែមួយ ដោយមានការចូលរួមរបស់បងប្អូនខ្មែរយើងមកពីគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស ដើម្បី​ជួយចែករំលែកដល់ប្រជាពលរដ្ឋ ទោះតិចក្តី ច្រើនក្តី ប៉ុន្តែអាចបញ្ជាក់បានអំពីស្មារតីរួមរបស់យើង ក្នុងការជួយប្រទេសជាតិ ជួយប្រជាពលរដ្ឋ តាមរយៈកម្លាំងកាយចិត្ត និងធនធានថវិកាដែលយើងមាន។ នេះជាស្មារតីរួមពិតប្រាកដ សូមរួបរួមគ្នាតទៅទៀត ជួយគ្នាតទៅទៀត ក្នុងនាមជាមហាគ្រួសារខ្មែរយើង។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានអរគុណប្រជាពលរដ្ឋឃុំពន្លៃ ស្រុកអង្គរបូរី ដែលកន្លងមកតែងបានគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជឿទុកចិត្តលើការដឹកនាំរបស់សម្តេច ដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍរីកចម្រើន មានមន្ទីរពេទ្យ មានសាលារៀន មានផ្លូវ មានទឹក មានភ្លើង ហើយដែលនឹងមានការបន្តកសាងជា ជំហានៗទៅមុខទៀត ទន្ទឹមនឹងការខិតខំកែលម្អចំណុចខ្វះខាត និងការជំរុញឱ្យមាន​ការចូលរួមរបស់អង្គការ-សមាគម ក្រៅរដ្ឋាភិបាល និងសប្បុរសជននានា ក្នុងការ​ជួយដោះស្រាយការលំបាកនានារបស់ប្រជាពលរដ្ឋ។ ការខិតខំទាំងនេះរបស់សម្តេច គឺដើម្បីឱ្យស័ក្តិសមនឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះសម្តេច។ តទៅមុខទៀត គោល​ដៅ, ភារកិច្ច, និងគោលបំណងបន្តបន្ទាប់របស់សម្តេច គឺការបន្តថែរក្សានិរន្តភាពនៃសុខសន្តិភាព, ធ្វើជីវភាពប្រជាជនកាន់តែសម្បូរសប្បាយ, ជាពិសេសការខិតខំបើកឱកាសបន្ថែមទៀត ឱ្យកូនចៅជំនាន់ក្រោយៗឱ្យកាន់តែរុងរឿង៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...