ដោយ:អង្គរតូច/សៀមរាប៖ជាផ្នែកមួយនៃការចូលរួមអភិរក្សប្រាសាទដូនតាខ្មែរសិប្បកម្មផលិតឥដ្ឋក្បឿងអង្គរដែលស្ថិតនៅភូមិថ្មីឃុំកៀនសង្កែស្រុកសូទ្រនិគមខេត្តសៀមរាបបានផលិតឥដ្ឋបុរាណសម្រាប់ការងារជួសជុលប្រាសាទ។
សិប្បកម្មខាងលើនេះបានចាប់ផ្តើមផលិតឥដ្ឋក្បឿងតាំងពីអំឡុងឆ្នាំ១៩៩៤មកនិងគោរពតាមបច្ចេកទេសដែលអ្នកជំនាញជួសជុលប្រាសាទផ្តល់ឱ្យ។លោក យិន លិម ជាម្ចាស់សិប្បកម្មផលិតឥដ្ឋក្បឿងអង្គរ បានចាប់ផ្តើមរបរនេះតាំងពីឆ្នាំ១៩៨៩មក។ដោយលោកបានកែច្នៃឡបុរាណសល់ពីសង្គមចាស់សម្រាប់ការធ្វើអាជីវកម្មនេះ។លោកប្រាប់ថាការផលិតឥដ្ឋនិងក្បឿងក្នុងសិប្បកម្មលោកគឺប្រើប្រាស់វត្ថុធាតុដើមធម្មជាតិសុទ្ធសាធ ហើយបច្ចេកទេសក៏នៅបែបបុរាណផងដែរ។
សម្រាប់ការផលិតឥដ្ឋផ្គត់ផ្គង់ការដ្ឋានជួសជុលប្រាសាទក្នុងរមណីយដ្ឋានអង្គរលោកយិនលិមប្រាប់ថាបានចាប់ផ្តើមពីឆ្នាំ១៩៩៤និង១៩៩៥មកដោយសារសិប្បកម្មលោកមានពុម្ពចាស់និងទទួលបានការផ្តល់ទំនុកចិត្តពីអ្នកជំនាញជួសជុលប្រាសាទ។លោកបន្តថាអង្គការបរទេសដែលសហការជួសជុលប្រាសាទជាមួយអាជ្ញាធរជាតិអប្សរាបានបញ្ជាទិញឥដ្ឋបុរាណនេះដើម្បីជួសជុលប្រាសាទព្រះគោហើយការផលិតគឺមានការផ្តល់បច្ចេកទេស និងការសិក្សាត្រឹមត្រូវពីស្ថាប័នទាំងនោះ។
លោក យិន លិម បន្តថាការផលិតឥដ្ឋបុរាណជួសជុលប្រាសាទដែលលោកកំពុងផលិតគឺមាន៣ខ្នាត។ ខ្នាតទី១មានទំហំ១,៦ស.មគុណ២៣ស.មគុណ១១ស.ម,ខ្នាតទី២ទំហំ៧,៥០ស.មគុណ២៣ស.មគុណ១១ស.ម និងខ្នាតទី៣ ទំហំ៥,៥០ គុណ២៣ស.ម គុណ១១ស.ម។
លោកសារាយយគឹមហួលមន្ដ្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថាមូលហេតុដែលអាជ្ញាធរជាតិអប្សរាជ្រើសរើសសិប្បកម្មរបស់លោកយិនលិមក្នុងការផលិតឥដ្ឋជួសជុលប្រាសាទ។ពីព្រោះថាសិប្បកម្មនេះគោរពនូវលក្ខខណ្ឌបច្ចេកទេសដែលអ្នកជំនាញផ្តល់ជូន។លោកបន្តថាដើមឡើយមុនជ្រើសរើសសិប្បកម្មនេះអ្នកជំនាញបានចុះទៅទីតាំងផ្ទាល់ដោយបានផ្តល់បច្ចេកទេសនិងហាមមិនឱ្យយកដីទីទួលបុរាណក្បែរនោះមកផលិតឡើយ។
បន្ថែមពីនេះតាមការបញ្ជាក់ពីលោកសារាយយគឹមហួលឥដ្ឋបុរាណដែលយកមកជួសជុលប្រាសាទគឺមានទំហំធំក្រាស់និងម៉ដ្ឋល្អជាងឥដ្ឋធម្មតា។ចំណែកការបញ្ជាទិញគឺទៅតាមទំហំនិងគម្រោងប្រចាំឆ្នាំនៅតាមការដ្ឋាននីមួយៗ។ការដ្ឋានដែលអាជ្ញាធរជាតិអប្សរាយកមកជួសជុលមានដូចជានៅប្រាសាទព្រះគោ ប្រាសាទបាគង ប្រាសាទលលៃ ប្រាសាទអកយំ ប្រាសាទបាតជុំជាដើម៕S/