ខេត្តកំពតនិងខេត្តកែបទទួលភ្ញៀវ​បានជាង២២ម៉ឺននាក់ក្នុងឱកាស​បុណ្យចូលឆ្នាំចិន

ដោយ:បូកគោ/កំពត-កែប ៖ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាមកន្លងទៅនេះ ខេត្តកំពត និងខេត្តកែបទទួលភ្ញៀវជិតឆ្ងាយចូលមកកម្សាន្តប្រមាណជាង២២ម៉ឺននាក់។

លោកសយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឱ្យដឹងថាចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ដែលជាឱកាសនៃដំណើរកម្សាន្តសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម ខេត្តកំពតទទួលភ្ញៀវជិតឆ្ងាយប្រមាណជាងប្រាំបីម៉ឺននាក់។ បរិមាណនេះមានការកើនឡើង២០ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។

ជាមួយគ្នានេះ លោកប៉ុក ទាំង អនុប្រធានមន្ទីរទេសចរណ៍កែបបានប្រាប់ឱ្យដឹងថានាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម ខេត្តកែបទទួលទេសចរជាតិ អន្តរជាតិបានជាង១៤ម៉ឺននាក់។ បរិមាណនេះមានការកើនឡើង៧,៤៩ភាគរយ បើប្រើបធៀបនឹងឆ្នាំកន្លងទៅដែលមានភ្ញៀវសរុបចំនួន១៣៣.៣៤០នាក់។

លោកអនុប្រធានមន្ទីរបានបញ្ជាក់ថាក្នុងចំណោមនោះ ទេសចរជាតិមានជិត១៤ម៉ឺននាក់ និងភ្ញៀវបរទេសជិត៥.០០០នាក់។ ភ្ញៀវទាំងនោះមកជាមយយនូវមធ្យោបាយធ្វើដំណើរជាប្រភេទរថយន្តតូចចំនួន១១.២៦៥គ្រឿង រថយន្តធុនមធ្យម៥.៦៨៦គ្រឿង និងរថយន្តធុនធំ១៨៧គ្រឿង ព្រមទាំងទោចក្រយានយន្តមួយចំនួនទៀត។ ក្រោមចំណាត់របស់សមត្ថកិច្ចពាក់ព័ន្ធទូទាំងខេត្តបានធ្វើឱ្យបញ្ហាសន្តិសុខ សុវត្ថិភាពមានលក្ខណៈល្អប្រសើរ ពិសេសពុំមានករណីកកស្ទះចរាចរដែលនាំឱ្យភ្ញៀវមានភាពធុញទ្រាន់ឡើយ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular