រដ្ឋាភិបាលក្រុងសៀងហៃបាននិយាយកាលពីថ្ងៃអាទិត្យទី២៦ខែមករាថា ខ្លួនបានផ្អាកសេវាកម្មរថយន្តក្រុងដែលរត់ចម្ងាយឆ្ងាយចូលឬចេញទីក្រុងនេះខណៈដែលក្រុមអាជ្ញាធរបង្កើនវិធានការទប់ស្កាត់វីរុសថ្មីនៃជំងឺផ្លូវដង្ហើមដែលបានរាលដាលនៅទូទាំងប្រទេសចិន។
រហូតដល់ពេលនេះ ចំនួនអ្នកស្លាប់ដោយសារវិរុសថ្មីនៅប្រទេសចិន បានកើនឡើងដល់៨០នាក់ ហើយមនុស្សជាង៣.០០០បានធ្លាក់ខ្លួនឈឺ។
វិធានការដែលប្រកាសដោយគណៈកម្មាធិការដឹកជញ្ជូននៃទីក្រុងនេះនឹងចូលជាធរមានបន្ទាប់ពីមានវិធានការស្រដៀងគ្នាដែលត្រូវបានធ្វើឡើងដោយរដ្ឋធានីប៉េកាំង។ ទីក្រុងទៀនជីននិងស៊ីអាន និងខេត្តហេប៉ីភាគខាងជើង ដែលស្ថិតនៅជាប់ជាមួយខេត្តសាងទុង ភាគខាងកើត ក៏បានដាក់ចេញវិធានការបែបនេះដែរផងដែរ។
ក្រុមអាជ្ញាធរនៅខេត្តសានទុង ដែលមានប្រជាជនរស់នៅ១០០លាននាក់នេះ បាននិយាយថារថយន្តក្រុងចេញចូលនៅក្នុងខេត្តនេះនឹងត្រូវបានអនុញ្ញាតឱ្យរត់ប្រសិនបើស្ថានីយ៍រថយន្តក្រុងទាំងនោះ មានវិធានការតាមដាននិងពិនិត្យមើលពួកអ្នកធ្វើដំណើរតាមរយៈប្រព័ន្ធម៉ាស៊ីនពិនិត្យមើលសុខភាព។
ក្រុមមន្ត្រីបាននិយាយចាប់ពីម៉ោង៦ល្ងាចកាលពីថ្ងៃអាទិត្យ ទីក្រុងស៊ីអាន និង ទីក្រុងទៀនជីនព្រមទាំងទីក្រុងប៉េកាំង នឹងផ្អាកការចេញចូលនៃរថយន្តក្រុង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសនេះ។ ទីក្រុងនិងតំបន់ជាច្រើនទៀតនៅទូទាំងប្រទេសចិនបានប្រកាសអំពីវិធានការរឹតបន្តឹងនៃការធ្វើដំណើរចេញចូលដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសថ្មីនេះ។
វិធានការដ៏តឹងរឹងបំផុត ត្រូវបានដាក់នៅទីក្រុងវូហាន ជាទីដែលវីរុសថ្មីនេះបានផ្ទុះឡើងហើយប្រជាជននៅទីក្រុងនេះមិនត្រូវបានអនុញ្ញាឱចេញពីទីក្រុងនេះទេ៕ដោយ៖សុខា/sn
បុគ្គលិកសន្តិសុខពាក់ខោអាវការពារ ឈរនៅនៅស្ថានីយរថភ្លើងក្នុងក្រុងប៉េកាំងកាលពីថ្ងៃ២៦មករា
សន្តិសុខបិទទ្វារបងស្ថានីយរថយន្តក្រុងនៅក្រុងប៉េកាំងបន្ទាប់ពីទីក្រុងនេះបិទសេវាកម្មនៃរថយន្តក្រុងដែលមកពីខេត្តនានាដែលមានវីរុសថ្មីនេះ