នាយករដ្ឋមន្ត្រី លោកប្រាយុទ្ធ ចានអូចាបាននិយាយកាលពីថ្ងៃចន្ទទី២៧មករាថា យន្តហោះត្រៀមអស់ហើយដើម្បីជម្លៀសជនជាតិថៃចេញពីទីក្រុងវូហាន ដែលរងការវាយប្រហារដោយវីរុសឆ្លង តែចិនមិនអនុញ្ញាតដោយថាខ្លួន(ចិន)អាចគ្រប់គ្រងសភាពការណ៍។
លោកប្រាយុទ្ធ បាននិយាយថា « ចិនបានបញ្ជាក់អះអាងថា ខ្លួនអាចគ្រប់គ្រងវីរុសនេះ…ការហោះហើររបស់យន្តហោះត្រូវតែសុំការអនុញ្ញាតពីប្រទេសជាគោលដៅជាមុន…បើសភាពការណ៍អាចគ្រប់គ្រងបាន វាមិនចាំបាច់ជម្លៀសទេ»។
លោកនាយករដ្ឋមន្ត្រីបាននិយាយថាលោកបានបញ្ជាអោយមានការត្រៀមជម្លៀសជនជាតិថៃចេញពីវូហានតាំងពីជិតមួយខែមុននិងបានបង្កើតក្រុមវេជ្ជបណ្ឌិតសំរាប់ការងារនេះនិងស្ថានទូតថៃនៅចិនក៏រៀបចំបញ្ជីឈ្មោះជនជាតិថៃដែលមានបំណងវិលមកស្រុកវិញដែរ។
មេទ័ពអាកាសថៃ លោកម៉ាណាត វង់វ៉ាត បាននិយាយកាលពីថ្ងៃអាទិត្យទី២៦មករាថា យន្តហោះC130ដល់ទៅ៤គ្រឿងនិងក្រុមវេជ្ជសាស្ត្របានត្រៀមខ្លួនចេញដំណើរទៅកាន់ទីក្រុងវូហានភ្លាមនៅពេលមានបញ្ជាពីរដ្ឋាភិបាល។
ចំណែកឧបនាយករដ្ឋមន្ត្រី ប្រាវីត វង់ស៊ូវ៉ុន បាននិយាយថារដ្ឋាភិបាលកំពុងពិចារណាអំពីផែនការជួយពលរដ្ឋថៃនៅវូហាន។
យោងតាមក្រសួងការបរទេសថៃ សរុបមានជនជាតិថៃ៦៤នាក់ (សិស្ស៥៤ និងអ្នកម៉ាស្សា១០)នៅក្នុងទីក្រុងនេះ។តែរដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបាននិយាយថាមានជនជាតិថៃពី២០០ទៅ៣០០នាក់នៅវូហាន។
ការជម្លៀសពលរដ្ឋថៃនេះត្រូវបានលើកឡើងបន្ទាប់ពីអាម៉េរិក បារាំងនិងជប៉ុនកំពុងរៀបចំយន្តហោះទៅដឹកពលរដ្ឋរបស់គេចេញពីទីក្រុងវូហានផងដែរ។
នៅថ្ងៃចន្ទទី២៧មករា ក្រសួងការបរទេសថៃត្រូវបើកកិច្ចប្រជុំមួយដើម្បីពិនិត្យមើលផែនការយថាហេតុមួយសំរាប់ពលរដ្ឋថៃនៅចិន ហើយវិធានការមួយអាចជាការជម្លៀសជនជាតិថៃចេញពីទីក្រុងវូហាន។បើសិនជាអង្គប្រជុំសំរេចថាស្ថានការណ៍សុខភាពនៅវូហានធ្ងន់ធ្ងរនោះរដ្ឋាភិបាលនឹងបញ្ជាទៅកងទ័ពអាកាសអោយបញ្ចេញយន្តហោះទៅចិនភ្លាម។
ក្នុងពេលជាមួយគ្នា រដ្ឋមន្ត្រីសុខាភិបាលថៃបានអះអាងថា ករណីឆ្លងកូរ៉ូណាវីរុសនៅថៃដែលមានការបញ្ជាក់ បានកើនដល់៨នាក់ ហើយមនុស្ស៨៤នាក់ទៀតត្រូវបានដាក់ក្រោយការតាមដាន តែ៤៥នាក់បានរួចផុតការត្រួតពិនិត្យហើយចាកចេញពីមន្ទីរពេទ្យតែ៣៩នាក់ទៀតត្រូវដាក់នៅដាច់ពីគេនៅឡើយ៕ប្រែសម្រួល៖វាសនា
ចិនបញ្ជូនពេទ្យយោធាចូលក្រុងវូហានដើម្បីជួយព្យាបាលអ្នកឆ្លងវីរុសថ្មី