ដោយ:អង្គរតូច/សៀមរាប ៖ របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានបង្ហាញថា ភ្ញៀវទេសចរជាតិ អន្តរជាតិប្រមាណជិត៨ម៉ឺននាក់ បានមកទស្សនាកម្សាន្ដនៅខេត្តសៀមរាប ក្នុងពិធីបុណ្យចូលឆ្នាំចិន រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៤-២៥-២៦ខែមករឆ្នាំ២០២០នេះ។
របាយការណ៍ បានបង្ហាញទៀតថា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ខេត្តសៀមរាប មានភ្ញៀវទេសចរ សរុបមានចំនួនប្រមាណ ៧៨,៤៨៦នាក់ បានមកទស្សនាកម្សាន្ដ។ ក្នុងនោះភ្ញៀវអន្តរជាតិ មានចំនួន២៨,៤៨៦នាក់ កើនឡើង១៣.៩៦ភាគរយ និងភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ៥ម៉ឺននាក់ គឺមានការថយចុះ៩.០៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩កន្លងទៅ។
ភ្ញៀវទេសចរដែលបានអញ្ជើញមកទស្សនាកម្សាន្ដ នៅខេត្តសៀមរាប គឺភាគច្រើនបានទៅតំបន់រមណីយដ្ឋាននានា ដូចជារមណីយដ្ឋានអង្គរ, រមណីយដ្ឋានភ្នំគូលែន, រមណីយដ្ឋានបឹងទន្លេសាប, និងរមណីយដ្ឋាននានាជាច្រើនទៀត រួមនិងតំបន់ទេសចរណ៍កម្សាន្ដនានា ក្នុងក្រុងសៀមរាបផងដែរ។ ក្នុងនោះ នៅតាមសួនច្បារព្រះរាជដំណាក់ ព្រះអង្គចេក ព្រះអង្គចម, តំបន់ផាប់ស្ទ្រីត, ផ្សាររាត្រី, ផ្លូវ៦០ម៉ែត្រ។
យ៉ាងនេះក្តីគេរំពឹងថា សន្ទុះភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ អាចនឹងមានការកើនឡើង នាពេលខាងមុខ ខណៈអាជ្ញាធរខេត្តសៀមរាប បានរៀបចំហេដ្ឋារចនាសម្ព័ន្ធជាច្រើនសម្រាប់ស្វាគមន៍ ភ្ញៀវដែលមកកម្សាន្តផងដែរ៕B/