ដោយ: សោម ប៊ុនថន បុគ្គលិកមជ្ឍមណ្ឌលឯកសារកម្ពុជា / ភ្នំពេញ: ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហរទ័យប្រោសព្រះរាជប្រទានលិខិតសរសើរដល់បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជាចំនួន១៦រូប ដែលបានលះបង់កម្លាំងកាយចិត្តបម្រើដល់បុព្វហេតុនៃការអប់រំពីអំពើប្រល័យពូជសាសន៍។
ទូលតបទៅនឹងព្រះរាជលិខិតខាងលើ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា សូមអរព្រះគុណជាអនេកចំពោះព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដមសីហមុនី ដែលតែងតែយកព្រះទ័យទុកដាក់និងប្រទានការគាំទ្រដល់បុគ្គលិក និងការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ជារៀងរហូតមក។
បុគ្គលិកទាំង១៦រូប បានបំពេញការងារនៅមជ្ឈមណ្ឌលឯកសារកម្ពុជាអស់រយៈកាលជាងមួយ ឬពីរទសវត្សរ៍មកហើយ ក្នុងនោះរួមមាន៖ សូ ហ្វារីណា, ឆេង វេង, ឯម ឆាត, ឡុង អូន, ឡុង ដានី, លី សុខឃាង, លី សុខចំរើន, មាស ប៊ុនថាន, ម៉ម សុផាត, អ៊ុច សុវណ្ណ, ផេង ពង្សរ៉ាស៊ី, រស់ សំពៅ, សុខ វណ្ណៈ, សោម ប៊ុនថន, យ៉ាន់ នីកូឡា និង យិន នាន។ បុគ្គលទាំង១៦រូប មានមុខងារផ្សេងៗគ្នា រួមបញ្ចូលទាំងអ្នកដែលកាន់តំណែងគ្រប់គ្រង បុគ្គលិកទូទៅ ក៏ដូចជាបុគ្គលិកថែទាំនិងសម្អាតការិយាល័យចំនួនពីររូបថែមទៀតផង។
គោលបំណងនៃព្រះរាជលិខិតនេះ គឺដើម្បីព្រះរាជទានអំណរសាទរ និងការកោតសរសើរ ចំពោះបុគ្គលិកដែលបានបំពេញការងារ «អស់រយៈកាល១០ឆ្នាំ ឬច្រើនជាង១០ឆ្នាំកន្លងមកនៅមជ្ឈមណ្ឌលឯកសារកម្ពុជា»។ ព្រះរាជលិខិតនេះ ក៏មានព្រះខ្លឹមសារអបអរដល់មជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងឱកាស «គម្រប់ខួប២៥ឆ្នាំ» ដែលប្រព្រឹត្តទៅនៅក្នុងខែមករានេះ។ យោងតាមព្រះរាជលិខិតរបស់ព្រះមហាក្សត្រ ចាប់តាំងពីមជ្ឈមណ្ឌលឯកសារកម្ពុជាបានចាប់បដិសណ្ឋិមក មជ្ឈមណ្ឌល «បានចូលរួមចំណែកយ៉ាងច្រើនសន្ធឹកសន្ធាប់» នៅក្នុងវិស័យអប់រំពីអំពើប្រល័យពូជសាសន៍ ការរក្សាការចងចាំជាប្រវត្តិសាស្ត្ររបស់ជនរងគ្រោះ ក៏ដូចជាជួយដល់ដំណើរការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីបម្រើដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តនៃអ្នករស់រានមានជីវិតពីរបបកម្ពុជាប្រជាធិបតេយ្យរាប់លាននាក់។
ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលនៅក្នុងព្រះរាជលិខិតទៀតថា៖ «បុគ្គលិករបស់មជ្ឈមណ្ឌលបានបំពេញតួនាទីយ៉ាងសំខាន់ ដើម្បីធានាថា ការងាររបស់មជ្ឈមណ្ឌលកម្ពុជា អាចឈានទៅសម្រេចបាននូវបេសកម្មរយៈពេលវែងរបស់ខ្លួនក្នុងការលើកកម្ពស់ការចងចាំ យុត្តិធម៌ និងការផ្សះផ្សា»។
គួររម្លឹកថា ព្រះមហាក្សត្រទ្រង់ក៏ជាជនរងគ្រោះមួយព្រះអង្គដែរ នៅក្នុងរបបខ្មែរក្រហម។ យោងតាមព្រះរាជបន្ទូលរបស់ព្រះបរមរតនកោដ្ឋ សម្តេចព្រះបាទ នរោត្តម សីហនុ នៅក្នុងភាពយន្តឯកសាររឿង «កុំស្មានបងភ្លេច» ព្រះអង្គបានបាត់បង់បុត្រី៣អង្គ បុត្រា២អង្គ ព្រះធីតុបតី(កូនប្រសាប្រុស)២អង្គ និង ព្រះរាជនត្តា (ចៅស្រី-ប្រុស)១៤អង្គ ដែលបានសោយទិវង្គត់ក្នុងរបបខ្មែរក្រហម។
ប្រទេសកម្ពុជាមានអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ប្រមាណ៥លាននាក់ ក្នុងចំណោមប្រជាជនកម្ពុជាចំនួន១៦លាននាក់។
មជ្ឈមណ្ឌលឯកសារកម្ពុជា បានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ជាការិយាល័យមួយនៃកម្មវិធីស្តីពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា នៃសាកលវិទ្យាល័យ យែល សហរដ្ឋអាមេរិក។ ក្រោមការដឹកនាំរបស់លោក ឆាំង យុ ដែលគឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មជ្ឈមណ្ឌលនេះ បានក្លាយជាស្ថាប័នស្រាវជ្រាវឯករាជ្យ នៅក្នុងឆ្នាំ១៩៩៧៕ ល