ដោយៈ មេសា/ភ្នំពេញៈ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២០ នេះ លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានអះអាងថា កម្ពុជា មិនទាន់រកឃើញករណីជំងឺរលាកសួតប្រភេទថ្មីនៅឡើយ ដូច្នេះអ្នកទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងការប្រតិដ្ឋព័ត៌មានដែលថាមានជំងឺរលាកសួតប្រភេទថ្មីនៅកម្ពុជា សូមបញ្ឈប់ជាបន្ទាន់នូវការប្រតិដ្ឋព័ត៌មានរបស់ខ្លួន ព្រោះនោះគឺជាអំពីឧក្រឹដ្ឋ ហើយសូមសាធារណជន មេត្តាកុំជឿការផ្សព្វផ្សាយព័ត៌មានប្រតិដ្ឋបំភិតបំភ័យទាំងនោះ ។ កម្ពុជា មានយន្តការតាមដានយ៉ាងយកចិត្តទុកដាក់ ប្រសិនបើរកឃើញជំងឺរលាកសួតនោះ កម្ពុជា នឹងផ្សាយជូនតាមស្ថាប័នព័ត៌មានជាតិ ដែលក្នុងនោះមានវិទ្យុជាតិ និង ទូរទស្សន៍ជាតិ ជាដើម ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងព័ត៌មាន ហើយដែលជាការចេញផ្សាយដោយក្រសួងសុខាភិបាល ឬ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ។
លោក ផៃ ស៊ីផាន លើកឡើងយ៉ាងដូច្នេះ ដោយសារប៉ុន្មានថ្ងៃនេះ មានហ្វេសប៊ុកខ្លះបានផ្សព្វផ្សាយថាមានជំងឺរលាកសួតប្រភេទថ្មីនៅកម្ពុជា ហើយព័ត៌មានគ្មានប្រភពនោះ បានបង្កក្តីភ័យខ្លាចដល់សាធារណជន រហូតនាំឱ្យមានការឡើងថ្លៃម៉ាស់ ។
ជាបន្តបន្ទាប់ក្រសួងសុខាភិបាលអះអាងថា ក្រសួងបានដាក់ម៉ាស៊ីស្គែនកម្តៅនៅតាមអាកាសយានដ្ឋាននានា និង ច្រកចេញចូលជាមួយប្រទេសជិតខាង គឺជាអ្វីដែលលោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល ហៅថា ជាការតាមដានយ៉ាងយកចិត្តទុកដាក់យ៉ាងដិតដល់ទាំងលើឆាកអន្តរជាតិ ទាំងក្នុងស្រុក ទាំងផ្លូវអាកាស ផ្លូវគោក និង ផ្លូវទឹក ហើយក្រសួងសុខាភិបាល ក៏បានសំណូមពរដល់អ្នកលក់ម៉ាស់ទាំងអស់នៅកម្ពុជា មេត្តាកុំឡើងថ្លៃ ទុកលទ្ធភាពឲ្យប្រជាពលរដ្ឋដែលមានតម្រូវការប្រើម៉ាស់ អាចទិញប្រើប្រាស់បានផង ដើម្បី ជាកិច្ចចូលរួមការពារសុខភាពផ្ទាល់ខ្លួនលើការចម្លងជំងឺនេះ និងជាបុណ្យកុសលសម្រាប់លោកអ្នកជាអ្នកលក់ម៉ាស់នេះផង ។
ជំងឺរលាកសួតប្រភេទថ្មី បង្កដោយកូរ៉ូណាវីរុស ត្រូវបានរកឃើញនៅប្រទីក្រុង អ៊ូហាន ខេត្ត ហ៊ូប៉ី នៃ ប្រទេស ចិន គិតមកដល់ពេលនេះ បានបណ្តាលឱ្យមនុស្សស្លាប់ ៨០ នាក់ ឆ្លងទៅមនុស្សជិត ២.៧០០ នាក់ ក្នុងនោះមាននៅប្រទេស ថៃ និង ប្រទេស វៀតណាមផងដែរ ហើយដោយសារប្រទេសជិតខាងកម្ពុជា សុទ្ធតែរកឃើញករណីឆ្លងជំងឺរលាកសួតប្រភេទថ្មីនេះហើយ ក៏ជាមូលហេតុដែលសាធារណជនចេះតែមិនស្ងប់ចិត្ត ។
ជាថ្មីម្តងទៀត បើទោះបីជាមិនទាន់រកឃើញជំងឺរលាកសួតប្រភេទថ្មី នេះក៏ដោយ ក៏ក្រសួងសុខាភិបាល លើកទឹកចិត្តដល់សាធារណជនការពារសុខភាពរបស់ខ្លួន ហើយថា ប្រសិនបើមិនមានម៉ាស់ទេនោះ ក៏អាចប្រើកន្សែង ឫក្រដាសជូតមាត់ សម្រាប់ខ្ទប់មាត់នៅពេលក្អក ឬ កណ្តាស់ ហើយត្រូវលាងដៃភ្លាមជាមួយសាប៊ូ និង ទឹកស្អាតក្រោយពេលក្អកកណ្តាស់ មុនពេលរៀបចំអាហារ ក្រោយពេលបន្ទោរបង់ ចម្អិនអាហារឱ្យបានឆ្អិនល្អ និង កុំប៉ះពាល់សត្វរស់ជាដើម ហើយប្រសិនបើចាំបាច់ត្រូវប៉ះពាល់សត្វរស់ ត្រូវពាក់ម៉ាស់ និង លាងដៃនឹងសាប៊ូជាបន្ទាន់ បន្ទាប់ពីបានប៉ះពាល់សត្វរស់នោះ ៕ Kh



