ដាក់បំពង់លូមេមួយខ្សែនៅផ្លូវ​លេខ​​៣៣៧មានប្រវែងជិត​៩០០​ម៉ែត្ររំ​ដោះ​ការលិចលង់,ក្នុងសង្កាត់​បឹង​​កក់ទី១ និងសង្កាត់​បឹងកក់ទី២​

212
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ខណៈនេះ បាននិងកំពុងធ្វើសកម្មភាពដាក់បំពង់លូមេមួយខ្សែ នៅផ្លូវលេខ៣៣៧ ក្នុងសង្កាត់បឹងកក់ទី១ខណ្ឌទួលគោក ហើយគម្រោងនេះគ្រោងនឹងបញ្ចប់ នៅចុងឆ្នាំ២០២១ ខាងមុខនេះ ដើម្បីដោះស្រាយបញ្ហាទឹកលិចក្នុងភូមិសាស្ត្រសង្កាត់ បឹងកក់ទី១និង បឹងកក់ទី២ ខណ្ឌទួលគោក។

លោកដួង ចាន់សារ៉ាត ប្រធានអង្គភាពលូទឹក និងបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងកាលពីថ្ងៃទី២៧ មករានេះថា៖ ការងារដាក់លូមេខ្នាតធំផ្លូវលេខ៣៣៧នេះ ជាគម្រោងការពារទឹកជំនន់ជំហាន៤របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ដែលមានទំហំ២ ម៉ែត្រកន្លះជាប្រភេទលូប្រអប់ ដើម្បីរំដោះទឹកចេញពីភូមិសាស្ត្រសង្កាត់ បឹងកក់ទី១និង បឹងកក់ទី២ ខណ្ឌទួលគោកទំលាក់ទៅផ្លូវ១០០៣ក្នុងខណ្ឌសែនសុខ។

លោកប្រធានបន្តថា បណ្ដាញលូមេមួយខ្សែនេះបានដាក់នៅលើផ្លូវ៣៣៧មានប្រវែង ៨៧០ដោយចាប់ផ្ដើមពីផ្លូវ៥២៨ដល់ផ្លូវ៥៩៨ ភ្ជាប់ទៅបណ្ដាញលូមួយខ្សែទៀតនៅលើបណ្ដោយផ្លូវ ១៩៥៨បន្តទៅផ្លូវលេខ១០០៣។ ការដ្ឋានដាក់លូមួយខ្សែនេះ បានចាប់ផ្ដើមបើកការដ្ឋាន កាលពីដើមឆ្នាំ២០១៩ ជាគម្រោងការពារទឹកជំនន់ជំហាន៤របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICAហើយគម្រោងនេះ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២១ មានរយៈពេល៣ឆ្នាំ។

គួរបញ្ជាក់ថា គម្រោងការពារទឹកជំនន់ និងកែលម្អរប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤ នេះ មានទឹកប្រាក់សរុបប្រមាណ ៣០លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ។ គម្រោងនេះនឹងត្រូវអនុវត្តការដ្ឋាន ដូចខាងក្រោម ក្នុងនោះរួមមាន៖ ១-ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ។ ២-ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញប្រវែង ៤.៤គីឡូម៉ែត្រ។ ៣-សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។ ៤-តម្លើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយ៍បូមទឹកចតុមុខ ព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់។ ៥-ផ្តល់រថយន្តបូមទឹកចល័ត ចំនួន ២គ្រឿង៕B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ