ដោយៈសាតចាន់បុត្រ/មណ្ឌលគិរី៖យ៉ាងហោចណាស់មានសិស្សវិទ្យាល័យចំនួន១៤នាក់ក្នុងខេត្តមណ្ឌលគីរីបានរងការដួលសន្លប់ទៀតហើយពេលកំពុងរៀនក្នុងថ្នាក់កាលពីរសៀលថ្ងៃទី២៧មករាឆ្នាំ២០២០នេះ។ហេតុការណ៍បានកើតឡើងនៅវិទ្យាល័យ ហ៊ុន សែន កែវសី មា ខេត្តមណ្ឌលគីរី ។
សូមរំលឹកថានេះជាករណីទី២ហើយនៃការដួលសន្លប់ដោយកាលពីថ្ងៃទី២៣សប្តាហ៍មុនក៏មានករណីដួលសន្លប់នៅក្នុងវិទ្យាល័យកែវ សីមា ដូចគ្នាដដែលនេះផងដែរ ដែលករណីនេះ នាំឲ្យសិស្សស្រីចំនួន ១០ នាក់ បានរងការដួលសន្លប់ ។ប្រភពព័ត៌មានបានបញ្ជាក់ថាសិស្សដែលរងការដួលសន្លប់នោះ គឺជាសិស្សស្រីទាំងអស់ ដែលក្នុងចំណោមសិស្សទាំង ១៤ នោះ មាន៤ នាក់ ធ្លាប់បានដួលសន្លប់ នៅថ្ងៃទី២៣ ម្តងរួចមកហើយ ។
ប្រភពដដែលបានបន្តថាការសន្និដ្ឋានជាលើកទី២ពីគ្រូពេទ្យនិងគ្រូបង្រៀនបានបញ្ជាក់ថាមូលហេតុដែលនាំឱ្យសិស្សសន្លប់នោះគឺដោយសារអាកាសធាតុក្តៅខ្លាំងនិងសុខភាពពួកគេចុះខ្សោយ។សិស្សស្រីទាំង១០បានរងនឹងអាការៈស្ពឹកជើង,ថប់ដង្ហើមណែនដើមទ្រូងនិងវិលមុខមុនហេតុការណ៍ដែលដួលសន្លប់នោះ។សិស្សទាំង១៤នាក់ត្រូវបានគេបញ្ជួនយកទៅមន្ទីរពេទ្យនិងមិនមានអ្នកណាម្នាក់រងគ្រោះដល់ជីវិតនោះទេ។
តាមការបញ្ជាក់ពីគ្រូបង្រៀនអាកាសធាតុដែលជាក់ស្តែងនៅក្នុងទីតាំងសាលាពេលកំពុងកើតហេតុនោះគឺមានរហូតដល់៣៣អង្សាសេ។ក្រោយករណីដួលសន្លប់កាលពីសប្តាហ៍មុនមកសាលាបានបំពាក់បន្ថែមនៅកង្ហា២បន្ថែមទៀតក្នុងថ្នាក់រៀនដោយមួយបន្ទប់មានកង្ហាចំនួន៤។
តាមការបន្ថែមពីគ្រូបង្រៀននៅវិទ្យាល័យនោះទីតាំងនៃអាគាសាលានោះគឺជុំជិតទៅដោយរណ្តៅដីជីកដែលនាំឲ្យកង្វះនៅខ្យល់អុកស៊ីសែនចូលដល់ក្នុងទីតាំងសាលា។សូមជំរាបថានេះជាករណីទី២ហើយរាប់តាំងពីដើមខែមករា ឆ្នាំ២០២០ មក ដែលមានការដួលសន្លប់ នៅវិទ្យាល័យកែវសីមានេះ ដែលមានចំនួនចាប់ពី១០ នាក់ ឡើងទៅ៕S/