ដោយ:ភ្នំខៀវ/ប៉ៃលិន៖រយៈពេល៣ថ្ងៃនៃថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាមខេត្តប៉ៃលិនជាតំបន់ជាប់ព្រំដែនបានទទួលភ្ញៀវចូលមកទស្សនាកម្សាន្តចំនួនជិត២ម៉ឺននាក់។
លោកលឹមវាសនាប្រធានមន្ទីរទេសចរណ៍ខេត្តបានប្រាប់ឱ្យដឹងថា៖រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ខែមករាឆ្នាំ២០២០ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិបានចូលមកទស្សនាកម្សាន្តឬលំហែរលំកាយនៅតាមតំបន់រមណីយដ្ឋាននានានៅក្នុងខេត្តប៉ៃលិនសរុបចំនួន១៥.៦៤៤នាក់។ប៉ុន្តែថយចុះបើប្រៀបធៀបទៅនឹងឆ្នាំ២០២០ មានចំនួន ១៧.២៧៥នាក់។
ប្រភពខាងលើបន្តថា៖ភ្ញៀវទេសចរណ៍ដែលចូលមកលេងកម្សាន្តតាមទំលាប់នៅក្នុងឆ្នាំ២០២០នេះភ្ញៀវទេសចរណ៍ជាតិមានចំនួន១៥.៥៧៥នាក់ ប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានចំនួន១៧.១៨១នាក់ ថយចុះចំនួន៩,៣៤ភាគរយដោយឡែកចំពោះភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួន៦៩នាក់បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានចំនួន៩៤នាក់ ថយចុះចំនួន២៦,៥៩ភាគរយ។
ចំនួនភ្ញៀវទេសចរណ៍ធ្លាក់ចុះនេះដោយសារអាកាសធាតុប្រែប្រួលក្តៅហួតហែងនិងម្យ៉ាងទៀតដោយសារកត្តាទឹកនៅតាមតំបន់រមណីយដ្ឋានផ្សេងៗរីងស្ងួតមិនមានទឹកសម្រាប់ងូតលេង។គោលដៅទេសចរណ៍ដែលទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិឱ្យចូលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិនរួមមាន តំបន់រមណីយដ្ឋានភ្នំលោកយាយយ៉ាត, រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ, តំបន់លំហែកាយអូរឈើក្រំ, រមណីយដ្ឋានចំការខ្នុរ,រមណីយដ្ឋានម្លប់សាម៉ាវ, និងតំបន់រមណីយដ្ឋានស្ទឹងត្រជាក់ចិត្តជាដើម៕S/
រូបភាព:ភ្ញៀវទេសចរណ៍កំពុងលេងកំសាន្តនៅតំបន់រមណីយដ្ឋានទឹកធ្លាក់និងស្ទឹងតារៀបឬស្ទឹងប៉ៃលិន ( រូប: ភ្នំខៀវ )