Home ព័ត៌មានអន្តរជាតិ ការបារម្ភកើនឡ...

ការបារម្ភកើនឡើងទូទាំងពិភពលោក ខណៈរដ្ឋធានីចិនរាយការណ៍ករណីស្លាប់ទីមួយពីវីរុសកូរ៉ូណា

រដ្ឋធានីរបស់ចិនកាលពីថ្ងៃចន្ទទី២៧មករាបានកត់ត្រាករណីស្លាប់លើកដំបូងរបស់ខ្លួនពីវីរុសកូរ៉ូណាដ៏សាហាវ ខណៈចិនកំពុងព្យាយាមទប់ទល់នឹងជំងឺរីករាលដាលយ៉ាងឆាប់រហ័សនេះ ដែលបង្កឱ្យមានការព្រួយបារម្ភជាសកល ស្របពេលបណ្តាប្រទេសជាច្រើនកំពុងប្រញាប់ប្រញាល់ជម្លៀសពលរដ្ឋរបស់ពួកគេចេញពីតំបន់ផ្ទុះជំងឺរាតត្បាតនេះ។

ការស្លាប់នៅក្នុងទីក្រុងប៉េកាំងបានបង្កើនចំនួនអ្នកស្លាប់ដោយសារវីរុសថ្មីដល់ទៅ ៨២ នាក់ហើយ ខណៈមនុស្សជាង ២.៧០០ នាក់បានឆ្លងរោគនេះនៅទូទាំងប្រទេសចិន។

ករណីវីរុសកូរ៉ូណាត្រូវបានបញ្ជាក់នៅក្នុងប្រទេសជាង ១០ រាប់បញ្ចូលទាំងអ្នកជំងឺដែលត្រូវបានបញ្ជាក់ជាលើកដំបូងនៅប្រទេសកាណាដា កម្ពុជា និងស្រីលង្កា។

សហរដ្ឋអាម៉េរិកបានជំរុញឱ្យពលរដ្ឋរបស់ខ្លួន “ពិចារណាឡើងវិញ” រាល់ការធ្វើដំណើរទៅប្រទេសចិននិងបានប្រាប់ពួកគេកុំឱ្យទៅខេត្តហឺប៉ីភាគកណ្តាលប្រទេសចិន កន្លែងដែលវីរុសដូចជំងឺរលាកសួត បានផ្ទុះឡើង។ ម៉ុងហ្គោលីបានបិទព្រំដែនដ៏ធំរបស់ខ្លួនចំពោះយានយន្តមកពីប្រទេសចិន។

នៅក្នុងសញ្ញានៃការព្រួយបារម្ភជាផ្លូវការ នាយករដ្ឋមន្ត្រីចិនលោកលី កឺឈាំងបានធ្វើទស្សនកិច្ចនៅដែនដីសូន្យ (ចំណុចផ្ទុះមេរោគ) ដើម្បីត្រួតពិនិត្យកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការរាតត្បាតមេរោគនៅទីក្រុងវូហាន ដែលមានប្រជាជនចំនួន ១១ លាននាក់រស់នៅ និងជាកន្លែងដែលមេរោគនេះលេចឡើងដំបូងកាលពីចុងខែធ្នូ។

រដ្ឋាភិបាលចិនបានបិទទីក្រុងវូហាននិងទីក្រុងជាច្រើនទៀតក្នុងខេត្តហឺប៉ី ដោយបង្ខាំងមនុស្សជាង១០លាននាក់មិនឱ្យចេញបានឡើយ ក្នុងនោះរួមមានទាំងជនបរទេសរាប់ពាន់នាក់ផងដែរ ក្នុងកិច្ចប្រឹងប្រែងទប់ស្កាត់វីរុសកូរ៉ូណា ស្របពេលបុណ្យចូលឆ្នាំចិនបានចាប់ផ្តើម។

ចិនបានបន្លាយពេលចូលឆ្នាំចិន ៣ ថ្ងៃបន្ថែមទៀតដើម្បីរឹតត្បិតលំហូរមនុស្ស និង គ្រប់គ្រងជំងឺ។ បុណ្យចូលឆ្នាំដំបូងគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣០មករា។

ប្រធានាធិបតីអាម៉េរិកលោកដូណាល់ ត្រាំបាននិយាយថា សហរដ្ឋអាម៉េរិកស្នើទៅប៉េកាំង “សុំជួយបើត្រូវការចាំបាច់” ដើម្បីប្រយុទ្ធនឹងវីរុសកូរ៉ូណា។

គណៈកម្មការសុខភាពក្នុងទីក្រុងប៉េកាំងនិយាយថា បុរសអាយុ៥០ឆ្នាំម្នាក់ ដែលទៅលេងនៅវូហាន បានស្លាប់ដោយសារខ្សោយផ្លូវដង្ហើមកាលពីថ្ងៃចន្ទ គឺតិចជាង៣សប្តាហ៍ក្រោយទៅលេងនៅទីក្រុងនេះ។

ករណីថ្មីជាង ៧០០ ត្រូវបានបញ្ជាក់ក្នុងប្រទេសចិន ខណៈករណីសង្ស័យបានកើនឡើងទ្វេដងក្នុងរយៈពេល២៤ម៉ោង គឺជិតដល់ ៦.០០០ ករណី។

អ្នកជំងឺវ័យក្មេងបំផុតគឺទារកអាយុ៩ខែ ដែលកំពុងព្យាបាលនៅទីក្រុងប៉េកាំង៕ ដោយ៖ កញ្ញាដាលីស

បុរសអាយុ ៥០ ឆ្នាំស្លាប់ដោយសារវីរុសកូរ៉ូណានៅប៉េកាំង ក្រោយទៅលេងនៅវូហានកាលពី៣សប្តាហ៍មុន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular