ដោយៈសុផល / ភ្នំពេញៈគិតមកត្រឹមរសៀលនៃថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានស្រាវជ្រាវរកឃើញនិងមានការបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានូវករណីវិជ្ជមានវីរុសកូរ៉ូណាប្រភេទថ្មី (2019-nCoV) នៅលើបុគ្គលជនជាតិចិនម្នាក់ ឈ្មោះ ចា ជិនហួរ (Jia Jianhua) ភេទប្រុស អាយុ ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងអ៊ូហាន ជាមួយក្រុមគ្រួសារ ៤នាក់ ដែលសំណាកបានយកមកធ្វើវិភាគទាំងបួននាក់នេះ មានវិជ្ជមានវីរុសកូរ៉ូណាតែម្នាក់គាត់គឺលោក ចា ជិនហួរ។បច្ចុប្បន្នអ្នកជំងឺកំពុងដាក់ព្យាបាលដាច់ដោយឡែកនៅមន្ទីរពេទ្យខេត្តព្រះសីហនុ ។នេះបើតាមការឱ្យដឹងរបស់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅក្នុងសន្និសីទសារព័ត៌មានកាលពីព្រលប់ថ្ងៃទី២៧ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។
តាមការអង្កេតតាមដានរបស់ក្រុមគ្រូពេទ្យស្ថានភាពអ្នកជំងឺមានសភាពនឹងនរ មានតែរោគសញ្ញាផ្តាសាយធម្មតាប៉ុណ្ណោះ រីឯក្រុមគ្រួសារគាត់ក៏មិនទាន់រកឃើញថាមានសញ្ញាពាក់ព័ន្ធនឹងបញ្ហាសុខភាពពួកគាត់ណាមួយនៅឡើយដែរ។ ក្រុមគ្រួពេទ្យកំពុងតែតាមដានសុខភាពពួកគាត់ដោយយកចិត្តទុកដាក់បំផុត។
អ្នកទាំងបួននាក់មានឈ្មោះ៖១. លោក ចា ជិនហួរ (Jia Jianhua) ភេទប្រុស អាយុ ៦០ឆ្នាំ កាន់ប៉ាស្ព័រលេខ E54319891។២. លោកស្រី វ៉ាង លីងជេន (Wang Lingzhen) ភេទស្រីអាយុ ៥៧ឆ្នាំ កាន់ប៉ាស្ព័រលេខ E06137433។៣. លោក សៅ យ៉ាន់ (Xiao Yan) ភេទប្រុស អាយុ ៣៨ឆ្នាំ កាន់ប៉ាស្ព័រលេខ ED0134348៤. និងលោកស្រី ចា រ៉ុយស៊ន់ (Jia Ruixuan) ភេទស្រី អាយុ ៣៣ឆ្នាំ កាន់ប៉ាស្ព័រលេខ E24490509។
យោងតាមប្រវត្តិអ្នកជំងឺបានបង្ហាញថា គាត់និងក្រុមគ្រួសារបានចេញដំណើរពីទីក្រុងអ៊ូហាន មកកាន់ទីក្រុងព្រះសីហនុ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ហើយមានចេញរោគសញ្ញានៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ដោយមានអាការ គ្រុនក្តៅ និងហៀរសំបោរ។ អ្នកទាំង៤ខាងលើ មកពីទីក្រុង អ៊ូហាន នៃសាធារណរដ្ឋប្រជាមានិតចិន ហើយបានចូលមកប្រទេសកម្ពុជាតាមជើងយន្តហោះត្រង់ពីទីក្រុងអ៊ូហាន មកដល់ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៧ព្រឹក។ ក្រោយពីបានមកដល់ក្រុងព្រះសីហនុ ពួកគាត់បានជិះតាក់ស៊ី មកស្នាក់នៅសណ្ឋាគារឯករាជ្យចំនួន២យប់។ បន្ទាប់មកបានចូលមកស្នាក់នៅសណ្ឋាគារគ្វីនកូ (Queenco Hotel) នៅរសៀលថ្ងៃទី២៥ ខែមករាឆ្នាំ២០២០។នៅរសៀលនោះដែរ លោក ចា ជិនហួរ បានលេងទឹកអាងរយៈពេល២ម៉ោង រួចក៏មានអាការ ក្តៅខ្លួន។ល្ងាចថ្ងៃដដែលនោះភរិយាគាត់ឈ្មោះ វ៉ាង លីងជេន បានទូរស័ព្ទទៅលេងក្រុមគ្រួសារនៅប្រទេសចិន និងបានប្រាប់ថា ប្តីគាត់មានអាការក្តៅខ្លួន។
លោករដ្ឋមន្ត្រីបានឱ្យដឹងទៀតថា៖ បន្ទាប់ពីទទួលបានព័ត៌មានពីលោក គួច ចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ អាជ្ញាធរខេត្តរួមជាមួយនឹងលោកស្រីប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងមន្ត្រីឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានសកម្មក្នុងការស្រាវជ្រាវរកករណីខាងលើនេះ ហើយបានរកឃើញថាគាត់កំពុងស្នាក់នៅសណ្ឋាគារឃ្វីនកូ ក្រុងព្រះសីហនុ។បន្ទាប់មកក្រុមការងារសុខាភិបាលខេត្តព្រះសីហនុបានយកវត្ថុវិភាគស្របតាមលក្ខណៈបច្ចេកទេសដែលបានណែនាំដោយក្រសួងសុខាភិបាលនៅថ្ងៃដដែលនិងបានបញ្ជូនវត្ថុសំណាកពីច្រមុះ និងបំពង់ករបស់បុគ្គលទាំងបួននាក់ខាងលើនោះ មកធ្វើវិភាគនៅមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ នៅរសៀលម៉ោង៣ នៃថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់ថា សំណាកវិភាគមន្ទីរពិសោធន៍របស់ លោក ចា ជិនហួរ មានវិជ្ជមានវីរុសកូរ៉ូណាថ្មី (2019-nCoV)។ បច្ចុប្បន្ននេះ តាមការអង្កេតតាមដានរបស់ក្រុមគ្រូពេទ្យ ស្ថានភាពអ្នកជំងឺមានសភាពនឹងនរ មានតែរោគសញ្ញាផ្តាសាយធម្មតាប៉ុណ្ណោះ រីឯក្រុមគ្រួសារគាត់ក៏មិនទាន់រកឃើញថាមានសញ្ញាពាក់ព័ន្ធនឹងបញ្ហាសុខភាពពួកគាត់ណាមួយនៅឡើយដែរ។ ក្រុមគ្រួពេទ្យកំពុងតែតាមដានសុខភាពពួកគាត់ដោយយកចិត្តទុកដាក់បំផុត។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបា បានបញ្ជាក់ថា៖វិធានការសំខាន់ៗដែលក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្ត រួមជាមួយអាជ្ញាធរខេត្តព្រះសីហនុ បានដាក់ចេញអនុវត្ត មានដូចតទៅ៖
- ដាក់អ្នកជំងឺនៅបន្ទប់ដាច់ដោយឡែកនៃមន្ទីរពេទ្យខេត្តព្រះសីហនុ ដើម្បីតាមដាន ក៏ដូចជា ផ្តល់ការព្យាបាលដោយចិត្តទុកដាក់ជាទីបំផុត
- ដាក់ក្រុមគ្រួសារគាត់ឲ្យស្ថិតនៅក្រោមការតាមដានសុខភាព និងស្វែងរកអ្នកប៉ះពាល់ផ្សេងទៀត ដើម្បីធ្វើការអប់រំសុខភាព ព្រមទាំងតាមដានសុខភាពពួកគាត់
- និងបាញ់សម្លាប់មេរោគកន្លែងគាត់ស្នាក់នៅ
- រាយការណ៍ជូនស្ថានទូតចិនប្រចាំនៅកម្ពុជា អំពីករណីវិជ្ជមានខាងលើនេះ។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាកំពុងតាមដាន និងស្រាវជ្រាវដោយយកចិត្តទុកដាក់ជាទីបំផុតនូវស្ថានភាពកើតមានករណីជំងឺរលាកសួតប្រភេទថ្មីនេះ និងសូមអំពាវនាវថា បើបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរវិលត្រឡប់មកពីទីក្រុងអ៊ូហាន ខេត្តហឺប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវតាមដានសុខភាពរបស់ខ្លួនជាប់ជាប្រចាំ ហើយប្រសិនបើមានរោគសញ្ញា ក្តៅខ្លួន ក្អក ហៀរសំបោរ ឬមានរោគសញ្ញាហត់ ឬថប់ដង្ហើម សូមប្រញាប់ស្វែងរកការពិនិត្យពិគ្រោះ និងព្យាបាលជំងឺនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈឲ្យបានទាន់ពេលវេលា ហើយបើលោកអ្នកមានសំណួរ ឬ ចម្ងល់អ្វីពីបញ្ហាសុខភាពលោកអ្នក សូមទាក់ទងទៅទូរស័ព្ទទាន់ហេតុការណ៍លេខ ១១៥ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាល សូមធ្វើបច្ចុប្បន្នភាពករណីជំងឺរលាកសួតដោយវីរុសកូរ៉ូណា ប្រភេទថ្មីនេះ ដោយគិតត្រឹមម៉ោង ៨ព្រឹក នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកបានបង្ហាញថា មានអ្នកជំងឺសរុបចំនួន ២៧៤៤នាក់ ដែលមានវិជ្ជមានជំងឺរលាកសួតដោយសារវីរុសកូរូណា ដែលបានរាយការណ៍ពីខេត្តចំនួន៣០ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងនោះមាន ៤៦១នាក់ ជាករណីធ្ងន់ ចំនួន៨០នាក់ បានស្លាប់បាត់បង់ជីវិត។ សរុបចំនួនអ្នកសង្ស័យមាន ៥,៧៩៤នាក់ ក្នុងនោះមាន ៧២៩ករណី ជាករណីថ្មី ដែលមាន ១៣៧ករណីធ្ងន់ និង ២៤ករណីថ្មីដែលបានបាត់បង់ជីវិត (មកពី Hubei)។ ចិនហុងកុង មាន៨ករណី ម៉ាកាវ ៥ករណី និងចិនតៃវ៉ាន់ ៤ករណី។ ដោយឡែកប្រទេសថៃបានរាយការណ៍ថាបានរកឃើញចំនួន ៧ករណី ជប៉ុន ៣ករណី សាធារណរដ្ឋកូរ៉េ ៣ករណី សហរដ្ឋអាម៉េរិក ៣ករណី វៀតណាម ២ករណី ប្រទេសសាំងហ្គាពួរ៥ករណី(ទើបរកឃើញ១ករណីទៀត) ប្រទេសម៉ាឡេស៊ី ៣ករណី ប្រទេសណេប៉ាល់ ១ករណី ប្រទេសបារាំង ៣ករណី និងប្រទេសអូស្ត្រាលី ៤ករណី។ អ្នកប៉ះពាល់ ឬអ្នកជិតដិតជាមួយអ្នកជំងឺសរុបមាន ៣២៧៩៩ នាក់ ដែលកំពុងតាមដានសម្រាប់ការសង្កេតផ្នែកវេជ្ជសាស្ត្របន្ត ក្នុងនោះមាន ៥៨៣នាក់ បានរួចផុតពីការតាមដានសុខភាព និងចំនួន ៣០៤៥៣នាក់ កំពុងតែស្ថិតនៅក្នុងការឃ្លាំមើលផ្នែកសុខភាពនៅឡើយ។ គួរកត់សម្គាល់ថា ពុំទាន់មានការបញ្ជាក់ច្បាស់លាស់ណាមួយពីអង្គការសុខភាពពិភពលោកស្តីពីប្រភព និងរបៀបនៃការចម្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មីនេះនៅឡើយទេ។ ប៉ុន្តែ មានការបង្ហាញថា មានការចម្លងពីមនុស្សទៅមនុស្សដោយមានកម្រិត ហើយបច្ចុប្បន្ននេះ គេបានសង្កេតឃើញថា មានការចម្លងពីអ្នកដែលមានវីរុសនេះពីអ្នកដែលស្ថិតនៅក្នុងដំណាក់កាលវីរុសសម្ងំក្នុងខ្លួន (incubation period) តែមិនទាន់មានចេញរោគសញ្ញានៅឡើយទៅមនុស្សដទៃទៀត។
ក្នុងគោលបំណងការពារការរាតត្បាតនៃជំងឺដែលបានរកឃើញខាងលើជនជាតិចិនម្នាក់ខាងលើនេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកធ្វើដំណើរដែលវិលត្រឡប់មកពីទីក្រុងអ៊ូហាន ខេត្តហឺប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយត្រូវចេះថែរក្សាសុខភាពផ្ទាល់ខ្លួន ។ប្រសិនបើលោកអ្នក មានរោគសញ្ញាដូចជា គ្រុនក្តៅ ក្អក និងពិបាកដកដង្ហើម ទាំងក្នុងអំឡុងពេលធ្វើដំណើរ ឬបន្ទាប់ពីការវិលត្រឡប់មកពីកន្លែងដែលបានជម្រាបខាងលើ សូមទៅជួបវេជ្ជបណ្ឌិត (នៅគ្រឹះស្ថានសុខាភិបាលសាធារណៈដែលនៅជិតបំផុតភ្លាម) និងប្រាប់ព័ត៌មានដល់គ្រូពេទ្យអំពីប្រវត្តិនៃការធ្វើដំណើរ និងរោគសញ្ញារបស់លោកអ្នក។
លោករដ្ឋមន្ត្រីក៏បានប្រកាសធ្វើការក្រើនរំលឹកជូនដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់លើការបង្ការការចម្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មីខាងលើ ដែលបានរកឃើញមានមួយករណីនៅខេត្តព្រះសីហនុ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ដោយអនុវត្តនូវវិធានការដូចតទៅ ៖
១. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច ឬអ្នកជំងឺដែលសង្ស័យ។
២. លាងដៃឲ្យបានញឹកញាប់ (ជាមួយសាប៊ូ និងទឹកស្អាត) ជាពិសេសបន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ ឬបរិស្ថានជុំវិញគាត់។
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធ ឬទៅទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរណ៍។ ចាំបាច់ ត្រូវលាងដៃឲ្យបានទៀងទាត់មុនពេល និងបន្ទាប់ពីការប៉ះពាល់សត្វ ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ។
៤. ប្រកាន់ខ្ជាប់នូវការអនុវត្តន៍អនាម័យស្អាត និងសុវត្ថិភាពម្ហូបអាហារល្អ ដូចជា ពិសាអាហារដែលចំអិនឆ្អិនល្អ ជាពិសេស សាច់ និងស៊ុត។
៥. អ្នកមានរោគសញ្ញាជំងឺផ្លូវដង្ហើមស្រួច ត្រូវខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកណ្តាស់ ដោយកន្សែង ក្រមា ឬក្រដាសជូតមាត់។
៧. ត្រូវប្រកាន់យកនូវអនាម័យដៃស្អាត និងអនាម័យផ្លូវដង្ហើម (ខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកណ្តាស់, លាងដៃបន្ទាប់ពីមានប៉ះជាមួយទឹករំអិលពីផ្លូវដកដង្ហើម និងរក្សាចម្ងាយច្រើនជាង១ម៉ែត្រពីបុគ្គលដែលមានរោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវ ជាដើម)។
៨. បុគ្គលិកសុខាភិបាលដែលផ្តល់ការថែទាំអ្នកជំងឺត្រូវប្រកាន់ខ្ជាប់នូវវិធានការបង្ការការចម្លងរោគក្នុងគ្រឹះស្ថានសុខាភិបាលឲ្យបានហ្មត់ចត់និងត្រឹមត្រូវតាមបច្ចេកទេសសុខាភិបាល ដើម្បីជៀសវាងការឆ្លងជំងឺនេះមកបុគ្គលខ្លួនឯង។
៩. ប្រសិនបើមានសង្ស័យថាឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ ដោយមានរោគសញ្ញាដូចជា គ្រុនក្តៅលើសពី ៣៨ អង្សាសេ និងមានរោគសញ្ញាមួយយ៉ាងតិចក្នុងចំណោម ក្អក ហូរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី និងពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសចិន ដោយបានប៉ះពាល់ជាមួយអ្នកជំងឺផ្លូវដង្ហើម ប៉ះពាល់ជាមួយសត្វឈឺ ក្នុងអំឡុង១៤ថ្ងៃមុនចេញរោគសញ្ញា ឬដោយបានប៉ះពាល់ជាមួយអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមស្រួចស្រាវមិនដឹងអំពីអត្តសញ្ញាណ(ប្រភេទមេរោគ)ច្បាស់លាស់ ត្រូវប្រញាប់រាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ។
ក្រសួងសុខាភិបាល បន្តការស្រាវជ្រាវករណីជំងឺលើនេះ ជាបន្តទៀត និងបន្ដធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមគេហទំព័រ និងទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាល ទំព័រហ្វេសប៊ុកនិងគេហទំព័ររបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខភាពអំពីការបង្ការការឆ្លងជំងឺតាមផ្លូវដង្ហើម ដែលអាចទាញយកមកមើលបាន ។សម្រាប់ព័ត៌មានបន្ថែម៖ សូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ដោយឥតគិតថ្លៃ១១៥ ទោះគ្មានថវិកាក្នុងទូរស័ព្ទរបស់អ្នកក៏អាចទូរស័ព្ទចូលបានដែរ ឬទំនាក់ទំនង៖លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ៖ ០១២ ៨២៥ ៤២៤,លោកវេជ្ជបណ្ឌិត យី សេងឌឿន ៖០១២ ៤៨៨ ៩៨១និងលោកស្រី វេជ្ជបណ្ឌិត តេង ស្រី ៖ ០១២ ៨៣៦ ៨៦៨៕ ល/Ha