ភ្នំពេញៈក្នុងព្រឹត្តិការណ៍ទទួលពានរង្វាន់របស់សិល្បករសិល្បការិនី តារាៗ របស់ប្រទេសថៃ ម្នាក់ៗសុទ្ធតែតុបតែងខ្លួនស្អាតៗបង្អួតគ្នា។ សម្រាប់តារាខ្មែរយើងកញ្ញា ឌួង ម៉ានិច បានតុបតែងបែបសុភាព ក្នុងឈុតបុរាណពាក់កណ្តាលលាយសម័យកណ្តាល ។
តារាស្រីពីកម្ពុជា កញ្ញា ឌួង ម៉ានិច បានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលខ្លាំង ដោយបានបានគ្រងសម្លៀកបំពាក់រ៉ូបច្នៃដោយក្រណាត់ហូលខ្មែរឡើងទទួលពានក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ ខណៈតារាថៃម្នាក់ៗសុទ្ធសឹងបង្អួតសម្រស់យ៉ាងសិចស៊ីដាក់គ្នា។
កញ្ញា ឌួង ម៉ានិច បានឆ្លៀតពេលពីការងារសិល្បៈដ៏មមាញឹករបស់នាងចាកចេញពីកម្ពុជា ទៅកាន់ប្រទេសថៃកាលពីថ្ងៃទី២៤ ខែមករានេះ ដើម្បចូលរួមក្នុងព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ តារាឆ្នើមដ៏ធំមួយមានឈ្មោះថា” Thailand Digital Awards 2020” ដែលត្រូវបានធ្វើឡើងនាទីក្រុងបាកកប្រទេសថៃកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២០ ។ ព្រឹត្តិការណ៍នេះ មានវត្តមានសិល្បករប្រុសស្រីល្បីឈ្មោះយ៉ាងច្រើនកុះករនៅព្រះរាជាណាចក្រថៃ។ តារាស្រីរូបនេះ ទទួលបានការសាទរខ្លាំងពីអ្នកផលិតកម្មវិធី និងអ្នកគាំទ្រនាថ្ងៃទទួលពានដ៏រំភើបក្នុងជីវិត សិល្បៈដែលនាងប្រឹងប្រែងអស់១ទសវត្សរ៍មកហើយ។
កញ្ញា ឌួង ម៉ានិច បានប្រាប់សរសេរសារតាមហ្វេសប៊ុកឱ្យដឹងថា នាងពិតជាមានមោទនភាព និងរំភើបរកអ្វីមកផ្ទឹមពុំបានក្រោយពីផលិតករនៅប្រទេសថៃបានជ្រើសរើសនាងឲ្យចូលរួមនិងទទួលពានជាតារាសម្តែងឆ្នើមពីកម្ពុជារួមជាមួយតារាពីររូបផ្សេងទៀត។ នាងក៏អរគុណសម្រាប់ការច្នៃម៉ូតរ៉ូតយ៉ាងប្រណីតបង្កប់ដោយអត្តសញ្ញាណខ្មែរចូលរួមព្រឹត្តិការណ៍ដ៏ធំ និងជាប្រវត្តិសាស្ត្រក្នុងអាជីពសិល្បៈរបស់នាង។ តារាស្រីវ័យ២៩ឆ្នាំរូបនេះបញ្ជាក់ថា ជាក្តីស្រមៃមួយដែលនាងចង់បានជាយូរហើយ ពេលនេះបានក្លាយជាការពិត បន្ទាប់ពីប្រឡូកសិល្បៈអស់ រយៈពេលជាង១០ឆ្នាំមកហើយ។ នាងអរគុណចំពោះលោកគ្រូអ្នកគ្រូ សិស្សច្បងក្នុងសិល្បៈ អ្នកគាំទ្រ និងសាច់ញាតិដែលតែលើកទឹកចិត្តឲ្យនាងតស៊ូក្នុងជីវិត និងការងារសិល្បៈហើយ នេះគឺជាកម្លាំងចិត្តសម្រាប់នាង។
សូមរំលឹកផងដែរថា នាងបានចាប់ផ្តើមប្រឡូកក្នុងអាជីពសិល្បៈកាលពីអំឡុងឆ្នាំ ២០០៧ ក្រោយពីជាប់ជាកញ្ញាឯកប្រជាប្រិយ ហើយឆ្លងកាត់បទពិសោធន៍ និងការតស៊ូខ្លាំងលើវិស័យសិល្បៈ។ កញ្ញា ឌួង ម៉ានិច ជាតារាសម្តែងមានទឹកដីកំណើតពីខេត្តបន្ទាយជ័យរូបនេះទទួលបានឱកាសច្រើនពីផលិតករជាច្រើន ព្រោះតែភាពរួសរាយរាក់ទាក់ ការគោរពពេលវេលា បូកផ្សំទាំងរូបសម្រស់ និងទេពកោលសល្យបានធ្វើឲ្យតារាស្រីរូបនេះទទួលបានការគាំទ្រ ច្រើនពីទស្សនិកជនគ្រប់វ័យ ហើយស្នាដៃសម្តែងភាពយន្តជាច្រើនត្រូវបានតារាស្រីរូបនេះ សម្រេចបាន៕ ដោយ: បូរិន/Ha