ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំកាលពីថ្ងៃចន្ទទី២៧មករាបានសុំជួយដល់ចិននូវ«ជំនួយចាំបាច់ណាមួយ»ដើម្បីទប់ស្កាត់ការផ្ទុះកូរ៉ូណាវីរុសនៅទីក្រុងវូហានដែលបានសម្លាប់មនុស្សដល់៨២នាក់និងបណ្តាលអោយរាប់លាននាក់ទៀតជាប់នៅក្នុងទីក្រុងដែលមានការរឹតត្បិតការធ្វើដំណើរ។
បើតាមសារព័ត៌មានរដ្ឋចិន នាយករដ្ឋមន្ត្រីចិនលោកលី ឃឹឈាំង នឹងដឹកនាំការងារទប់ស្កាត់ការឆ្លងវីរុសនេះ នៅពេលបណ្តាអាជ្ញាធរខេត្តរងការចោទប្រកាន់ពីសាធារណជនថា ខកខានមិនបានឆ្លើយតបទាន់ពេល។
ត្រាំបាននិយាយក្នុងសារបង្ហោះក្នុងទ្វីតធឺថា «យើងធ្វើការទាក់ទងជាមួយចិនយ៉ាងជិតស្និទ្ធអំពីវីរុសនេះ។មានបីបួនករណីត្រូវបានរាយការណ៍នៅអាម៉េរិក តែត្រូវបានតាមដានឃ្លាំមើលខ្លាំងណាស់។យើងបានសុំជួយចិន និងប្រធានាធិបតីស៊ី ជីនពីង នូវជំនួយចាំបាច់អ្វីមួយ។អ្នកជំនាញការរបស់យើងអស្ចារ្យណាស់»។
អាជ្ញាធរសុខភាពនៅក្នុងរដ្ឋធានីប៉េកាំងបានរាយការណ៍អំពីការស្លាប់ដោយកូរ៉ូណាវីរុសនេះជាលើកដំបូងកាលពីថ្ងៃចន្ទលើមនុស្សវ័យ៥០ឆ្នាំម្នាក់ ដែលធ្លាប់បានទៅកាន់ទីក្រុងវូហាន។
លោកលី ជាមន្ត្រីចិនជាន់ខ្ពស់បំផុតដែលបានទៅត្រួតពិនិត្យមើលកិច្ចការប្រយុទ្ធប្រឆាំងវីរុសនិងព្យាបាលអ្នកជម្ងឺនៅក្រុងវូហានចាប់តាំងពីពេលវីរុសនេះផ្ទុះមក។ ក្នុងសម្លៀកបំពាក់ការពារពណ៌ខៀវនិងម៉ាសមុខ លោកលីកាលពីថ្ងៃចន្ទបានអរគុណបុគ្គលិកពេទ្យនៅក្រុងវូហានចំពោះកិច្ចខិតខំរបស់ពួកគេក្នុងការព្យាបាលអ្នកជម្ងឺនិងបានទទូចអោយពួកគេយកចិត្តទុកដាក់ការពារខ្លួនឯងផង ។
ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បាននិយាយថា លោកលីបានតំរូវអោយខិតខំធានាការផ្គត់ផ្គង់ប្រភពធនធានវេជ្ជសាស្ត្រ ព្យាលអ្នកជម្ងឺពេឡ២៤ម៉ោងនិងធានាការផ្គត់ផ្គង់គ្រប់គ្រាន់នៅទីផ្សារនិងតំលៃទំនិញថេរ។
លោកនាយករដ្ឋមន្ត្រីបានធានាថា បុគ្គលិកពេទ្យ២.៥០០នាក់ទៀតនឹងមកដល់នៅ២ថ្ងៃខាងមុខ៕ប្រែសម្រួល៖វាសនា
លោកលី ជាមន្ត្រីចិនជាន់ខ្ពស់បំផុតដែលបានទៅត្រួតពិនិត្យមើលកិច្ចការប្រយុទ្ធប្រឆាំងវីរុសនិងព្យាបាលអ្នកជម្ងឺនៅក្រុងវូហាន ចាប់តាំងពីពេលវីរុសនេះផ្ទុះមក