ក្លិបម៉េនឆេស្ទ័រ យូណាយធីតបដិសេធមិនបញ្ចុះតម្លៃខ្សែការពារ គ្រីស ស្មលិង (Chris Smalling) និងចង់បានតម្លៃ២៥លានផោនពីក្លិបរ៉ូម៉ា( Roma) សម្រាប់ខ្សែការពារដែលកំពុងលេងខ្ចីជើង រូបនេះ។
ស្មលិង បានបង្ហាញភាពអស្ចារ្យខ្លះនៅក្របខណ្ឌអ៊ីតាលី Serie A នៅរដូវកាលនេះ ហើយទម្រង់លេងរបស់ខ្សែការពាររូបនេះគ្រប់គ្រាន់នឹងទាក់ទាញក្លិបនេះឲ្យផ្តល់កិច្ច ព្រមព្រៀងអចិន្ត្រៃយ៍ដល់ខ្លួន។
ពួកគេបានបើកការចរចាជាមួយថ្នាក់ដឹកនាំរបស់យូណាយធីត ដោយដាក់សំណើដំបូង១៣លានផោន ហើយនឹងបន្ថែម៣,៥លានផោនតាមក្រោយទៀត ប៉ុន្តែយូណាយធីតបានបដិសេធ ហើយជឿថា ខ្លួនសមនឹងទទួលបានតម្លៃដែលបានកំណត់សម្រាប់ខ្សែការពាររូបនេះ។
គេជឿថាកីឡាករវ័យ៣០ឆ្នាំរូបនេះអន្ទះសាចង់បានកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ពីក្លិប Roma បន្ទាប់ពីធ្វើបានល្អនៅអ៊ីតាលី ហើយនឹងពិចារណាបន្ថយប្រាក់ឈ្នួល១៣០.០០០ផោនរបស់ខ្លួន ក្នុងមួយសប្តាហ៍ ដើម្បីសម្រេចកិច្ចព្រមព្រៀងនេះ។
ស្មលិង បានបង្ហាញមុខ២០លើកសម្រាប់ក្រុម Roma នៅរដូវកាលនេះ ដោយរកបាន២គ្រាប់ និងជួយរក្សាបានឃ្លីនស៊ីត៧លើកនៅគ្រប់ការប្រកួត។
ខ្សែការពារកណ្តាលរូបនេះបានចូលរួមជាមួយក្រុមអ៊ីតាលីនេះតាំងពីដើម រដូវកាលបន្ទាប់ពី លោក អូឡេ ហ្គាន់ណា សូលស្យែរ (Ole Gunnar Solskjaer) បាត់បង់ជំនឿ។ ស្មលិង លេង ៣៤លើកកាលពីរដូវកាលមុន ប៉ុន្តែគ្រូបង្វឹកសញ្ជាតិន័រវ៉េសរូបនេះបានយល់ព្រមឲ្យកីឡាករ រូបនេះចាកចេញស្របពេលកីឡាករ ហ៊ែរី ម៉ាក្វាយអ័រ (Harry Maguire) មកដល់៕ ប្រែសម្រួល: ពិសិដ្ឋ
