ក្នុងពេលដែលប្រជាពលរដ្ឋខ្មែរយើង កំពុងព្រួយបារម្ភពីការឆ្លងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី កូរ៉ូណា វីរុស ដែលកំពុងឆ្លងរាលដាលចេញពីប្រទេសចិន នៅក្នុងប្រទេសកម្ពុជាយើង បែរជាម៉ាស់ឡើងថ្លៃ ដែលនាំឲ្យអ្នកប្រើហ្វេសប៊ុក បង្ហោះព្រោងព្រាត នៅព្រឹកថ្ងៃទី២៧ ខែមករា។
នៅលើហ្វេសប៊ុក គេឃើញសារបង្ហោះថា ជំងឺរលាកសួតថ្មី coronavirus អាចមិនសាហាវ ដូចជាជំងឺ “អត់លុយទិញម៉ាស់” ទេ។ ក្នុងនោះ ម៉ាស់ប្រភេទ 3M មួយ ថ្លៃពី ១០ ដុល្លារ ទៅ ១៥ដុល្លារ។
ចំណែកគ្រូពេទ្យម្នាក់ បានបង្ហោះសារថា ម៉ាស់ប្រភេទ 3M ធម្មតា ១ ថ្លៃ ២០០០រៀល។ ក៏ប៉ុន្តែ នៅព្រឹកនេះ ក៏មានអ្នកតបសារនឹងគ្រូពេទ្យនេះវិញថា ម៉ាស់នេះ មួយ ៥ដុល្លារ។ លោកទើប កម្មង់គេទិញ ២។
ដោយឡែក ម៉ាស់ធម្មតា ដែលពីមុន ធ្លាប់ទិញ ២ តម្លៃ ៥០០ រៀល គឺនៅព្រឹកថ្ងៃទី២៧ ខែមករា ម៉ាស់ ១ ថ្លៃ ១៥០០ រៀល។
យ៉ាងណាក៏ដោយ គ្រូពេទ្យ បានបញ្ជាក់ថា ម៉ាស់មុខធម្មតា ការពារវីរុស មិនបានទេ។ ជាវិធីការពារល្អ គឺត្រូវនៅអោយឆ្ងាយពីអ្នកឈឺ ឬអ្នកសង្ស័យថា កើតជំងឺរលាកផ្លូវដង្ហើម២ម៉ែត្រ។
ក្នុងពេលអ្នកលក់ម៉ាស់ នៅភ្នំពេញ ភាគច្រើន ឡើងថ្លៃនេះ ក៏មានម្ចាស់កន្លែងលក់ថ្នាំពេទ្យ មួយកន្លែង បានបង្ហោះសារលើហ្វេសប៊ុកថា តាមធម្មតា ម៉ាស់ធម្មតា លោកលក់ថ្លៃ ១,២ ដុល្លារ ក្នុង ១ប្រអប់។ តែដោយសារតែមានប្រជាពលរដ្ឋយើង ត្រូវការម៉ាស់ ដោយសារព្រួយបារម្ភ នឹងការឆ្លងរាលដាលជំងឺរលាកសួតប្រភេទថ្មី។ ដូច្នេះលោកលក់ម៉ាស់នេះ បញ្ចុះតម្លៃ ត្រឹមតែ ១ដុល្លារ ក្នុង ១ប្រអប់ប៉ុណ្ណោះ។
ចំណែកនៅច្រកព្រំដែនកម្ពុជា-ថៃ នៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អាជ្ញាធរសមត្ថកិច្ច បានចាប់ផ្តើមចែកម៉ាស់ ដោយឥតគិតថ្លៃដល់អ្នកធ្វើដំណើរឆ្លងដែនចេញ ចូលប្រទេសកម្ពុជា និងប្រទេសថៃ ដើម្បីសុវត្ថិភាព និងសុខភាពជូនប្រជាពលរដ្ឋ។
យ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃទី២៧ ខែមករា ក្រសួងសុខាភិបាល បានប្រកាស អំពាវនាវ ដល់កន្លែងលក់ថ្នាំពេទ្យ សូមកុំលក់ម៉ាស់ឡើងថ្លៃ ខណៈដែលប្រជាពលរដ្ឋយើង ត្រូវការម៉ាស់ ដោយសារតែបារម្ភនឹងការឆ្លងរាលដាលជំងឺរលាកសួត កូរ៉ូណា វីរុស។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានប្រកាសព្រមាន ចាត់វិធានការផ្លូវច្បាប់ ទៅលើអ្នកលក់ម៉ាស់ (Mask) ដែលដំឡើងថ្លៃ។
មកដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានប្រកាសថា ប្រទេសកម្ពុជាយើង មិនទាន់ឆ្លងជំងឺរលាកសួតថ្មី កូរ៉ូណា វីរុស នៅឡើយទេ ខណៈដែលនៅប្រទេសចិន អ្នកស្លាប់ កើនដល់ ៨០នាក់ រីឯអ្នកឆ្លងវិរុសដ៏សាហាវនេះ កើនលើស ២.៧០០ករណីហើយ។ ក្នុងនោះ ប្រទេសជាង ១០ផ្សេងទៀត ក៏កើតមានជំងឺរលាកសួត កូរ៉ូណា វីរុស ដូចជា នៅថៃ និង វៀតណាម ជាដើម។
យ៉ាងណាក៏ដោយចុះ អ្នកលក់ឱកាសនិយម ដែលតែងតែឡើងថ្លៃដូច្នេះ បានកើតមានយូរមក ហើយនៅកម្ពុជាយើង។ ក្នុងនោះ ពេលបុណ្យទាន ទំនិញសព្វសារពើ តែងតែឡើងថ្លៃ។ សេវាដឹកជញ្ជូន ឡានឈ្នួល ឡានក្រុង ក៏ឡើងថ្លៃ នៅពេលមានបុណ្យទានធំៗម្តងៗ។ និយាយពីកន្លែងសេវាកម្សាន្ត ម្ហូបអាហារ តូបអង្គុយលេងនៅតាមតំបន់ទេសចរណ៍មួយចំនួន ក៏ឡើងថ្លៃ នៅពេលបុណ្យ ដែលមានមនុស្សទៅលេងច្រើនដែរ។
នៅពេលនេះទៀត ក្នុងពេលប្រជាជនយើង ភ័យបារម្ភពីការឆ្លងជំងឺកាចសាហាវរលាកសួត ថ្មីនេះ ក៏ផ្អើលនាំគ្នាទៅទិញម៉ាស់ បែរជាអ្នកលក់មួយចំនួន ដំឡើងថ្លៃម៉ាស់តាមអំពើចិត្ត ទៅវិញ។ ការឡើងថ្លៃទំនិញខ្ពស់ហួសហេតុនេះ ក៏ធ្លាប់កើតមានញឹកញាប់ក្នុងសង្គមកម្ពុជា យើង ដូចជាកាលពីឆ្នាំ២០០០ ផ្អើលទិញសណ្តែកខៀវ យកមកបបរហូប ដើម្បីកុំឲ្យកើតជំងឺ។ កាលណោះ សណ្តែកខៀវ ១គីឡូក្រាម ឡើងថ្លៃដល់ទៅ ២០ដុល្លារ។
គេនៅចាំបានទៀត ក្រោយព្រឹត្តិការណ៍ផ្អើលជាន់គ្នាស្លាប់ នៅកោះពេជ្រ កាលពីឆ្នាំ២០១០ ក៏នាំគ្នាផ្អើលទិញចេកណាំវ៉ា សែនមុខផ្ទះ ដើម្បីកុំឲ្យព្រលឹងអ្នកស្លាប់នៅកោះពេជ្រ មកយក។ ហេតុការណ៍កាលណោះ នាំឲ្យចេកណាំវ៉ា ឡើងថ្លៃដល់ទៅ ១ស្និត ១០ដុល្លារ។
ដូច្នេះ សង្គមខ្មែរយើង ពិសេសអ្នកលក់ទំនិញ និយាយជារួម ហើយនៅពេលនេះ និយាយ ដោយឡែក គឺអ្នកលក់ម៉ាស់ គួរតែកុំដំឡើងថ្លៃតាមចិត្ត ឲ្យខ្ពស់ហួសហេតុពេក។ គួរតែគិតពី គុណធម៌ខ្លះផង។ ម្យ៉ាងទៀត ការលក់ម៉ាស់ក្នុងតម្លៃធម្មតា សមរម្យក៏ចាត់ទុកជាការធ្វើបុណ្យ កុសល និងចូលរួមក្នុងសង្គម ដើម្បីការពារការឆ្លងរាលដាលជំងឺផ្លូវដង្ហើម ពិសេសជំងឺប្រភេទថ្មី ដែលផ្អើលនាពេលនេះ។
ជាមួយគ្នានេះ អាជ្ញាធរសមត្ថកិច្ច ពិសេសក្រសួងសុខាភិបាល ក៏គួរតែប្រើប្រាស់យន្តការ ខ្សែបណ្តោយរបស់ខ្លួន ចុះអប់រំ ណែនាំ និងហាមឃាត់ ការឡើងថ្លៃម៉ាស់បែបនេះ។ បើសិន ជាកន្លែងលក់ម៉ាស់ ឬកន្លែងលក់ថ្នាំពេទ្យណា ដែលឡើងថ្លៃទំនិញ ពិសេសម៉ាស់ ខ្ពស់ហួស ហេតុ ដូចគេបានបង្ហោះតាមហ្វេសប៊ុកមែន ក្រសួងគួរតែចាត់វិធានការ ព្រមាន ហើយបើនៅ តែមិនស្តាប់ គឺបិទកន្លែងលក់នោះតែម្តង៕ ដោយ៖ ម៉េងឆៃ