អាជ្ញាធរចិនបាននិយាយកាលពីថ្ងៃអង្គារទី២៨មករាថា ចំនួនមនុស្សស្លាប់ពីការផ្ទុះវីរុសនៅចិនបានកើនឡើងដល់១០៦នាក់និង ជិត១.៣០០នាក់ទៀតបានឆ្លងក្នុងរយៈពេលតែ១ថ្ងៃ។
គណៈកម្មាធិការសុខាភិបាលក្នុងខេត្តហ៊ូប៉ី(Hubei) ដែលជាស្នូលនៃការផ្ទុះកូរ៉ូណាវីរុស បាននិយាយថា មនុស្ស២៤នាក់ទៀតបានសម្លាប់ពីវីរុសនេះនិង១.២៩១នាក់ទៀតបានឆ្លង ជាហេតុធ្វើឲ្យចំនួនមនុស្សឆ្លងសរុបនៅទូទាំងប្រទេសចិនកើនដល់ជាង៤.០០០នាក់។
ក្នុងពេលជាមួយគ្នា រដ្ឋបាលអន្តោប្រវេសន៍ជាតិចិនបានលើកទឹកចិត្តពលរដ្ឋចិនឲ្យពិចារណាកាត់បន្ថយការធ្វើដំណើរចេញក្រៅប្រទេសដើម្បីកាត់បន្ថយចលនាមនុស្សកាត់ព្រំដែននិងជួយទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស។
ចំណែកក្រសួងអប់រំចិនបានប្រកាសពន្យារពេលឈប់សម្រាករបស់សិស្សដោយគ្មានកាលកំណត់ដោយសារតែការផ្ទុះវីរុសនេះ ហើយពេលចូលរៀនវិញវាអាស្រ័យលើស្ថានភាពសុខាភិបាលនៅតាមតំបន់នីមួយៗ។
នៅពេលការឆ្លងរាលដាលបន្តរីកទៅកាន់ផ្នែកផ្សេងៗនៃពិភពលោក អគ្គនាយកអង្គការសុខភាពពិភពលោក កំពុងធ្វើទស្សនកិច្ចក្រុងប៉េកាំងដើម្បីវាយតម្លៃចម្លើយតបចំពោះវីរុសកំណាចនេះ។
ស្រីលង្កានិងកម្ពុជាជាប្រទេសអាស៊ីចុងក្រោយគេដែលបានរកឃើញកូរ៉ូណាវីរុសក្នុងខ្លួនអ្នកទេសចរចិនកាលពីថ្ងៃចន្ទ។
មន្ត្រីសុខាភិបាលស្រីលង្កាបានឲ្យដឹងថា ស្ត្រីចិនវ័យខ្ទង់៤០ឆ្នាំ បានធ្លាក់ខ្លួនឈឺកាលពីថ្ងៃ២៥មករា និងទើបត្រូវបញ្ជាក់ថាមានផ្ទុកកូរ៉ូណាវីរុសកាលពីថ្ងៃចន្ទទី២៧មករា។វាជាករណីរកឃើញវីរុសនេះលើកទី១ក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។
អាជ្ញាធរសុខាភិបាលអាឡឺម៉ង់ក៏បានអះអាងអំពីការរកឃើញករណីអ្នកផ្ទុកវីរុសនេះលើកដំបូង។អ្នកនាំពាក្យក្រសួងសុខាភិបាលអាឡឺម៉ង់ បាននិយាយថា បុរសនៅតំបន់ស្តាប៊ឺក បានឆ្លងកូរ៉ូណាវីរុស និងត្រូវបានព្យាបាលនៅដាច់ពីគេ។
កាលពីថ្ងៃចន្ទនេះដែរ ក្រសួងការបរទេសអាម៉េរិកបានព្រមានកុំឲ្យពលរដ្ឋអាម៉េរិកទៅកាន់ទីក្រុងវូហាន ហើយបញ្ជាឲ្យបុគ្គលិកអាម៉េរិកមិនសំខាន់ រួមទាំងសមាជិកគ្រួសាររបស់គេចាកចេញពីខេត្តហ៊ូប៉ី។
ម៉ុងហ្គោលី កាន់តែចាត់វិធានការខ្លាំងជាងគេ ដោយប្រកាសបិទព្រំដែនជាមួយចិន ហើយហុងកុងនិងម៉ាឡេស៊ីហាមមិនឲ្យអ្នកទេសចរចិនមកពីខេត្តហ៊ូប៉ីចូល ក្រោយពីមន្ត្រីចិនបានព្រមានថាការចម្លងរបស់វីរុសនេះកាន់តែរីកធំ៕ប្រែសម្រួល៖វាសនា/Ha

អ្នកក្រុងហុងកុងតម្រៀបជួររង់ចាំចូលទិញម៉ាសមុខការពារវីរុស