ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្ដេចតេជោបានអនុញ្ញាតឲ្យលោកស្រី Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជាចូលជួបសម្ដែងការគួរសមនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២៨ ខែមករា ២០២០ ។ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យលោកស្រីឯកអគ្គរដ្ឋទូតបន្តជំរុញកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងស្វែងរកវិស័យថ្មីៗដើម្បីបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែនបានមានប្រសាសន៍ថា: លោកស្រីឯកអគ្គរដ្ឋទូតគុយបាបានមានប្រសាសន៍ថាលោកស្រីពិតជាមានកិត្តិយសណាស់ដែលបានមកបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ។លោកស្រីបានថ្លែងអំណរគុណចំពោះសម្តេចតេជោហើយក៏បានមានប្រសាសន៍ថា ទំនាក់ទំនងរវាងប្រទេសកម្ពុជានិងប្រទេសគុយបាគឺមានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមិត្តភាពនិងជិតស្និទ្ធ ហើយក៏ជាទំនាក់ទំនងមួយដែលមានរយៈពេលជាង ៦០ ឆ្នាំមកហើយ ។
លោកស្រីបានបន្តថា បេសកកម្មរបស់លោកស្រីមកកាន់ប្រទេសកម្ពុជានាពេលនេះគឺដើម្បីពង្រីកនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត ជាពិសេសវិស័យសុខាភិបាល វិស័យអប់រំ និង វិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និង វិស័យផ្សេងៗទៀត ។
ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានអបអរសាទរចំពោះលោកស្រីដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅកម្ពុជា ។ សម្តេចតេជោបានយល់ស្របជាមួយនឹងការវាយតម្លៃរបស់លោកស្រីឯកអគ្គរដ្ឋទូតក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរតាមរយៈការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗដែលយើងមានរួចជាស្រេចមកហើយ ។
សម្ដេចតេជោបានផ្ដល់អនុសាសន៍ឱ្យលោកស្រីឯកអគ្គរដ្ឋទូតពិនិត្យមើលកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានចុះហត្ថលេខារួចហើយដើម្បីជំរុញទៅតាមអ្វីដែលបានចុះហត្ថលេខានិងពិនិត្យមើលទៅលើវិស័យផ្សេងៗទៀតដែលប្រទេសទាំងពីរអាចធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាបាន។ជាទីបញ្ចប់ សម្ដេចបានជូនពរឲ្យលោកស្រីឯកអគ្គរដ្ឋទូតបំពេញបេសកកម្មដោយជោគជ័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕/Ha