ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ប្រាប់ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជាថាទំនាក់ទំនងនយោបាយរឹងមាំគឺផ្តើមចេញពីទំនាក់ទំនងពាណិជ្ជកម្មល្អ ។ ក្នុងន័យនេះសម្តេចតេជោបានស្នើឲ្យទូតអូស្ត្រាលីយកចិត្តទុកដាក់ទៅលើការជំរុញកិច្ចសហការលើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។

សម្ដេចតេជោថ្លែងបែបនេះនៅក្នុងឱកាសអនុញ្ញាតឲ្យលោក ប៉ាប៊ីអូ ជីហូ កាំង (Pabio Chiho Kang) ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជាចូលជួបសំដែងការគួរសមនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រីនាព្រឹកថ្ងៃទី ២៨ ខែមករា ២០២០ ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា៖សម្ដេចឯកភាពចំពោះអ្វីដែលលោក Pabio Chiho Kang បានលើកឡើងជាពិសេសចំពោះ ការយកចិត្តទុកដាក់ទៅលើកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ។ ក្នុងន័យនេះសម្ដេចមានប្រសាសន៍ថាទំនាក់ទំនងនយោបាយរឹងមាំគឺផ្តើមចេញពីទំនាក់ទំនងពាណិជ្ជកម្មនេះឯង ។

នៅក្នុងជំនួបនោះលោក Pabio Chiho Kang បានសំដែងការរីករាយដោយត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជាពេលនេះ ។ លោកមានប្រ សាសន៍ថានេះគឺជាបេសកកម្មគួរជាទីរីករាយមួយជាពិសេសមកកាន់ប្រទេសដែលមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អជាមួយអូស្ត្រាលី។លោកបានជម្រាបជូនសម្ដេចថានៅពេលនេះអូស្ត្រាលីកំពុងបង្វែរកិច្ចសហប្រតិបត្តិការរវាងអូស្ត្រាលីនិងកម្ពុជាទៅលើកិច្ចសហប្រតិ បត្តិការរវាងស្ថាប័ននិងស្ថាប័នតែម្ដងក្នុងនោះគឺកំពុងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងនានានៅកម្ពុជាដូចជាក្រសួងហិរញ្ញវត្ថុលើវិស័យពន្ធដារ,ក្រសួងរ៉ែនិងថាមពល,ក្រសួងសាធារណការនិងដឹកជញ្ចូន, ក្រសួងសុខាភិបាល,ក្រសួងមហាផ្ទៃ,ក្រសួងកសិកម្មក៏ដូចជាក្រសួងការពារជាតិផងដែរ។
លោកឯកអគ្គរដ្ឋទូតបានបន្តថាក្នុងបេសកកម្មកាទូតរបស់លោកមកកាន់កម្ពុជានៅពេលនេះលោកនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នទាំងអស់ជាមួយកម្ពុជាហើយក៏ផ្ដោតកិច្ចសហប្រតិបត្តិការជាពិសេសទៅលើវិស័យពាណិជ្ជកម្ម ។លោកមានប្រសាសន៍ទៀតថាប្រទេសអូស្ត្រាលីបើកចំហជូនប្រជាជនកម្ពុជាដើម្បីទៅធ្វើទស្សនកិច្ចទៅវិនិយោគក៏ដូចជាដើម្បីទៅបន្តការសិក្សានៅទីនោះផងដែរ ។ ក្នុងន័យនេះលោកមានប្រសាសន៍ថាលោកនឹងយកចិត្តទុកដាក់ជាពិសេសលើបញ្ហាវិនិយោគនិងបញ្ហាពាណិជ្ជកម្មតែម្ដងជាមួយនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។

ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍និងសំដែងការអបអរសាទរចំពោះលោក Pabio Chiho Kang ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាពរបស់ប្រទេសអូស្ត្រាលីនៅកម្ពុជា ។ សម្ដេចយល់ស្របចំពោះការលើកឡើងរបស់លោក Pabio Chiho Kang ចំពោះទំនាក់ទំនងរវាង ប្រទេសទាំងពីរ ។
សម្ដេចមានប្រសាសន៍ថាជាការពិតកម្ពុជានិងអូស្ត្រាលីមានទំនាក់ទំនងយ៉ាងច្រើនវិស័យជាមួយនឹងស្ថាប័ននិងស្ថាប័នជាដើមហើយក៏មានទំនាក់ទំនងជាពិសេស ផងដែរក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ,ក្របខណ្ឌអាស៊ាន,ក្របខណ្ឌអាស៊ីបូព៌ាក៏ដូចជាដៃគូកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយផងដែរពីនោះទៅទៀតអូស្ត្រា លីក៏មានកិច្ចសហប្រតិបត្តិការទ្វេភាគីពិសេសជាមួយកម្ពុជាផងដែរ ។ បន្ថែមទៅលើអ្វីដែលលោក Pabio Chiho Kangបានលើកឡើងគឺអូស្ត្រាលីបានជួយដល់កម្ពុជាក្នុងការស្វែងរកសុខសន្តិ ភាពកន្លងមកហើយជាពិសេសទៅទៀតអូស្ត្រាលីកាលពីដើមឡើយបានដាក់អាទិភាពសំខាន់ជួយដល់កម្ពុជាលើវិស័យកសិកម្មហើ យលើវិស័យកសិកម្មនេះអូស្ត្រាលីបានបង្កើតនៅវិទ្យាស្ថានកាឌី(Cardi)មួយដែលវិទ្យាស្ថាននេះបានជួយជំរុញធ្វើឲ្យស្រូវកម្ពុជាទទួលបានទិន្នផលខ្ពស់ពីនោះទៀត បានជួយឲ្យអង្ករកម្ពុជាឱ្យក្លាយទៅជាអង្ករលេខ ១នៅក្នុងពិភពលោកផងដែរ ។

សម្ដេចតេជោក៏បានឯកភាពនិងសំដែងនូវការរីករាយចំពោះអ្វីដែល លោក Pabio Chiho Kang បានលើកឡើងជាពិសេសចំពោះការយកចិត្តទុកដាក់ទៅលើកិច្ច សហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម។ក្នុងន័យនេះសម្ដេចមានប្រសាសន៍ថាទំនាក់ទំនងនយោបាយរឹងមាំគឺផ្តើមចេញពីទំនាក់ទំនងពាណិជ្ជកម្មនេះឯង។សម្ដេចសូមគាំទ្រនូវអ្វីដែល លោក Pabio Chiho Kang បានលើកឡើងក្នុងបេសកកម្មកាទូតរបស់លោកមកកាន់កម្ពុជាពេលនេះ ៕


