ថវិកាសម្តេចតេជោត្រូវបានប្រគល់​​ជូនក្រុមគ្រួសារសពស្លាប់ដោយការ​បាក់រលំសំណង់អគារនៅខេត្តកែប​

ដោយ:បូកគោ/កំពត ៖ ក្រុមគ្រួសារ និងសាច់ញាតិរបស់សពប្រាំពីរនាក់បាត់បង់ជីវិតក្នុងហេតុការណ៍បាក់រលំសំណង់អគារនៅក្រុងកែប ខេត្តកែបកាលពីដើមខែមករាកន្លងទៅបានទទួលថវិកាជាអំណោយ របស់សម្តេចតេជោនាយករដ្ឋមន្ត្រីដែលជាផ្នែកមួយជួយសម្រាលបន្ទុកសម្រាប់ជីវភាពតទៅថ្ងៃមុខ។ ក្នុងនោះក្រុមគ្រួសារនៃសពម្នាក់បានទទួលថវិកានៅភ្នំពេញរួចរាល់ហើយ។

នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ លោកសេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោហ៊ុន សែន ដោយមាការចូលរួមពីសំណាក់លោកជាវ តាយ អភិបាលខេត្តកំពតបានផ្តល់ថវិកាតាមរយៈធនាគារអេស៊ីលីដាជូនគ្រួសារសពរងគ្រោះដោយការបាក់រលំសំណង់អគារនៅខេត្តកែបនាពេលកន្លងទៅ។

ដោយនាំយកប្រសាសន៍រំលែកទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ហេតុការណ៍ដ៏អកុសលនោះ ជំនួយការសម្តេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាថ្វីដ្បិតតែការបាត់បង់ជីវិតរបស់មនុស្សជាករណីមិនអាចគេចផុតបាន ប៉ុន្តែការស្លាប់របស់បងប្អូនទាំងប្រាំមួយនាក់គឺជារឿងអាណោចអធម ខណៈដែលជនរងគ្រោះទាំងអស់ខិតខំបញ្ចេញកម្លាំងធ្វើការដើម្បីទទួលប្រាក់កម្រៃចិញ្ចឹមគ្រួសារ។

ផ្តើមចេញពីការយកចិត្តទុកដាក់គិតគូរបែបនេះហើយ ទើបតាមរយៈថវិកាដែលសប្បុរសជនគល់ជូន សម្តេចសម្រេចធ្វើការបែងចែកដល់កូន ប្រពន្ធ ប្តី ឬឪពុកម្តាយជាសាច់សារលោហិតផ្ទាល់ដើម្បីជាទុនសម្រាប់ប្រកបរបរចិញ្ចឹមជីវិតបន្តទៅថ្ងៃមុខ។ លោកសេង ទៀងបានបញ្ជាក់ទៀតថាទឹកប្រាក់ប្រាំម៉ឺនដុល្លារសម្រាប់សពម្នាក់ៗដែលផ្តល់ជូននេះជាការសម្រាលបន្ទុកមួយផ្នែកដែលសាច់ញាតិអាចយកទៅប្រកបមុខរបរផ្សេងៗបាន។

សូមរំលឹកថាកាលពីរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ មានករណីបាក់រលំសំណង់អគារកម្ពស់ប្រាំមួយជាន់ស្ថិតក្នុងទឹកដីភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។ ហេតុការណ៍នោះបានបណ្តាលឱ្យ កម្មករប្រុសស្រី៣៦នាក់បាត់បង់ជីវិត និង២៣នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។ ក្នុងចំណោមអ្នកស្លាប់ទាំងអស់ មានកម្មករប្រាំពីរនាក់ជាអ្នករស់នៅក្នុងខេត្តកំពត៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular