អត្តបទៈសុផានីតា/កោះកុង៖ខណៈខេត្តព្រះសីហនុត្រូវបានអ្នកជំនាញរកវីរុសកូរ៉ូណាកើតឡើងចំពោះជនជាតិចិននៅព្រឹកថ្ងៃទី២៨ខែមករាលោកប្រធានទីស្នាក់ការត្រួតព្រំដែនអន្តរជាតិចាំយាមសហការជាមួយមន្ត្រីចត្តាឡីស័ក។ជាមួយនោះនគរបាលអន្តោរប្រវេសន៍កាន់តែបង្កើនការទប់ស្កាត់យ៉ាងខ្លាំងតាមរយៈការចែកម៉ាសការពារជាង១ម៉ឺនម៉ាសបូករួមការសារអប់រំណែនាំដល់អ្នកដំណើរឆ្លងកាត់ព្រំដែនចាំយាមឆ្ពោះទៅប្រទេសថៃផងដែរ។
យ៉ាងហោចណាស់ក៏មានម៉ាសចំនួន១ម៉ឺនម៉ាសដែលដោយត្រូវបានមន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិចាំយាមខេត្តកោះកុងចែកជូនពលរដ្ឋនិងអ្នកដំណើរឆ្លងកាត់ព្រំដែនឥតគិតថ្លៃហើយគ្រោងនឹងបញ្ជាទិញបន្ថែម១ម៉ឺនម៉ាសទៀតពីប្រទេសថៃត្បិតមានការដាច់ស្តុកក៏ដោយ។នេះបើតាមការបញ្ជាក់របស់លោក សុវណ្ណ ប៊ុនធឿន ប្រធានទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិចាំយាម។
វិធានការប្រុងប្រយ័ត្ន និងទប់ស្កាត់ជំងឺរលាកផ្លូវដកដង្ហើមធ្ងន់ធ្ងរនេះ លោកសុវណ្ណ ប៊ុនធឿនអះអាងថា គឺតបនឹងការព្រួយបារម្ភរបស់រាជរដ្ឋាភិបាលក្រសួងនិងមន្ទីរជំនាញពាក់ព័ន្ធពិសេសបទបញ្ជារបស់លោកស្រីមិថុនាភូថងអភិបាលខេត្តកោះកុងផ្ទាល់តែម្តងដើម្បីយកចិត្តទុកខ្ពស់រួមគ្នាទប់ស្កាត់ការពារឱ្យបាន ជៀសវាងការរីករាលដាលច្រើនឡើង។
លោក ប៊ុន ធឿន បន្ថែមថា តាមដានរករោគសញ្ញាវីរុសកូរ៉ូណា ធ្វើឡើងនៅច្រកទ្វារព្រំដែនចាំយាម អនុវត្តចាប់ពីម៉ោង៦ព្រឹករហូតដល់ម៉ោង១០យប់ជារៀងរាល់ថ្ងៃលុះត្រាតែស្ថានភាពមេរោគមួយនេះសាបរសាត់ទើបបន្ធូរបន្ថយយន្តការរឹតបន្តឹង។សកម្មភាពចែកម៉ាសត្រូវបានពលរដ្ឋនិងសមត្ថកិច្ចដែលឈរនៅព្រំដែនចូលរួមសហការនិងទទួលយកម៉ាសដែលចែកយកប្រើប្រាស់ខណៈពួកគេព្រួយបារម្ភខ្លាំងពេលដឹងថា នៅខេត្តព្រះសីហនុមានផ្ទុះជំងឺប្រភេទថ្មីនេះ។
លោកវេជ្ជបណ្ឌិតទៅម៉ឹងប្រធានមន្ទីរសុខាភិបាលខេត្តកោះកុងក្នុងដំណើរចុះពិនិត្យមន្ត្រីនិងបំពាក់ឧបករណ៍វេជ្ជសាស្ត្រនៅការិយាល័យចត្តាឡីស័កច្រកទ្វារព្រំដែនអន្តរជាតិចាំយាមក្បែរព្រំដែនហាតលិច ខេត្តត្រាតប្រទេសថៃកាលពីរសៀលថ្ងៃទី២៧ខែមករាឆ្នាំ២០២០បានឱ្យដឹងថាការបង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូរ៉ូណានេះធ្វើឡើងយ៉ាងយកចិត្តទុកដាក់បំផុតទៅលើការពិនិត្យមើលទៅអ្នកដែលឆ្លងដែនចូលមកទឹកដីខេត្តកោះកុង តាមច្រកព្រំដែនមួយនេះ។
លោកវេជ្ជបណ្ឌិតទៅមឹុងបានបញ្ជាក់ទៀតថាទោះបីជាព្រំដែនចាំយាមពុំមានម៉ាស៊ីនស្កេនធំៗស្វែងមុខសញ្ញាដូចខេត្តនិងអាកាសយានយន្តក៏ដោយក៏វិធានការសង្គ្រោះបឋមមន្ទីរមានឧបករណ៍វាស់ស្ទង់កំដៅទៅអ្នកដំណើរ។ ប្រសិនបើកំដៅលើស៣៨អង្សាសេឡើងទៅ ក្អក ផ្តាសាយ ហៀរសំបោរ ខ្លាំង គឺនឹងឃាត់ខ្លួនអ្នកឆ្លងដែននោះដោយដឹកជញ្ចូនមកពិនិត្យតាមដានអាការៈបន្តភ្លាមៗមកមន្ទីរពេទ្យបង្អែកខេត្តដែលត្រៀមរៀបចំបន្ទប់មួយដាច់ដោយឡែកពីអ្នកជំងឺទូទៅ។
ក្រៅតែពីការតាមដាននិងទប់ស្កាត់រោគសញ្ញាជំងឺកូរ៉ូណានេះដែរលោកវេជ្ជបណ្ឌិតប្រធានមន្ទីរសុខាភិបាលខេត្តកោះកុងក៏ជំរុញដល់អ្នកពាក់ព័ន្ធទាំងអស់ត្រូវប្រើម៉ាស់ពាក់ការពារផ្លូវដង្ហើមឬលាងសម្អាតដៃជើងនឹងសាប៊ូឱ្យបានញឹកញាប់ជៀសវាងនៅជិតសត្វពាហនៈឈឺងាប់។ហើយត្រូវបរិភោគចំណីអាហារណាដែលមានការចម្អិនល្អគ្រប់ពេល។
នៅខេត្តកោះកុង គេនៅមិនទាន់រកឃើញមាននរណាម្នាក់ផ្ទុក ឬកើតជំងឺកូរ៉ូណានេះនៅឡើយទេ ខណៈតាមច្រកទ្វារព្រំដែនតូចធំៗនិងអាកាសយន្តដ្ឋានតឹងបន្តឹងការចូលប្រទេសកម្ពុជាជាពិសេសពិភពលោកតែម្តងដែលកំពុងមានការព្រួយបារម្ភខ្លាំងចំពោះការរីករាលដាលគំរាមកំហែងដល់អាយុជីវិត។
ដោយឡែកអ្នកដំណើរដែលឆ្លងដែនទៅលេងកម្សាន្តខេត្តត្រាតប្រទេសថៃបានបង្ហាញក្តីកង្វល់ណាស់ពីជំងឺផ្លូវដង្ហើមថ្មីមកប្រភពមកពីប្រទេសចិន។ក៏ទទួលយកនូវការអប់រំណែនាំរបស់រដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរជំនាញទៅអនុវត្ត ដើម្បីជៀសផុតពីជំងឺ៕S/