ថៃកាលពីថ្ងៃអង្គារទី២៨មករាបានបញ្ជាក់អះអាងការរកឃើញអ្នកផ្ទុកកូរ៉ូណាវីរុស៦ករណីទៀត ក្នុងចំណោមភ្ញៀវមកពីប្រទេសចិនជាហេតុធ្វើអោយអ្នកផ្ទុកវីរុសនេះដែលត្រូវបានគេរកឃើញនៅថៃកើនឡើងដល់១៤នាក់។
អគ្គនាយករងនៃនាយកដ្ឋានគ្រប់គ្រងជម្ងឺ លោកថាណារ៉ាក់ ភ្លីប៉ាត បានប្រាប់អ្នកយកព័ត៌មានថា ៥ករណីថ្មី អាយុពី៦ទៅ៧០ឆ្នាំ មកពីខេត្តហ៊ូប៉ីជាផ្នែកនៃគ្រួសារមួយ។អ្នកជម្ងឺម្នាក់ទៀត មកពីក្រុងឆុងឈីញ។
វីរុស ដែលគេជឿថាមានប្រភពចេញពីផ្សារលក់គ្រឿងសមុទ្រនិងសត្វព្រៃមួយនៅក្រុងវូហាន បានរាលដាលទៅកាន់ទីក្រុងផ្សេងៗរបស់ចិន និងប្រទេសមួយចំនួនរួមមានអាម៉េរិក អូស្ត្រាលី កាណាដា បារាំង អាឡឺម៉ង់ ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី វៀតណាម នេប៉ាល់ ស្រីលង្ការ សិង្ហបុរីនិងកម្ពុជា។
សិង្ហបុរីកាលពីថ្ងៃអង្គារ បានអះអាងអំពីការរកឃើញអ្នកផ្ទុកកូរ៉ូណាវីរុសករណីទី៥លើខ្លួនស្ត្រីវ័យ៥៦ឆ្នាំមកពីក្រុងវូហាន។
វីរុសនេះឥឡូវចម្លងទៅមនុស្សជាង៤.៥០០នាក់នៅចិន ក្នុងនោះ១០៦នាក់បានស្លាប់។
ប្រឈមនឹងសភាពការណ៍ធ្ងន់ធ្ងរនេះ ចិនបានកេណ្ឌបុគ្គលិកពេទ្យជិត៦.០០០នាក់មកពីទូទាំងប្រទេសនិងបញ្ជូនទៅកាន់ទីក្រុងវូហាន ក្នុងខេត្តហ៊ូប៉ី ដើម្បីប្រយុទ្ធទល់នឹងកូរ៉ូណាវីរុស។

មន្ត្រីសុខាភិបាលម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា បុគ្គលិកពេទ្យ៤.១៣០នាក់ ចែកជា៣០ក្រុមបានទៅដល់និងចាប់ផ្តើមធ្វើការ។បុគ្គលិកពេទ្យ១.៨០០នាក់ទៀតត្រូវទៅដល់នៅយប់ថ្ងៃអង្គារ៕ប្រែសម្រួល៖វាសនា
ថៃឥឡូវស្គែនរករោគសញ្ញាលើគ្រប់ភ្ញៀវមកពីចិន។ចិនជាប្រភពធំបំផុតទេសចរណ៍ថៃ ដោយកាលពីឆ្នាំមុនភ្ញៀវចិនជិត១១លាននាក់បានទៅលេងប្រទេសថៃ